សារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ ផ្ញើជូនបង-ប្អូនជនរួមជាតិ ក្នុងទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២៤ ក្រោមប្រធានបទ “ពង្រឹងជំនាញវិជ្ជាជីវៈឆ្មប ដើម្បីលើកកម្ពស់សេវាថែទាំ ព្យាបាល សុខភាពមាតា ទារក និងយុវវ័យ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ”

ចែករំលែក៖

ភ្នំពេញ​៖​ ក្នុងនាមកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ ខ្ញុំមានក្តីសោមនស្សរីករាយដោយបានចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលក្នុងការប្រារព្ធទិវាឆ្មបជាតិ-អន្តរជាតិ ដែលប្រព្រឹត្តទៅនៅ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤នេះ ក្រោមប្រធានបទ “ពង្រឹងជំនាញវិជ្ជាជីវៈឆ្មប ដើម្បីលើកកម្ពស់សេវាថែទាំ ព្យាបាល សុខភាពមាតា ទារក និងយុវវ័យ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ”។

ប្រធានបទនៃទិវាឆ្មបជាតិ-អន្តរជាតិ ឆ្នាំ២០២៤នេះ ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញពីសេចក្តីត្រូវការ ចាំបាច់ក្នុងការពង្រឹងជំនាញវិជ្ជាជីវៈឆ្មប ដើម្បីលើកកម្ពស់សុខភាពមាតា ទារក និងយុវវ័យ ដើម្បីឈានទៅ សម្រេចបានគោលដៅអភិវឌ្ឍន៍មានចីរភាព ព្រោះថាតាមបទពិសោធន៍ជាច្រើននៅជុំវិញពិភពលោក រួមទាំង នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ បានបង្ហាញឱ្យឃើញថាប្រទេសដែលបានផ្តល់ការយកចិត្តទុកដាក់ និងផ្តល់សារៈសំខាន់ក្នុងការវិនិយោគឆ្មបជំនាញ ប្រទេសនោះតែងតែទទួលបានមកវិញនូវសុវត្ថិភាព សុខភាព ព្រមទាំងសុខុមាលភាពដល់ស្ត្រី មាតា ទារក កុមារ និងយុវវ័យ, ដោយហតុផលថា ឆ្មបជំនាញគឺជា អ្នកផ្តល់ព័ត៌មានចាំបាច់អំពីសុខភាពបន្តពូជ, ផ្តល់ប្រឹក្សាយោបល់ក្នុងការជួយស្វែងរកដំណោះស្រាយចំពោះ បញ្ហានានារបស់ស្ត្រី ជាអ្នកផ្តល់សេវាថែទាំ គាំពារក្នុងពេលពរពោះ, ពេលសម្រាល, ក្រោយសម្រាល និងជា អ្នកដែលតែងតែស្វែងរកគ្រប់មធ្យោបាយជួយស្ត្រីមានផ្ទៃពោះកំពុងប្រឈមនឹងគ្រោះថ្នាក់ និងក្នុងការបង្ការ ផលវិបាកផ្សេងៗ។ ជាមួយគ្នានេះ ឆ្មបជំនាញ តែងតែអប់រំ ផ្តល់ដំបូន្មានស្តីពីអាហារូបត្ថម្ភ, ការចិញ្ចឹមបីបាច់ថែទាំទារក និងកុមារតូច ព្រមទាំងជួយស្ត្រីក្នុងការទទួលបាននូវសេវាពន្យារកំណើតតាមប្រាថ្នា ផ្តល់ការពិនិត្យ តាមដានជំងឺមហារីកសុដន់ ឬមហារីកមាត់ស្បូន រួមទាំងជួយស្ត្រីដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹង យេនឌ័រផងដែរ។ កង្វះឆ្មបជំនាញ នៅតាមមូលដ្ឋាននឹងធ្វើឱ្យស្ត្រីរស់នៅតាមជនបទ/សហគមន៍ឆ្ងាយៗ ជួបបញ្ហាជាច្រើនក្នុងការទៅទទួលសេវាថែទាំសុខភាព។

ជាក់ស្តែងការខ្វះថវិកា និងមធ្យោបាយដើម្បីធ្វើ ដំណើរទៅទទួលសេវាថែទាំគាំពារ និងព្យាបាល ពីមណ្ឌលសុខភាព ឬពេទ្យបង្អែក។ ដូចនេះ ដើម្បីឱ្យស្ត្រី ទារក កុមារ ក្រុមគ្រួសារ និងសង្គមជាតិមានសុខភាពល្អ មានភាពចម្រើនរុងរឿង យើងត្រូវខិតខំទាំងអស់គ្នា ក្នុងការធ្វើឱ្យមានឆ្មបជំនាញនៅគ្រប់ទីកន្លែង គាំទ្រលើកទឹកចិត្ត និងបង្កើនសមត្ថភាពជំនាញ ចំណេះដឹងថ្មី ជាបន្តបន្ទាប់ តាមរយៈការបណ្តុះបណ្តាល បង្វឹក ជាប្រចាំ។ ការងារឆ្មបនេះ មិនកំណត់ត្រឹមតែឆ្មបប៉ុណ្ណោះទេ ការងារនេះក៏ចាំបាច់ត្រូវតែរួមបញ្ចូលទាំងគ្រូពេទ្យ វេជ្ជបណ្ឌិតឯកទេសផងដែរ នោះទើបយើងអាចធានាបានថា គ្រប់ស្ត្រី ទារក និងកុមារ ពិតជានឹងបានទទួលនូវការព្យាបាលមានគុណភាព ទទួលបានការជួយសង្គ្រោះ ឬ ដោះស្រាយផលវិបាក ទប់ស្កាត់ការចម្លងមេរោគផ្សេងៗ បានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព និង មានសុវត្ថិភាព។

ជាមួយនឹងការខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលក្នុងការអនុវត្តវិធានការគន្លឹះនានា ដើម្បី ពង្រឹងភាពធន់នៃប្រព័ន្ធសន្តិសុខសុខភាពឱ្យកាន់តែរឹងមាំថែមទៀត និងពង្រឹងសេវាថែទាំសុខភាពបឋម សុខភាពមាតា ទារក និងកុមារ ក្នុងការឈានឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកលតាម ស្មារតីយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានោះ, ការប្រែប្រួលអាកាសធាតុ កំពុងតែបង្កឱ្យមានការកើនកម្ដៅខ្លាំងឡើងៗ បង្កើតបានជាបញ្ហាប្រឈមកាន់តែច្រើនជាងមុន ដូចជា ភ្លើង ឆេះព្រៃ កង្វះទឹក កង្វះស្បៀង។ល។ ហើយខាងផ្នែកសុខភាពវិញនោះ អ្នកដែលងាយរងគ្រោះបំផុត គឺ មនុស្សវ័យចាស់ អ្នកមានជំងឺរ៉ាំរ៉ៃ ស្ត្រី ទារក និងកុមារ។ បរិការណ៍នេះ បានប្រាប់ឱ្យយើងទាំងអស់គ្នាដឹង យ៉ាងច្បាស់ថា ក្រៅពីការងារទាក់ទងនឹងបច្ចេកទេសជំនាញឆ្មបដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន នៅមាន កិច្ចការជាច្រើនទៀតតម្រូវឱ្យឆ្មបជំនាញបង្កើនការយកចិត្តទុកដាក់ រៀនបំប៉នបន្ថែមស្តីពីផលវិបាកទៅលើ ស្ត្រីមានផ្ទៃពោះ និងទារកទើបកើត ដែលបណ្តាលមកពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ជាពិសេស ការឡើងកម្ដៅ។

ក្នុងស្ថានភាពបច្ចុប្បន្ននេះ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ តែងតែបាន ចូលរួមក្នុងការអនុវត្តសកម្មភាពដូចភ្លៀងរលឹម ធ្វើការអប់រំផ្សព្វផ្សាយដោយផ្ទាល់ដល់យុវវ័យនៅតាមគ្រឹះស្ថាន ឧត្តមសិក្សា ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច នៅតាមសហគមន៍ និងជនបទនានា តាមរយៈយុទ្ធនាការ ក្រោមមូលបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹង អាកាសធាតុ” ដែលមានខ្លឹមសារផ្តោតសំខាន់លើការទប់ស្កាត់បង្ការជំងឺមិនឆ្លងមួយចំនួនដូចជា ជំងឺទឹកនោម ផ្អែម ជំងឺមហារីក ជំងឺសរសៃឈាមបេះដូង ជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺអេដស៍ ជំងឺឆ្លងនានា និងជាពិសេសក្នុងការលើកកម្ពស់សុខភាពមាតា ទារក កុមារ យុវវ័យ ដែលរួមចំណែកយ៉ាងធំធេងដល់ការលើកកម្ពស់សុខុមាលភាពសង្គម និងការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា។

ក្នុងទិសដៅឈានទៅសម្រេចបានគោលដៅអភិវឌ្ឍមានចីរភាពនៅក្នុងវិបត្តិនៃការប្រែប្រួលអាកាសធាតុ ខ្ញុំសូមឆ្លៀតយកឱកាសទិវាឆ្មបជាតិ អន្តរជាតិនេះ អំពាវនាវដូចតទៅ៖

១- សូមបង-ប្អូនរួមជាតិ ចូលរួមក្នុងការប្រុងប្រយ័ត្នការពារសុខភាព និងអនុវត្តវិធានការនានា ក្នុង អំឡុងពេលអាកាសធាតុក្តៅ ដូចដែលក្រសួងសុខាភិបាលចេញសេចក្តីប្រកាសជូនដំណឹង ជាបន្តបន្ទាប់ ជាពិសេសនោះ សូមនាំគ្នាអនុវត្តតាមពាក្យចាស់ថា “ស្រឡាញ់ខ្លួន ត្រូវស្ងួនចំណី” និង “ការពារ ប្រសើរជាងព្យាបាល”។

២- សូមស្ត្រីមានផ្ទៃពោះ ស្ត្រីដែលទើបនឹងសម្រាលកូន ស្ត្រីមានកូនតូចៗ ធ្វើការតាមដានព័ត៌មាន របស់ក្រសួងសុខាភិបាល និងយកចិត្តទុកដាក់អនុវត្តនូវវិធានការទាំងអស់ដែលក្រសួងសុខាភិបាល បានផ្សព្វផ្សាយ និងត្រូវស្វែងរកព័ត៌មាន ឬជំនួយពីឆ្មបជំនាញនៅមណ្ឌលសុខភាព ឬគ្រូពេទ្យ នៅមន្ទីរពេទ្យភ្លាម ប្រសិនបើកើតមានអាការៈចម្លែកណាមួយ។

៣- សូម ឆ្មបជំនាញ គ្រូពេទ្យ វេជ្ជបណ្ឌិតឯកទេសទាំងអស់ ផ្តល់ការប្រឹក្សា ផ្តល់សារអប់រំសុខភាព ជូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសស្ត្រីមានផ្ទៃពោះ ដើម្បីជួយស្ត្រីមានផ្ទៃពោះទាំងអស់បាន “ឆ្លងទន្លេ” ដោយសុវត្ថិភាព និងដោយក្តីសោមនស្សរីករាយ។

៤- សូមថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរគ្រប់ជាន់ថ្នាក់ កាកបាទក្រហមកម្ពុជា និងដៃគូទាំងអស់ ទាំងសាធារណៈ ឯកជន ជាតិ និងអន្តរជាតិ សូមបន្តជួយគាំទ្រដល់ការងារឆ្មប ដើម្បីជួយឱ្យកម្ពុជា សម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពតាមការកំណត់នៅឆ្នាំ២០៣០។

តបតាមប្រធានបទ និងខ្លឹមសារនៃទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២៤នេះ ខ្ញុំសង្ឃឹមថា ឆ្មបជំនាញទាំងអស់ នឹងទទួលបានការពង្រឹងបំប៉នជំនាញបន្ថែម ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្តល់ សេវាជូនស្ត្រី មាតា ទារក កុមារ យុវវ័យ លើកកម្ពស់សុខភាព សុខុមាលភាពល្អប្រពៃ ទោះបីជាមានការ ប្រឈមនឹងការប្រែប្រួលអាកាសធាតុក៏ដោយ។

...

ជាទីបញ្ចប់នេះ ខ្ញុំសូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា បងប្អូនជនរួមជាតិទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ និងសូមចាកផុតពីជំងឺទាំងពួងកុំបីខានឡើយ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print