ខេត្តព្រះសីហនុ ៖ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានដំណើេរការជើងហោះហើរលើកដំបូង កាលពីម្សិលមិញ ដោយចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាពេលព្រឹកព្រលឹម។ នៅពេលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ គណៈគ្រប់គ្រងនៃអាកាសយានដ្ឋាន និងក្រុុមការងារបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមហ៊ុនអាកាសចរណ៍ និងអ្នកដំណើរ ដោយអមជាមួយការសំដែងរបាំឆៃយ៉ាំប្រពៃណីជាតិខ្មែរផងដែរ។
សូមបញ្ជាក់ថា ៖ កាលពីថ្ងៃពុធ ទី១ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងបរិវេណ VIP Terminal នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៍ខ្ពង់ខ្ពស់របស់ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមក្នុង “ពិធីបើកសម្ពោធជាផ្លូវការ ក្រុមហ៊ុន អ៊ែរអេស៊ា ខេមបូឌា” និង បើកដំណើរការជើងហោះហើរក្នុងស្រុករបស់ក្រុមហ៊ុនជាលើកដំបូង ក្រោមអធិបតីភាព លោក បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍, លោក លោកស្រី តំណាងព្រឹទ្ធសភា, រដ្ឋសភា និងតំណាងពីក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា, តំណាងអង្គទូតអាស៊ានប្រចាំកម្ពុជា, អ្នកឧកញ៉ា, ឧកញ៉ា ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន អ៊ែរអេស៊ា នៃប្រទេសដទៃទៀត រួមមាន៖ ម៉ាឡេស៊ី ថៃឡង់ដ៏ ហ្វីលីពីន និង ឥណ្ឌូនេស៊ី ដឹកនាំដោយលោក TAN SRI TONY FERNANDES ដែលជាស្ថាបនិកនៃក្រុមហ៊ុន អ៊ែរអេស៊ា អេវីអេសិន គ្រុប និងជាម្ចាស់ក្រុមហ៊ុនសម្ព័ន្ធមេ Capital A និងភ្ញៀវជាតិ និងអន្តរជាតិ មកពីក្រុមហ៊ុនពាក់ព័ន្ធជាច្រើនរូបទៀត។
ពិធីបើកសម្ពោធជាផ្លូវការនេះ ជាសក្ខីភាពក្នុងព្រឹត្កិការណ៍ជាប្រវត្តិសាស្រ្តដ៏សំខាន់ក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជា ដែលជាតឹកតាងមួយបង្ហាញពីភាពរីកចម្រើនរបស់កម្ពុជាលើវិស័យដឹកជញ្ជូន និងបានបង្ហាញពីទំនុកចិត្តបន្ថែមទៀតរបស់ធុរជនមកលើសក្ដានុពលរបស់កម្ពុជា។ ជាមួយគ្នានេះ យើងសង្ឃឹមថា ជើងហោះហើរក្នុងស្រុក (ភ្នំពេញ, សៀមរាប, ព្រះសីហនុ) របស់ក្រុមហ៊ុន អ៊ែរអេស៊ា នឹងរួមចំណែកដល់ការរីកចម្រើនវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការផ្ដល់នូវភាពងាយស្រួលបន្ថែមទៀតដល់ភ្ញៀវទេសចរណ៍ក្នុងការធ្វើដំណើរ និងចំណេញពេលវេលា៕