ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ នៅមុនវិបត្តិនៃជំងឺកូវីដ-១៩ គឺកម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាជាមធ្យម ៧% ក្នុងមួយឆ្នាំ ដែលការណ៍នេះបានអនុញ្ញាតឱ្យកម្ពុជាប្រែក្លាយពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៥។
សម្តេចធិបតីបានថ្លែងបន្តថា ៖ នៅក្នុងអំឡុងនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ពោលបើទោះបីជាកម្ពុជាមានកំណើនអវិជ្ជមានក្នុងឆ្នាំ២០២០ ក្ដី ក៏សេដ្ឋកិច្ចកម្ពុជាបានស្ទុះឡើងវិញយ៉ាងឆាប់រហ័ស ដោយសម្រេចបានកំណើន ៥,១% ក្នុងឆ្នាំ២០២២ និង ៥% ក្នុងឆ្នាំ២០២៣ ហើយត្រូវបានព្យាករថា នឹងបន្តសម្រេច បានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងរយៈពេលមធ្យមទៅវែងនាពេលខាងមុខនេះ។
នាឱកាសនោះដែរ សម្តេចធិបតីបានថ្លែងបញ្ជាក់ថា ការនាំចេញរបស់កម្ពុជាមានកំណើនជាមធ្យម ១៣,៣% ក្នុងចន្លោះឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២៣ និងបានកើនឡើងដល់ទំហំ ២៣,៤៧ ប៊ីលានដុល្លារអាមេរិក ឬស្មើនឹង ៥៤,៧% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាក្នុងឆ្នាំ២០២៣។ បន្ថែមពីលើនេះ ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៤ នេះ និន្នាការនៃការនាំចេញនៅបន្តមានភាពវិជ្ជមានដដែល ពោលគឺបានកើនឡើងប្រមាណ ១៧,២%។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាតិ» នៅរាជធានីភ្នំពេញ។
គួរបញ្ជាក់ដែរថា «ប្រព័ន្ធបញ្ជរតែមួយជាតិ» នឹងអនុញ្ញាតឱ្យអ្នកនាំចេញ-នាំចូលទំនិញ អាចដាក់ស្នើសុំអាជ្ញាបណ្ណ, លិខិតអនុញ្ញាត, វិញ្ញាបនបត្រ, និងឯកសារតម្រូវផ្សេងទៀតពាក់ព័ន្ធការនាំចេញ-នាំចូលទំនិញ ទៅគ្រប់ក្រសួង-ស្ថាប័នមានសមត្ថកិច្ច តែមួយលើករួមគ្នា ដើម្បីទទួលបានការអនុញ្ញាតសម្រាប់យកទៅប្រើប្រាស់ក្នុងការបំពេញបែបបទបញ្ចេញ ទំនិញ ពីគយ តាមមធ្យោបាយអេឡិចត្រូនិក។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា«គ្រប់ក្រសួង-ស្ថាប័ន, ក្រោមការដឹកនាំ និងការសម្របសម្រួលរបស់គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, ត្រូវបន្តខិតខំរៀបចំដាក់បញ្ចូលអនឡាញ នូវសេវាសំខាន់ដទៃទៀត ដែលជាសេចក្តីត្រូវការប្រចាំថ្ងៃសម្រាប់ធុរកិច្ច»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យគ្រប់ក្រសួង ស្ថាប័ន រួមសហការគ្នារៀបចំជាក្របខណ្ឌរួមមួយ ដែលសម្តេចសូមដាក់ឈ្មោះថា «ប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច» ដើម្បីជាមូលដ្ឋានឈានទៅពង្រីកការដ្ឋានការងារផ្សេងៗទៀត សំដៅកែលម្អបរិយាកាសធុរកិច្ចក្នុងប្រទេស និងបង្កើនភាពទាក់ទាញរបស់កម្ពុជា សម្រាប់ការវិនិយោគ ៕