សារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤ បានដកស្រង់សម្តីអាជ្ញាធរប្រេស៉ីលដែលបានឱ្យដឹងថា ចំនួនមនុស្សបាត់បង់ជីវិត ដោយសារព្យុះភ្លៀងនិងគ្រោះទឹកជំនន់នៅរដ្ឋ Rio Grande do Sul ចុងភាគខាងត្បូងប្រទេស បានបន្តកើនដល់យ៉ាងហោចណាស់៥៧នាក់។
មិនតែប៉ុណ្ណោះមនុស្ស៦៧នាក់ នៅបន្តបាត់ខ្លួន ហើយជាង៦៩,០០០នាក់ផ្សេងទៀតត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ដើម្បីទៅរកកន្លែងសុវត្ថិភាព។ ការធ្លាក់ភ្លៀងខ្លាំងក្លា ក្នុងរយៈពេលជិតមួយសប្តាហ៍មកនេះ នៅរដ្ឋខាងលើរបស់ប្រេស៉ីល បានជះផលប៉ះពាល់ដល់ទីក្រុងចំនួន២៨១ ក្នុងចំណោមទីក្រុងសរុប៤៩៧ នៃរដ្ឋ Rio Grande do Sul ដោយទីក្រុង Porto Alegre ដែលជារដ្ឋធានីរបស់រដ្ឋនេះ សឹងតែត្រូវទឹកជន់លិចគ្រប់ទីកន្លែង។
ទឹកជំនន់បានបំផ្លិចបំផ្លាញផ្លូវថ្នល់និងស្ពាននៅតំបន់មួយចំនួននៃរដ្ឋ Rio Grande do Sul ខណៈព្យុះភ្លៀងក៏បានបង្កជាគ្រោះរអិលបាក់ដីផងដែរ ហើយធ្វើឱ្យរលំផ្នែកនៃទំនប់វារីអគ្គិសនីតូចមួយ។ បើតាមការព្យាករឧតុនិយម ភ្លៀងត្រូវគេរំពឹងថា នឹងបន្តធ្លាក់នៅតំបន់ភាគខាងជើងនិងឦសាននៃរដ្ឋ រហូតដល់ថ្ងៃអាទិត្យនេះ ប៉ុន្តែបរិមាណទឹកភ្លៀងមានការថយចុះទៅវិញ ដូច្នេះវាគួរតែស្ថិតក្រោមកម្រិតកំពូលដែលគេមើលឃើញ កាលពីប៉ុន្មានថ្ងៃមុន នៅក្នុងសប្តាហ៍នេះ។
ប្រទេសធំជាងគេនៅតំបន់អាមេរិកខាងត្បូងមួយនេះ ក្នុងពេលមួយរយៈចុងក្រោយ បានទទួលរងបាតុភូតអាកាសធាតុអាក្រក់ៗជាបន្តបន្ទាប់ រួមមានទាំងព្យុះស៉ីក្លូន ដែលបានសម្លាប់មនុស្សយ៉ាងហោច៣១នាក់ កាលពីខែកញ្ញា ឆ្នាំ២០២៣៕ ដោយធីរីណា
រូបថត: TTXVN