គ្រោះទឹកជំនន់និងបាក់ដី នៅឥណ្ឌូនេស៊ី មនុស្ស ១៥នាក់ស្លាប់

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា អាជ្ញាធរនៅក្នុងប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃសៅរ៍ ទី៤ ខែឧសភានេះ បានឱ្យដឹងថាមនុស្សយ៉ាងហោច ១៥នាក់បានស្លាប់ បន្ទាប់ពីមានគ្រោះរអិលបាក់ដី និងទឹកជំនន់ នៅតំបន់ភាគកណ្ដាលនៃប្រទេស ដោយបានបង្កប់ ក៏ដូចជាហូរគួចយកផ្ទះជាច្រើនខ្នង និងបំផ្លាញផ្លូវថ្នល់មួយចំនួនផងដែរ។

គ្រោះរអិលបាក់ដីនៅឥណ្ឌូណេស៊ីតែងតែកើតឡើងជាញឹកញាប់នៅអំឡុងរដូវភ្លៀង តែវាមានសភាពកាន់តែធ្ងន់ធ្ងរពីមួយឆ្នាំទៅមួយឆ្នាំជាពិសេសក្នុងតំបន់មួយចំនួនដែលមានការកាប់បំផ្លាញ ព្រៃឈើ ដោយធ្វើឱ្យរដូវភ្លៀងមានរយៈពេលវែងជាងមុន ជាហេតុនាំឱ្យកើតគ្រោះទឹកជំនន់។ តាមអ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌណេស៊ី លោក Abdul Muhari គ្រោះរអិលបាក់ដីបានកើតឡើងក្នុងស្រុក Luwu នៃខេត្ត South Sulawesi នៅម៉ោងប្រហែល ១រំលងអាធ្រាត្រកាលពីថ្ងៃសុក្រ ឈានចូលថ្ងៃសៅរ៍នេះ។ លោកបន្ថែមថាមនុស្សសរុប ១៤នាក់ បានស្លាប់ដោយគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី ខណៈក្នុងតំបន់ផ្សេងទៀតនៃខេត្តនេះមានមនុស្សម្នាក់បានស្លាប់ និង២នាក់រងរបួសក្នុងគ្រោះទឹកជំនន់កាលពីថ្ងៃសុក្រ។
បើតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌណេស៊ី ផ្ទះជាង ១០០ខ្នង បានរងការខូចខាតធ្ងន់ធ្ងរ និង៤២ខ្នងត្រូវបានទឹកជំនន់គួចយកទៅបាត់ រីឯផ្លូវបួនខ្សែ និងស្ពានមួយ រងការខូចខាត។ ចំណែក មនុស្ស១០០នាក់ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព ហើយ ១៣០០គ្រួសាររងផលប៉ះពាល់។ កាលពីខែមីនាកន្លងទៅ ទឹកជំនន់ និងគ្រោះរអិលបាក់ដី ក៏បានផ្ដាច់ជីវិតមនុស្ស ៣០នាក់ នៅលើកោះ Sumatra ផងដែរ៕

...

រូប​ថត​: antv

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print