ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់បានជិះម៉ូតូតាមដងផ្លូវជាធម្មតា ស្រាប់តែរថយន្តបែនដឹកខ្សាច់បើកកៀរទាក់ដៃចង្កូតឱ្យដួលចូលក្រោមកង់រថយន្តកិនចំក្បាលបែកខួរខ្ទាតពេញផ្លូវ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ អុឹម អឿន អាយុ ៦៤ឆ្នាំ មានទីលំនៅផ្ទះលេខ៦១២ ភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មានស្រុកកំណើតនៅឃុំដំណាក់ចង្អើរ ស្រុកកំពង់ត្រាច ខេត្តកំពត។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសវ័យចំណាស់ម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1CR-7662 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣០ម៉ែត្រក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ត្រង់ចំណុចកើតហេតុក៏មានរថយន្តបែនដឹកខ្សាច់ចង្កូតស្ដាំមួយគ្រឿងពណ៌ស ពាក់ផ្លាកលេខចង្កូតស្ដាំ PSHN-0400បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របទិសដៅគ្នា បានបើកវ៉ាជែងគ្នាក៏ទាក់ដៃចង្កូតម៉ូតូ ធ្វេីឱ្យជនរងគ្រោះដួលចូលក្រោមកង់រថយន្តកិនបែកក្បាលស្លាប់មួយរំពេច ។ ចំណែកអ្នកបើកបរមិនបានឈប់ភ្លាមៗនោះទេ បានព្យាយាមបើកគេចខ្លួនត្រូវបានប្រជាពលរដ្ឋធ្វើការឃាត់ខ្លួនបានប្រគល់ឲ្យសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនៅប៉ុស្ដ៍នគរបាលរដ្ឋបាលព្រៃស។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយជំនាញការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះធ្វេីការវាស់វែងយករថយន្តបង្ក ,ម៉ូតូរងគ្រោះនិងអ្នកបើបរទៅចាត់ការបន្តតាមច្បាប់ ។ ចំណែកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចក៏ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ ៖ ភារ៉ា ដង្កោ