ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ១០ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ គ្រុប (Toyota Tsusho Corporation) ដឹកនាំដោយ លោក ICHIRO KASHITANI ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ និង ឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង (ខេមបូឌា) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ ដែលបានធ្វើទស្សនកិច្ចនៅកម្ពុជាដើម្បីចូលរួមក្នុងពិធីសម្ពោធបើកដំណើរការរោងចក្រ តម្លើងរថយន្ត Toyota នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ កាលពីម្សិលមិញ ។
សម្ដេចតេជោមានប្រសាសន៍ថា នេះជាលើកទី១ ហើយដែលសម្ដេច បានទទួលគណៈប្រតិភូក្រុមហ៊ុនបរទេសទី១ នៅវិមានព្រឹទ្ធសភានេះ សម្ដេចបានលើកឡើងថាអគារនេះ ត្រូវបានសាងសង់ឡើងដោយ ព្រះករុណា សម្តេចព្រះនរោត្តម សីហនុ នៅពេលដែលព្រះអង្គជាប្រមុខរដ្ឋ ហើយអគារនេះនឹងត្រូវរក្សាទុកជាប្រវត្តិសាស្ត្រ ដែលពុំមានការរុះរើ ឬកែប្រែអ្វីទៅជាទំនើប ឡើយ។
សម្តេចបានលើកឡើងថា សម្តេចក៏បានតាមដានការផ្សាយបន្តផ្ទាល់ការសម្ពោធក្រុមហ៊ុន Toyota កាលពីម្សិលមិញ សម្តេចបានចាត់ទុកថា វាគឺជាសមិទ្ធផលមួយដែលកម្ពុជាទទួលបាន បន្ទាប់ពីមានការផ្លាស់ប្តូរថ្នាក់ដឹកនាំពីជំនាន់ចាស់ ទៅថ្នាក់ ជំនាន់ថ្មី ដែលបានប្រព្រឹត្តទៅត្រឹមត្រូវ ហើយមិនមានចលាចល ឬការប្រែប្រួល ផ្ទុយទៅវិញគឺមានដំណើរការអភិវឌ្ឍស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចនៅដំណើរការល្អប្រសើរ ហើយការបើកសម្ពោធរោងចក្រតូយ៉ូតានេះ ជាភស្តុតាងស្រាប់។
លោក ICHIRO បានសម្ដែងការគោរព និងអរគុណចំពោះសម្ដេចតេជោ ប្រធានព្រឹទ្ធសភាដែលបានទទួលគណៈប្រតិភូរបស់លោក ហើយលោកបានសម្តែងការរីករាយណាស់ និងរំភើបដែលសម្តេចមានប្រសាសន៍ប្រាប់ថា គណៈប្រតិភូរបស់លោកគឺជាភ្ញៀវក្រុមហ៊ុនបរទេសទី១ ដែលបានចូលជួបសម្តែងការគួរសមនៅទីនេះ ហើយលោក បានបញ្ជាក់ថានេះគឺជាកិត្តិយសខ្លាំងណាស់ដែល សម្តេចធិបតី នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធបើកឲ្យដំណើរការក្រុមហ៊ុនតូយ៉ូតា កាលពីម្សិលមិញនេះ
លោក ក៏បានប្ដេជ្ញាថានឹងខិតខំប្រឹងប្រែងអនុវត្តតាមអនុសាសន៍ណែនាំរបស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា ក៏ដូចជា សម្ដេចធិបតីនាយករដ្ឋមន្ត្រីកាលពីម្សិលមិញ ហើយនឹងខិតខំដំណើរការរោងចក្រនេះ ឲ្យប្រកបដោយជោគជ័យ ជាមួយគ្នាដែរលោកក៏បានជម្រាបជូនសម្ដេចពីប្រវត្តិ របស់ក្រុមហ៊ុន Toyota ដែលបានចូលមកកម្ពុជាតាំងពីឆ្នាំ១៩៩១ ដោយមានជាដំណាក់កាល៖
– ១៩៩៣ បានបង្កើតឈ្មោះ T.TH.K ទទួលសិទ្ធជាកន្លែងផ្តល់សេវាកម្មតូយ៉ូតា បង្កើត ការិយាល័យ តូយ៉ូតា ស៊ុយស៊ូ នៅក្រុងភ្នំពេញ
– ២០០៩ បង្កើត តូយ៉ូតា (ខេមបូឌា) ឯ.ក ទទួលសិទ្ធជាអ្នកចែកចាយរថយន្តតូយ៉ូតា
– ២០១៤ បង្កើត តូយ៉ូតា ស៊ុយស៊ូ ហ្វានែន (ខេមបូឌា) ឯ.ក
– ២០១៦ បង្កើត សួនឧស្សាហ៍កម្មប៉ោយប៉ែត ជាផ្នែកមួយនៃវិស័យឧស្សាហ៍កម្ម
-២០២២បង្កើត រោងចក្រដំឡើងរថយន្ត តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង (ខេមបូឌា) ឯ.ក
ហើយ ឆ្នាំនេះជាឆ្នាំខួបទី ៣១ របស់ក្រុមហ៊ុន ក្នុងការចាប់ផ្ដើមអាជីវកម្មក្នុងប្រទេសកម្ពុជា ហើយ លោកបានសង្កេតឃើញថាកម្ពុជា បានសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្រោមដំបូលសន្តិភាព។
គណៈប្រតិភូក៏បានគោរពរាយការណ៍ជូនសម្តេច នូវតួនាទី និងការទទួលខុសត្រូវ ខុសគ្នាៗ រៀងខ្លួន
ដោយសារនៅក្នុងក្រុមហ៊ុនគឺមានផ្នែកផ្សេងៗគ្នាជាច្រើន ដូចជាផ្នែកហិរញ្ញវត្ថុ ផ្គត់ផ្គង់ ការផលិតគ្រឿងបង្គុំឧបករណ៍ផ្សេងៗ ហើយបច្ចុប្បន្នក៏រោងចក្រនៅតំបន់ប៉ោយប៉ែត ស្ថិតនៅក្នុងសួនតេជោ (Techo Park ) ហើយក៏បានទាក់ទាញក្រុមហ៊ុនជប៉ុនជាច្រើនបន្ថែមទៀតវិនិយោគរោងចក្រនៅទីនោះមានដូចជា ក្រុមហ៊ុនយ៉ាសាគី ផលិតភ្លើងបង្គុំ ខួរក្បាលឡានជាដើម លោកក៏បានរៀបរាប់ពីរោងចក្រនៅភ្នំពេញនេះ ដែលនឹងផលិតរថយន្តមានដូចជា Toyota Hilux និង Toyota Fortuner ដោយមានកម្មករប្រមាណ១៥០នាក់
លោកបានលើកឡើងដែរថាកា កាលពីម្សិលមិញ សម្ដេចធិបតី នាយករដ្ឋមន្ត្រីបានណែនាំអោយបង្កើតអោយមានសាលាហ្វឹកហ្វឺន ធនធានមនុស្សនៅកម្ពុជាក្នុងវិស័យរថយន្តនេះ។
លោក ឧកញ៉ា គង់ នួន បានថ្លែងអំណរគុណសម្តេច និងបានជម្រាបជូន សម្ដេចតេជោថា ការសម្ពោធរោងចក្រឲ្យដំណើរការដំឡើងរថយន្តនេះ គឺជាមោទនភាពមួយទៀតសម្រាប់កម្ពុជា ពីព្រោះដោយសារឡានផលិត នៅកម្ពុជានេះ គឺនឹងដាក់លេខកូដនៅលើ ស៉ាក់ស៊ី បញ្ជាក់ថាផលិតនៅកម្ពុជា។
សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានរំឭកពីប្រវត្តិល្បីល្បាញរបស់ក្រុមហ៊ុនតូយ៉ូតាដែលមានវត្តមាននៅកម្ពុជា ហើយ ប្រជាពលរដ្ឋកម្ពុជា គាំទ្រខ្លាំងជាយូរមកហើយ ហើយនៅពេលដែលសម្ដេចបានចូលមកដល់ភ្នំពេញដំបូង គឺអត់ឃើញមានសេសសល់រថយន្តToyotaទេ គឺសេសសល់ តែសំបកតួរថយន្ត ដែល ប៉ុលពតបានដោះម៉ាស៊ីនរថយន្តទៅធ្វើជាម៉ាស៊ីនបូមទឹក ទុកតែសម្បករថយន្ត ហើយក្រោយមកក្រុមហ៊ុនជប៉ុនបានប្រមូលទិញដែករបស់រថយន្តនោះយកទៅកែច្នៃ។
ពេលដំបូងមកកម្ពុជាយើងប្រើតែរថយន្តរបស់រុស្ស៊ីទេគឺមានដូចជា មូស្កូវិច ឡាដា វ៉ុលកា សម្តេចបានលើកឡើងថា នៅក្នុងឱកាសខួប១០ឆ្នាំនៃការរំដោះប្រទេសពីរបបខ្មែរក្រហម ពេលនោះរដ្ឋាភិបាលបានបញ្ជាទិញរថយន្ត Toyota ដំបូងគឺ១២គ្រឿង ដើម្បីទុកទទួលភ្ញៀវបរទេសដែលអញ្ជើញមកចូលរួមរំលឹកខួបដប់ឆ្នាំនៃការរំដោះកម្ពុជាចេញពីរបបខ្មែរក្រហម ក្រោយការប្រារព្ធពិធីនោះ រថយន្តទាំង១២គ្រឿងនេះត្រូវបានចែកចាយជូនទៅដល់ថ្នាក់ដឹកនាំរបស់កម្ពុជាជំនាន់នោះប្រើប្រាស់។
សម្ដេចតេជោ បានលើកឡើងថា ដំបូងកម្ពុជាពុំមានរថយន្តទេ ប៉ុន្តែបច្ចុប្បន្ននេះគឺជារថយន្តជាង១លានគ្រឿងនិ ងម៉ូតូជាង៥លានគ្រឿង ហើយក៏បង្កការកកស្ទះចរាចរណ៍ ទោះជារាជរដ្ឋាភិបាលខិតខំកសាង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ក៏ដោយ។ សម្តេចតេជោបានសម្ដែងការរីករាយយ៉ាងខ្លាំង ដែលកម្ពុជាមានរោងចក្រដំឡើងរថយន្ត សម្តេចក៏បានរៀបរាប់ផងត្រួសត្រួស នូវការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការប្ដូរថ្នាក់ដឹកនាំជំនាន់ចាស់ទៅជំនាន់ថ្មី ទោះជាសុខភាពរបស់សម្ដេចនៅតែអាចធ្វើជានាយករដ្ឋមន្ត្រីក៏ដោយ ប៉ុន្តែដើម្បីស្ថិរភាព សន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រជាជនយូរអង្វែង គឺសម្ដេចត្រូវធ្វើការលះបង់ដ៏ធំធេងនេះ ។ សម្តេចតេជោបានបន្ថែមទៀតថារយៈពេល៨ខែកន្លងទៅ រាជរដ្ឋាភិបាលបានដំណើរការទៅរលូន ពុំមានបញ្ហាស្ថិរភាព ឬក៏ប្រែប្រួលណាមួយកើតឡើង។ ហើយការសម្ពោធបើកឲ្យដំណើរការរោងចក្រដំឡើងរថយន្តរបស់តូយ៉ូតានាពេលនេះបានបញ្ជាក់យ៉ាងច្បាស់ពីការរីកចម្រើនបន្ទាប់ពីមានការផ្លាស់ប្តូរថ្នាក់ដឹកនាំជំនាន់ចាស់ មកជំនាន់ថ្មី។
សម្ដេចតេជោ បានបន្តទៀតថា អ្វីអ្វីតែងតែនិយាយពីមរតកតេជោ មរតកនោះគឺមានសន្តិភាព និងស្ថិរភាពនយោបាយ ដោយសារសម្ដេចតេជោបានពន្លត់សង្រ្គាម ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រកម្ពុជាជាង៥០០ឆ្នាំ។ ហើយសុខសន្តិភាពបានបន្តមកតាំងពីឆ្នាំ១៩៩៨មក គឺមានរយៈពេល២៦ឆ្នាំហើយ ។ សម្ដេចតេជោ សូមអោយអ្នកវិនិយោគក្រុមហ៊ុនបរទេស មើលឃើញថា កម្ពុជា គឺមានស្ថិរភាពយូរអង្វែងតទៅទៀត ដោយសារថា គណបក្សប្រជាជននៅតែបន្តដឹកនាំកម្ពុជា កម្ពុជានៅតែបន្តមានសន្តិភាពទៅមុខទៀត ដើម្បីអោយអ្នកវិនិយោគជឿជាក់លើកម្ពុជា ដែលប្រទេសមួយចំនួនក្នុងតំបន់មិនមាន ហើយអ្នកវិនិយោគគួរមកវិនិយោគនៅកម្ពុជា។
សម្ដេចតេជោ បានស្នើសុំអោយក្រុមហ៊ុនជួយ បណ្ដុះបណ្ដាលធនធានមនុស្សលើជំនាញរថយន្ត ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់យុវជនចំនួន១,៥លាននាក់ ដោយមិនបង់ថវិកា និងផ្ដល់ថវិកាអោយបន្ថែមទៀតផងដែរ។
សម្ដេចតេជោ បានលើកឡើងថា សម្ដេចតែងរំលឹក មិនថាក្រុមហ៊ុន ជប៉ុន កូរ៉េ និងក្រុមហ៊ុនប្រទេសផ្សេងៗ សូមអោយប្រើរូបមន្ត១បូក បើមានរោងចក្រនៅថៃហើយគួរបង្កើតនៅកម្ពុជា១ថែមទៀត ដើម្បីបំពេញអោយគ្នា ដោយហេតុថាក្នុងករណីរោងចក្រមួយណា មានបញ្ហាកើតឡើងអាចជំនួសគ្នាបាន ឧទាហរណ៍ជាក់ស្ដែង ក្រុមហ៊ុន Minebear ដែលមាននៅថៃផង និង កម្ពុជាផង តាមរូបមន្ត១បូក។
សម្ដេចតេជោ ចង់អោយរោងចក្រនៅកម្ពុជានេះ មិនមែនផលិតសម្រាប់តែទីផ្សារកម្ពុជាទេ គឺចង់អោយផលិតបម្រើទីផ្សារនៅកម្ពុជាផង និងនាំចេញបំពេញទីផ្សារខាងក្រៅផង។
លោក ICHIRO បានថ្លែងអំណរគុណចំពោះពាក្យពេជន៍ដ៏មានអត្ថន័យរបស់ សម្ដេចតេជោ និងបានមានប្រសាសន៍ថា បើពិភពលោកនេះ មានអ្នកដែលមានគំនិតដូច សម្ដេចតេជោ ប្រទេសនានានឹងមានសុខសន្តិភាព ដូចកម្ពុជា ។
មុននឹងបញ្ចប់ លោកបាន ប្ដេជ្ញា នឹងចូលរួមយ៉ាងសកម្ម អនុវត្តតាមអនុសាសន៍របស់ប្រមុខដឹកនាំកម្ពុជា ចូលរួមជាមួយរាជរដ្ឋាភិបាល បង្កើនការផលិត និង ផ្ដល់ការហ្វឹកហ្វឺនជំនាញរថយន្តដល់ប្រជាជនកម្ពុជា៕