សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សារព័ត៌មាន គឺជា​អំណាច​ទី​ ៤ ដែល​អំណាច​នេះ ប្រសិនបើ​ប្រើប្រាស់​ត្រូវ​ គឺមានសារៈសំខាន់​​សម្រាប់​អភិវឌ្ឍ​ប្រទេសជាតិ ថែរក្សា​សន្តិភាព ស្ថិរភាព និង​​ផ្តល់​ថាមពល​ឱ្យ​ប្រជាជន​ក្នុងការ​សម្រេចចិត្ត ក៏ដូចជា ​រាជរដ្ឋាភិបាល​ក្នុងការ​ដាក់ចេញនូវ​វិធានការ​ចាំបាច់កាន់តែមាន​ប្រសិទ្ធភាព

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤​ បានអញ្ជើញជាអធិបតីក្នុងពិធីជួបជុំជាមួយអ្នកសារព័ត៌មានកម្ពុជា លើកទី៦ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័ណ៍កោះពេជ្រ ។

នៅក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអបអរសាទរអ្នកសារព័ត៌មានកម្ពុជា និងអ្នកសារព័ត៌មានទាំងអស់ នៅលើពិភពលោក ក្នុងឱកាសនៃការប្រារព្ធ «ទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា» ដែលនេះជាឱកាសនៃទិវាសេរីភាពសារព័ត៌មានពិភពលោកប្រចាំឆ្នាំលើកទី ៣១ ក្រោមប្រធានបទ «សារព័ត៌មានសម្រាប់ផែនដី : សារព័ត៌មានក្នុងស្ថានភាពនៃវិបត្តិបរិស្ថាន» ដើម្បីជាការអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់លើបញ្ហាបរិស្ថាន ។ ដោយហេតុថា ឆ្នាំ ២០២៤ គឺជាឆ្នាំ ដែលបានកំណត់នូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីសម្រេចបាននូវរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ព្រោះវិបត្តិនៃការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវៈចម្រុះ និងការបំពុលខ្យល់ បានធ្វើឱ្យមនុស្ស ៨៥% នៅក្នុងតំបន់ប្រឈមនឹងហានិភ័យនៃការប៉ះពាល់ កាន់តែខ្លាំង ដូច្នេះ ប្រព័ន្ធផ្សព្វផ្សាយ គឺជាកត្តាគន្លឹះក្នុងការចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់បញ្ហាបរិស្ថានទាំងនេះ ។

ទន្ទឹមនេះ សម្តេចធិបតី បានលើកទ្បើងថា លំហ​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា កាន់តែ​រីកចម្រើន​ធំធាត់​​ និងឆ្ពោះទៅរក្សាបាននូវសណ្តាប់ធ្នាប់ល្អ ។ ស្ថានភាពសេរីភាពនៃការបញ្ចេញមតិនៅតែស្ថិតក្នុងបរិយាកាសអំណោយផល ដោយហេតុថា រដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មានបានធានាឱ្យអ្នក​សារព័ត៌មានអាចរាយការណ៍ដោយសេរី ឈរលើមូលដ្ឋានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ស្របពេលនៃការរីកចម្រើនខ្លាំងក្លាផ្នែកប្រព័ន្ធផ្សព្វផ្សាយឌីជីថល បានបើកទូលាយចំពោះអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយ បង្កលក្ខណៈងាយស្រួលដល់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន និងទីភ្នាក់ងារសារព័ត៌មានបរទេសនានាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ជាក់ស្តែង តាមស្ថិតិក្រសួងព័ត៌មានកម្ពុជាមានអ្នកសារព័ត៌មានប្រមាណ ១០.០០០ នាក់ និងស្ថាប័នសារព័ត៌មានជាង ២.០០០ អង្គភាព ។

ជាមួយនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថា សារព័ត៌មាន គឺជា​អំណាច​ទី​ ៤ ដែល​អំណាច​នេះ ប្រសិនបើ​ប្រើប្រាស់​ត្រូវ​ គឺមានសារៈសំខាន់​​សម្រាប់​អភិវឌ្ឍ​ប្រទេសជាតិ ថែរក្សា​សន្តិភាព ស្ថិរភាព និង​​ផ្តល់​ថាមពល​ឱ្យ​ប្រជាជន​ក្នុងការសម្រេចចិត្ត ក៏ដូចជា ​រាជរដ្ឋាភិបាល​ក្នុងការ​ដាក់ចេញនូវ​វិធានការចាំបាច់នានា កាន់តែមាន​ប្រសិទ្ធភាព ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូវការគោរពសិទ្ធិសេរីភាពសារព័ត៌មាន ការបោះពុម្ពផ្សាយ និងការបញ្ចេញមតិ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យសារព័ត៌មានដើរតួនាទីសំខាន់ និងកាន់តែមានគុណភាព ហើយអ្នកសារព័ត៌មាន ឈរលើគោលការណ៍ជាមូលដ្ឋាននៃការគោរពក្រមសីលធម៌ និង វិជ្ជាជីវៈសារព័ត៌មានពិតប្រាកដ ។ ដោយហេតុថា អ្នកសារព័ត៌មាន​អាជីព ដែលគោរពវិជ្ជាជីវៈ គឺប្រៀបបានជា​កញ្ចក់ ​សម្រាប់ ឆ្លុះ​បញ្ចាំង​ដ៏​មាន​ប្រសិទ្ធភាពអំពីបញ្ហា​សង្គម-សេដ្ឋកិច្ច ដូច្នេះ សូមបងប្អូនសារព័ត៌មានទាំងអស់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌ និង វិជ្ជាជីវៈសារព័ត៌មាន និង សូមចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងលុបបំបាត់ព័ត៌មានបំភ្លៃការពិត មានចរិតបំពុលសង្គម បង្កចលាចលជេរប្រមាថ និងញុះញង់បង្កឱ្យកើតមានអរិភាព និងការបែកបាក់សាមគ្គីភាពជាតិ ។

...

ជាចុងក្រោយ សម្តេចមហាបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះក្រសួងព័ត៌មាន ដែលបានបំពេញតួនាទីក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល លើការជំរុញការអនុវត្តភារកិច្ចប្រកប​ដោយការទទួលខុសត្រូវ និង វិជ្ជាជីវៈអាជីពរបស់អ្នកសារព័ត៌មាន ចំពោះការចុះយកព័ត៌មាន ការចែករំលែកព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មានបានទូលំទូលាយ និងទាន់ពេលទាំងនៅក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ដើម្បីបង្ហាញពីសភាពការណ៍ពិតប្រាកដ ជាក់ស្តែងនៅកម្ពុជា។ ព្រមទាំងបានថ្លែងអំណរគុណចំពោះអ្នកសារព័ត៌មានទាំងអស់ ទាំងក្នុងក្របខ័ណ្ឌរដ្ឋ និងឯកជន ដែលបានចូលរួមយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវវិជ្ជាជីវៈខ្ពស់ ក្នុងការពាំនាំព័ត៌មានពីរាជរដ្ឋាភិបាល និងផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋ ព្រមទាំងពាំនាំព័ត៌មានពីប្រជាពលរដ្ឋមករាជរដ្ឋាភិបាលវិញ ដើម្បីជាផលប្រយោជន៍សង្គម សុខដុមរមនាសង្គម និងចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាយើង ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print