ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នេះ គឺជំរុញកែប្រែ និងធ្វើទំនើបកម្ម រចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ឈានទៅឧស្សាហកម្មផ្អែកលើជំនាញ ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ សំដៅរួមចំណែកដល់ការបង្កើតតម្លៃបន្ថែមខ្ពស់។
សម្តេចធិបតី បានថ្លែងបន្តថា វិធានការនេះគឺដើម្បីទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន ការបង្កើតការងារ ការបង្កើនប្រាក់ចំណូលសមស្របនិងជីវភាពកាន់តែប្រសើរឡើង ជូនបងប្អូនប្រជាពលរដ្ឋ។ សម្ដេចបន្តថា រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលប្រមូលផ្តុំសកម្មភាពផលិតគ្រឿងបង្គុំយានយន្ត និងបរិក្ខារអេឡិចត្រូនិក សម្រាប់នាំចេញទៅទីផ្សារក្នុងតំបន់និងសកលលោក ដែលការសម្រេចបានចក្ខុវិស័យនេះ នឹងនាំមកជាផ្លែផ្កាវិជ្ជមានជាច្រើន សម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនឡើងថែមទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធរោងចក្រដំឡើងរថយន្តតូយ៉ូតា ដែលមានទុកវិនិយោគ៣៧លានដុល្លារ ក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ មិនមែនគិតតែរឿងរកចំណូលឱ្យប្រជាពលរដ្ឋប៉ុណ្ណោះទេ តែក៏ត្រូវគិតពីការកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ព្រោះបង្កើនជីវភាពរស់នៅរបស់ប្រជាជនមិនមែនបង្កើនតែប្រាក់បៀវត្សរ៍គាត់ទេ តែត្រូវរក្សានូវថ្លៃ ដើម្បីចំណាយរបស់គាត់នេះតិច គាត់មានលទ្ធភាពទិញបានច្រើន ហើយសល់លុយច្រើនសម្រាប់ធ្វើអីផ្សេង អ៊ឹចឹងការរក្សាអតិផរណាទីផ្សារក្នុង១ឆ្នាំ ប៉ុន្មានភាគរយ គឺសំខាន់ខ្លាំងណាស់»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ប្រសិនបើក្នុង ១ឆ្នាំតម្លៃទំនិញឡើង៣០ ឬ៤០ភាគរយនោះ គឺលំបាកណាស់ ដូច្នេះ សម្រាប់ប្រាក់បៀវត្សរ៍ គឺរាជរដ្ឋាភិបាល តែងតែគិតគូរនៅក្នុងការដំឡើងទៅតាមលទ្ធភាព និងខិតខំផលិតផលនានាជូនដល់ប្រជាពលរដ្ឋ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បើនិយាយពីការអភិវឌ្ឍ គឺមិនមែននិយាយតែមួយជ្រុងនោះទេ ដើម្បីផ្គុំគ្នាចេញជាលទ្ធផលជូនប្រជាពលរដ្ឋ។ ដោយឡែកសម្រាប់ការសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា នឹងបានផលជាច្រើនជូនដល់សេដ្ឋកិច្ច និងប្រជាពលរដ្ឋខ្មែរ សំខាន់លើកម្ពស់នូវផលិតភាព លើកកម្ពស់កិត្យានុភាព និងផ្តល់នូវមោទនភាពសម្រាប់ប្រជាជាតិកម្ពុជា៕