ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសម្រេចលុបឈ្មោះយោធាដែលបានបាញ់បោះស៊េរី នៅខណ្ឌ៧មករា ចេញពីក្របខណ្ឌមន្ត្រីយោធា យោងតាមប្រកាស ចុះថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤។
សូមជម្រាបជូនថា មន្រ្តីយោធាដែលបានបាញ់បោះស៊េរីនោះមានឈ្មោះ ផាត ផានណូ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ឋានន្តរស័ក្តិ វរសេនីយ៍ត្រី បម្រើការងារនៅនាយកដ្ឋានបញ្ជូនសារក្រសួងការពារជាតិ ស្នាក់នៅផ្ទះលេខ ៣៦៧ DE0 ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ២៣៨ ភូមិ០១ សង្កាត់បឹងព្រលឹត។
គួររម្លឹកថា បុរសជាយោធាម្នាក់ ដែលបានបាញ់គំរាមប្រជាពលរដ្ឋអ្នកជិតខាងជាមួយគ្នាចំនួន០៥គ្រាប់ តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នករងរបួស បានធ្វេីឡេីងកាលពីវេលាម៉ោង០៣ និង៤០នាទីនាទីទៀបភ្លឺ ឈានចូលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ក្រោយមកត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌ៧មករា ឃាត់ខ្លួន និងដកហូតអាវុធខ្លី០១ដើម ម៉ាកCZ P.07ផងដែរ៕ដោយ៖តារា