ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកវាលវែង ឃាត់ខ្លួនជនសង្ស័យដៃដល់យ៉ាងឃោឃៅម្នាក់ ក្រោយចាក់សម្លាប់បុរសស្រវឹងខួបម្នាក់ទាំងកណ្ដាលអធ្រាត្រ ខណៈគាត់កំពុងដេកលង់លក់ក្នុងអង្រឹងក្រោមផ្ទះ ដែលករណីនេះគេសង្ស័យអាចផ្ដើមចេញពីភ្លើងប្រចណ្ឌ ។
ហេតុការណ៍ឃាតកម្មចាក់សម្លាប់មនុស្សយ៉ាងឃោរឃៅនេះ បានកើតឡើងនៅវេលាពាក់កណ្ដាលអធ្រាត្រ ថ្ងៃសុក្រ ១០រោច ខែចេត្រ ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ត្រង់ចំណុចក្រោមផ្ទះជនរងគ្រោះជាប់ផ្ទះឪពុកក្មេកជនសង្ស័យ ស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ យ៉ាង សុគុណ ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ បច្ចុប្បន្ន មានទីលំនៅ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ជនរងគ្រោះ(យ៉ាង សុគុណ)មានស្នាមរបួសចំនួន០៣កន្លែង ទី-១ ទ្រូងខាងឆ្វេង ទី-២ ចិញ្ចឹមខាងស្ដាំ និងទី-៣ ថ្ងាសខាងស្ដាំ ។
លោក ឧត្ដមសេនីយ៍ត្រី បញ្ជាក់ទៀតថា ជនសង្ស័យដៃដល់ឈ្មោះ មិន ឈាន ហៅមាន ឈាន ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ បច្ចុប្បន្ន ស្នាក់នៅ ភូមិ.ឃុំកើតហេតុ ជាមួយគ្នា ។ ជនសង្ស័យ បានឆ្លើយសាភាពមុខសមត្ថកិច្ច(ពិតជាបានប្រព្រិត្ត)។ ក្នុងនោះ សមត្ថកិច្ច រកឃើញ វត្ថុតាង កន្រ្តៃ០១ ។
បើតាមការបញ្ជាក់ពីលោក វរសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែង នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ នេះ តាមរយៈទូរស័ព្ទថា មូលហេតុ! អាចផ្ដើមចេញពីភ្លើងប្រចណ្ឌ ព្រោះកាលពីម្សិលមិញជនរងគ្រោះ(យ៉ាង សុគុណ និងជនសង្ស័យដៃដល់ មិន ឈាន ហៅមាន ឈាន)បានហូបចុក(ផឹកស៊ី)ជុំគ្នា ខណៈនោះជនសង្ស័យ(មិន ឈាន ហៅមាន ឈាន)បានខលវីដេអូទៅប្រពន្ធខ្លួននៅឯខេត្តព្រះសីហនុ ស្របគ្នានោះក៍បាននិយាយលេងជាមួយជនរងគ្រោះដែរ ប៉ុន្តែជនរងគ្រោះ(យ៉ាង សុគុណ)បានធ្វើឲ្យជនសង្ស័យដៃដល់(មិន ឈាន)អាក់អន់ចិត្ត និងប៉ះទង្គិចពាកសម្ដីគ្នាត្រង់ចំណុច ជនរងគ្រោះ(សុគុណ)បានថើបប្រពន្ធជនសង្ស័យ ក្នុងទូរស័ព្ទដែលកំពុងខលវីដេអូ លុះនៅវេលាខាងលើ ជនសង្ស័យដៃដល់បានធ្វើសកម្មភាពដោយកន្រ្តៃជាអាវុធ ដូចបានរៀបរបខាងលើ ខណៈនោះអ្នកក្បែខាងបានលឺសំឡេងជនរងគ្រោះ ស្រែកថាអាឈានចាក់អញ អាឈានចាក់អញ ៕ ដោយៈ ប៉ឹម ពិន