ក្រុមហាម៉ាសនឹងមិនយល់ព្រមជាដាច់ខាត ចំពោះបទឈប់បាញ់នៅតំបន់ហ្កាហ្សា

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤ បានផ្សាយថា មន្រ្តីជាន់ខ្ពស់មួយរូបនៃក្រុមហាម៉ាស់បានលើកឡើងកាលពីយប់ថ្ងៃសៅរ៍សប្តាហ៍នេះថា ពួកគេនឹងមិនយល់ព្រមជាដាច់ខាត ទោះក្រោមកាលៈទេសៈណាក៏ដោយ ចំពោះបទឈប់បាញ់មួយនៅតំបន់ហ្កាហ្សា (Gaza) ដែលមិនរួមមានការបញ្ចប់​សង្រ្គាមជាអចិន្រ្តៃយ៍។

មន្រ្តីខាងលើបានលើកឡើងដូច្នេះថា «ហាម៉ាស់នឹងមិនយល់ស្របដាច់ខាត បើទោះបីស្ថិតក្រោមកាលៈទេសៈណាក៏ដោយ ចំពោះកិច្ចព្រមព្រៀងមួយដែលមិនរួមបញ្ចូលឱ្យច្បាស់ៗនូវការបិទបញ្ចប់សង្រ្គាមក្នុងតំបន់ Gaza។ វានឹងមិនអាចមានកិច្ចព្រមព្រៀងណាមួយឡើយ ដោយគ្មានការបញ្ចប់សង្រ្គាម និងការដកចេញវិញនូវការត្រួតត្រាលើតំបន់ Gaza ទាំងមូល»។ មន្រ្តីហាម៉ាស់ដដែលក៏បានរិះគន់ផងដែរថា អ៉ីស្រាអែលចង់សម្រេចបាន​កិច្ចព្រមព្រៀងដើម្បីដោះលែងចំណាប់ខ្មាំង ប៉ុន្តែមិនចង់ភ្ជាប់ជាមួយការបិទបញ្ចប់សង្រ្គាមរបស់ខ្លួន នៅ Gaza។

ដោយឡែក មន្រ្តីជាន់ខ្ពស់អ៉ីស្រាអែលម្នាក់នៅថ្ងៃសៅរ៍ដដែល បាននិយាយថា ការណ៍ដែលហាម៉ាស់មិនព្រមបោះបង់ចោល ការទាមទារ​ឱ្យបញ្ចប់សង្រ្គាម កំពុងររារាំងលទ្ធភាពនៃការឈានដល់កិច្ចព្រមព្រៀងមួយ។ រីឯខាងហាម៉ាស បានចោទប្រកាន់ថា លោក Benjamin Netanyahu នាយករដ្ឋមន្រ្តីអ៉ីស្រាអែល គឺមានចេតនាដោយផ្ទាល់បង្កជាឧបសគ្គ ចំពោះកិច្ចប្រឹងប្រែងដើម្បីសម្រេចបានបទឈប់បាញ់។

ការអត្ថាធិប្បាយទាំងនេះកើតមានឡើង បន្ទាប់ពីក្រុមអ្នកចរចារបស់ហាម៉ាស់ បានត្រឡប់ទៅកាន់ប្រទេសអេហ្ស៉ីបសាជាថ្មីកាលពីថ្ងៃសៅរ៍ដើម្បីផ្តល់ការឆ្លើយតបរបស់ខ្លួនចំពោះសំណើផ្អាកការប្រយុទ្ធគ្នា នៅក្នុងសង្រ្គាមដែលអូសបន្លាយពេលជិត៧ខែមកហើយ។ អុីស្រាអែល បាននិយាយថា ខ្លួននឹងមិនបញ្ជូនប្រតិភូទៅកាន់អេហ្ស៉ីបឡើយ លុះត្រាតែមើលឃើញមានសញ្ញាវិជ្ជមាន លើក្របខ័ណ្ឌសម្រាប់កិច្ចព្រមព្រៀង ស្តីពីការដោះលែងអ្នកទោស។

ក្រុមអ្នកចរចារបស់អេហ្ស៉ីប កាតារ ព្រមទាំងសហរដ្ឋអាមេរិក បាននិងកំពុងរង់ចាំឱ្យក្រុមហាម៉ាស់ ឆ្លើយតបចំពោះសំណើមួយ ដែលនឹងផ្អាកការប្រយុទ្ធគ្នារយៈពេល៤០ថ្ងៃ ហើយមានការដោះដូរចំណាប់ខ្មាំង ជាមួយអ្នកទោសប៉ាឡេស្ទីន ដែលស្ថិតក្នុងពន្ធនាគារអ៉ីស្រាអែល។ មកទល់ពេលនេះ ក្រុមអ្នកចរចានៅតែមិនទាន់អាចសម្រេចបាន បទឈប់បាញ់ថ្មីមួយ ស្រដៀងគ្នាទៅនឹងបទឈប់បាញ់រយៈពេលមួយសប្តាហ៍ ដែលបានមើលឃើញ មានការដោះលែងចំណាប់ខ្មាំងចំនួន១០៥នាក់ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ដោយចំណាប់ខ្មាំងជនជាតិអ៉ីស្រាអែល ក្នុងចំណោមនោះ ត្រូវបានដោះដូរជាមួយជនជាតិប៉ាឡេស្ទីន ដែលស្ថិតក្រោមការឃុំឃាំងរបស់អ៉ីស្រាអែល៕ ដោយធីរីណា

...

រូប​ថត​: AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print