ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី០២ ខែឧសភាម្សិលមិញនេះ បណ្តាលឲ្យមនុស្សស្លាប់ ០៣នាក់ និងរបួសធ្ងន់ស្រាល ០៨នាក់ និងបានកើតឡើងចំនួន ០៧លើក ។ ដូច្នេះគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍! មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន! ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក! ពាក់មួកសុវត្ថិភាពម្នាក់ ការពារជីវិតមនុស្សម្នាក់!
ប្រភពដដែលបន្តថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ បានកើតឡើងចំនួន ០៧លើក (យប់ ០៤លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៣នាក់ (ស្រី ០នាក់), រងរបួសសរុប ០៨នាក់ (ស្រី ០០នាក់), រងរបួសធ្ងន់ ០៦នាក់ (ស្រី ០០នាក់) រងរបួសស្រាល ០២នាក់ (ស្រី ០០នាក់) និងមិនពាក់មួកសុវត្ថិភាព ០២នាក់ (យប់ ០២នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៣លើក (ស្លាប់ ០១នាក់, ធ្ងន់ ០១នាក់, ស្រាល ០២នាក់) , មិនគោរពសិទិ្ឋ ០១លើក (ស្លាប់ ០០នាក់, ធ្ងន់ ០១នាក់, ស្រាល ០០នាក់) និងមិនប្រកាន់ស្តាំ ០៣លើក (ស្លាប់ ០២នាក់, ធ្ងន់ ០៤នាក់, ស្រាល ០០នាក់)។
ជាមួយគ្នានេះ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ក៏បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនាថ្ងៃទី០២ ឧសភានេះដែរ រកឃើញយានយន្តល្មើសចំនួន ៣១៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា។
ក្នុងប្រតិបត្តិការនោះ ចំនួនគោលដៅសរុប ៨៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៥៤គ្រឿង, រថយន្តធំ ០២គ្រឿង, រថយន្តតូច ១០៨គ្រឿង និងម៉ូតូ ២៤៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣១៧គ្រឿង រថយន្តធំ ០២គ្រឿង រថយន្តតូច ៨៨គ្រឿង និងម៉ូតូចំនួន ២២៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
លទ្ធផលរយៈពេល២ថ្ងៃគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ បានត្រួតពិនិត្យរថយន្តចំនួន៦០៣គ្រឿង រថយន្តធនធំ២គ្រឿង, រថយន្តធនតូច១៦គ្រឿង និងម៉ូតូ៤៤៥គ្រឿង ក្នុងនោះមានរថយន្តល្មើសចំនួន ៥៥៦គ្រឿង ពិន័យ (៥៥៧ករណី), រថយន្តធនធំចំនួន២គ្រឿង (២ករណី) រថយន្តធនតូចចំនួន១៣៦គ្រឿង(១៣៧ករណី) និងម៉ូតូចំនួន៤១៨គ្រឿង (៤១៨ករណី)។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ដោយ៖តារា