លោកប្រធានាធិបតី Macron បាននិយាយថា អឺរ៉ុបត្រូវការប្រទេសចិន ហើយបានអំពាវនាវឱ្យមានការកសាងទំនាក់ទំនងសេដ្ឋកិច្ចឡើងវិញជាមួយទីក្រុងប៉េកាំង។
ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានក្នុងស្រុកមួយនៅថ្ងៃនេះថា “ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់ថា ខ្ញុំមិនស្នើឱ្យបំបែកប្រទេសចិននោះទេ។ យើងត្រូវការចិន មិនថាវាជាអាកាសធាតុ ឬសន្តិសុខ” ។
លោក Macron បានសង្កត់ធ្ងន់ថា អឺរ៉ុបចាំបាច់ត្រូវបង្កើតទំនាក់ទំនងជាមួយចិនឡើងវិញ ដើម្បីធានាសន្តិសុខសេដ្ឋកិច្ច ហើយបាននិយាយថា ទ្វីបអាចដើរតួនាទីមានតុល្យភាព ដើម្បីអនុញ្ញាតឱ្យចិនចូលរួមក្នុងវិស័យសេដ្ឋកិច្ចពិភពលោក។
ប្រធានាធិបតីបារាំង Emmanuel Macron បានស្វាគមន៍ប្រធានាធិបតីចិន Xi Jinping ក្នុងអំឡុងពេលដំណើរទស្សនកិច្ចដ៏កម្ររបស់លោក Xi ទៅកាន់វិមាន Elysee ។ នេះជាលើកទីមួយហើយដែលប្រធានាធិបតីចិនមកអឺរ៉ុបក្នុងរយៈពេល៥ឆ្នាំ។ នៅទីក្រុងប៉ារីសកាលពីថ្ងៃទី 6 ខែឧសភា លោក Xi បានចាប់ដៃជាមួយប្រធានាធិបតីបារាំង Macron ហើយបានផ្ញើសារអំពីទំនាក់ទំនងជាមួយសហភាពអឺរ៉ុប (EU)។
មេដឹកនាំចិនបានបញ្ជាក់ថា ទីក្រុងប៉េកាំងចាត់ទុកអឺរ៉ុបជាអាទិភាពក្នុងគោលនយោបាយការបរទេសរបស់ខ្លួន ហើយចាត់ទុកទំនាក់ទំនងចិននិងសហភាពអឺរ៉ុបតាមទស្សនៈយុទ្ធសាស្ត្ររយៈពេលវែង។
ដំណើរទស្សនកិច្ចរបស់លោក Xi បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងបរិបទដែលចិននិង EU ជាដៃគូសេដ្ឋកិច្ចសំខាន់របស់គ្នាទៅវិញទៅមក ប៉ុន្តែក៏មានភាពខុសគ្នាច្រើនដែរ។ ក្រៅពីភាពតានតឹងរវាងអាមេរិកនឹងចិន ដែលអឺរ៉ុបជាសម្ព័ន្ធមិត្តរបស់អាមេរិក ចិនក៏កំពុងស្វែងរកការរក្សាតុល្យភាពក្នុងវិធីសាស្រ្តរបស់ខ្លួនចំពោះបញ្ហាអ៊ុយក្រែន-រុស្ស៊ីផងដែរ។
បណ្តាប្រទេសសហភាពអឺរ៉ុប រួមទាំងបារាំងបានសម្តែងការប្រឆាំងចំពោះរុស្ស៊ី ខណៈដែលចិននិងរុស្ស៊ីបានរឹតបន្តឹងទំនាក់ទំនងរវាងគ្នានឹងគ្នា៕ ដោយធីរីណា
រូបថត: Reuters