លោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង ចុះត្រួតពិនិត្យការអនុវត្តការងារ នៅមណ្ឌលសុខភាពចំនួន ១៤ទីតាំង ក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ នៅល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងថា ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៣ ឧសភា ឆ្នាំ២០២៤ លោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុរដ្ឋលេខាធិការ ទទួលបន្ទុកពង្រឹងគុណភាពសេវាមណ្ឌលសុខភាពក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ បានចុះត្រួតពិនិត្យការអនុវត្តការងារ នៅមណ្ឌលសុខភាពចំនួន ១៤ទីតាំង ក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

ការចុះត្រួតពិនិត្យនៅតាមមណ្ឌលសុខភាពនេះ ក្នុងគោលបំណងជួយពិនិត្យ និងគាំទ្រក្នុងការអនុវត្តការងារ ដើម្បីជំរុញបង្កើនសមត្ថភាពការផ្ដល់សេវាសុខាភិបាលឱ្យកាន់តែមានគុណភាពល្អប្រសេីរ និងផ្ដល់នូវភាពកក់ក្ដៅជូនដល់បងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវា ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលផ្តោតទៅលើការផ្តល់សេវានៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកជាអាទិភាពចំបង ក៏ដូចជាអនុវត្តតាមអភិក្រមពីក្រោមឡើងលើ (Bottom-Up Approach) របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ 

ការចុះមកពិនិត្យ និងគាំទ្រការពង្រឹងគុណភាពសេវាមណ្ឌលសុខភាពនេះ ផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖

១. ការបម្រើសេវា និងប្រចាំការ ២៤ម៉ោង/៧ថ្ងៃ 

២. ការធ្វេីបដិសណ្ឋារកិច្ច និងការបំពេញការងារដោយក្រមសីលធម៌វិជ្ជាជីវៈ

៣. អនាម័យ បរិស្ថាន ក្នុងនិងជុំវិញបរិវេណមណ្ឌលសុខភាព

៤. ការពង្រឹងសមត្ថភាពបច្ចេកទេសសុខាភិបាល និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា

៥. ការគ្រប់គ្រងនិងការថែទាំឱសថ សម្ភារៈបរិក្ខារពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធនានា

៦. ការរៀបចំនិយាមលំហូរការទទួលពិនិត្យនិងព្យាបាលអ្នកជំងឺ (Triage)

៧. ការលើកកម្ពស់គុណភាព និងសុវត្ថិភាពអ្នកជំងឺ។

ក្នុងឱកាសនោះផងដែរ លោកវេជ្ជបណ្ឌិត និងក្រុមកាងារក៏បានជួបសំណេះសំណាល សួរសុខទុក និងជូនពរដល់អ្នកជំងឺ ព្រមទាំងក្រុមគ្រួសារដែលមកទទួលសេវា ហើយឯកឧត្តមវេជ្ជបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ព្រមទាំងថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំព្យាបាល ជូនប្រជាពលរដ្ឋដោយការទទួលខុសត្រូវ។

សូមបញ្ជាក់ថា ការចុះត្រួតពិនិត្យនេះ មានការសម្របសម្រួលពី ឯកឧត្តមវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តមវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ និងលោកប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ដោយបានធ្វេីការចុះទៅមណ្ឌលសុខភាព ១៤ទីតាំង រួមមាន៖ (១)មណ្ឌលសុខភាពបុស្បូវ (២)មណ្ឌលសុខភាពបន្សាយរាក់ (៣)មណ្ឌលសុខភាពត្រពាំងម្អមសែនជ័យ (៤)មណ្ឌលសុខភាពត្រពាំងប្រីយ៍ (៥)មណ្ឌលសុខភាពទំនប់ដាច់ (៦)មណ្ឌលសុខភាពត្រពាំងក្រហមសែនជ័យ   (៧)មណ្ឌលសុខភាពតេជោមរកត (៨)មណ្ឌលសុខភាពសែនតេជៈ (៩)មណ្ឌលសុខភាព សែនរុងរឿង១ (១០)មណ្ឌលសុខភាព សែនរុងរឿង២ (១១)មណ្ឌលសុខភាព សែនរុងរឿង៣ (១២)មណ្ឌលសុខភាព សែនរុងរឿង៤ (១៣)មណ្ឌលសុខភាព សែនរុងរឿង៥ និង(១៤)មណ្ឌលសុខភាពឈ្នួន ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print