ខេត្តស្វាយរៀង: ក្មេងស្រី២នាក់បងប្អូន ខំតស៊ូដើររើសអេតចាយដើម្បីលក់យកប្រាក់ជួយឪពុកម្តាយសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ បានអំពាវនាវរកសប្បុរសជនជួយឧបត្ថម្ភថវិកាដើម្បីទិញសម្លៀកបំពាក់និងសម្ភារសិក្សា។
ក្មេងស្រី ឆន ភីណា អាយុ១០ឆ្នាំ រៀនថ្នាក់ទី៥ នៅសាលាបឋមសិក្សា២ធ្នូ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង បានរៀបរាប់ប្រាប់ទាំងមុខក្រៀមក្រំថា ដោយជីវភាពគ្រួសារក្រីក្រ ក្រៅម៉ោងសិក្សា នាងនិងបងស្រីតែងតែដើររើសអេតចាយដើម្បីលក់យកប្រាក់ឱ្យឪពុកម្តាយផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ និងសម្រាប់ទិញសម្លៀកបំពាក់និងសម្ភារសិក្សា។
ក្មេងស្រីទាំង២នាក់មានឪពុកឈ្មោះ យ៉ង់ ចន្ធី អាយុ៤២ឆ្នាំ មុខរបរកម្មករសំណង់ និងម្តាយឈ្មោះ អ៊ុយ សាខុម អាយុ៣៦ឆ្នាំ ដើររើសអេតចាយ។ កូនស្រីបងឈ្មោះ អ៊ុយ ស្រីរ័ត្ន អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៦ នៅសាលបឋមសិក្សា២ធ្នូ ជាសិស្សពូកែរៀនជាប់លេខ១រាល់ឆ្នាំ និងប្អូនស្រីឈ្មោះ ឆន ភីណា អាយុ១០ឆ្នាំ រៀននៅសាលាបឋមសិក្សា២ធ្នូ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។
លោក យ៉ង់ ចន្ធី ជាឪពុកបានរៀបរាប់ថា ពីមុនគាត់មានទីលំនៅភូមិឈូក ឃុំក្រសាំង ស្រុករមាសហែក ដោយជីវភាពក្រីក្រលំបាកក៏សម្រេចចិត្តនាំប្រពន្ធកូន មករស់នៅក្រុងស្វាយរៀង។
គាត់ប្រកបមុខរបរជាកម្មករសំណង់ ចំណែកប្រពន្ធឱ្យដើររើសអេតចាយដើម្បីលក់ទិញអង្ករហូបប្រចាំថ្ងៃ។
លោកបានបញ្ជាក់ថា កាលពី៧ឆ្នាំមុន គាត់រស់នៅតាមតង់កន្លែងធ្វើសំណង់ ដោយមានភ្លៀងខ្យល់ពិបាកដល់កូនៗតូច ៗក៏សម្រេចចិត្តទៅជួលផ្ទះគេរស់នៅឯជាយក្រុងស្វាយរៀង ដើម្បីឱ្យកូនស្រីច្បងបានចូលរៀនផង ដោយម្ចាស់ផ្ទះគ្រាន់តែធ្វើខ្ទមតូចឱ្យរស់នៅ ហើយចាំដីឱ្យគេផង គេយកថ្លៃផ្ទះ១ខែ ៨០,០០០រៀល។ ក្រោយមកគេក៏លែងជួលឱ្យនៅ ក៏ដើររកផ្ទះនៅបាន១ខែ២ខែ កន្លែងខ្លះនៅបាន១ឆ្នាំក៏គេឈប់ជួល ត្រូវដើររកផ្ទះជួលនៅទៀត។
លោកបានបន្តថា នៅឆ្នាំ២០២៤ ម្ចាស់ផ្ទះគេទៅរស់នៅក្រុងស្វាយរៀង គេទុកផ្ទះចោល ពេលគេឃើញគាត់អត់ផ្ទះនៅក៏អាណិតបានជួលផ្ទះឈើ១ខ្នងឱ្យរស់នៅ និងចាំផ្ទះឱ្យគេផង និងថែដំណាំឱ្យគេផង ដោយគេយកថ្លៃផ្ទះ១ខែ ១៥ម៉ឺនរៀល ដូច្នេះបើគិតទាំងថ្លៃភ្លើង ថ្លៃទឹក និងថ្លៃផ្ទះក្នុង១ខែ ត្រូវចំណាយប្រាក់ ២០ម៉ឺនរៀល។ ផ្ទះជួលរស់នៅសព្វថ្ងៃស្ថិតនៅភូមិសួនថ្មី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។
លោកថា បច្ចុប្បន្នផ្នែកសំណង់គេមិនសូវមានសាងសង់ គាត់ក៏មិនបានធ្វើសំណង់ទេ ជួនកាលទៅលីស៊ីម៉ង់ត៍ ឬលើកអីវ៉ាន់ឱ្យគេ ជួនក៏គ្មានអ្វីធ្វើ ដើរទៅចាំរកការងារធ្វើអត់មាន។ ចំណែកប្រពន្ធនិយាយថា គាត់ដើររើសអេតចាយចាប់ពីព្រឹកម៉ោង៧ ដល់ម៉ោង១១ព្រឹកត្រឡប់មកផ្ទះវិញដើម្បីដាំបាយធ្វើម្ហូបឱ្យកូនហូប ពេលកូនៗត្រឡប់មកពីរៀនវិញ។
ចំណែកកូនស្រីទាំងពីរនាក់រៀនតែពេលព្រឹកទេ ដូច្នេះពេលរសៀលម៉ោង ២និង០០នាទី គឺចេញទៅរើសអេតចាយ រហូតម៉ោង០៧យប់ទើបត្រឡប់មកផ្ទះវិញ ជួនកាលដើររើសមិនសូវបានក៏ទិញកំប៉ុងគេតាមផ្ទះ និងតាមតូបគេលក់ដូរគ្រឿងកំប៉ុង។ ក្នុង១ថ្ងៃ ទាំងអស់គ្នារើសអេតចាយលក់បាន ១៥,០០០រៀល ទៅ២ម៉ឺនរៀលប៉ុណ្ណោះ ដោយសារអ្នករើសអេតចាយច្រើន។ ដបទឹកសុទ្ធ ក្នុង១គីឡូក្រាម៥០០រៀល បើរើសបានសំបកកំប៉ុងបានថ្លៃគួរសម១គីឡូក្រាម តម្លៃ៥០០-៦០០រៀល។
សព្វថ្ងៃអាណិតកូនៗ កូនៗចង់រៀនសូត្រ ម្តាយឪពុកគ្មានលទ្ធភាព បើនាំប្រពន្ធកូនទៅស្រុកវិញក៏មិនដឹងថារកស៊ីអី មករស់នៅទីក្រុងថាងាយស្រួលរកការងារធ្វើ គឺមិនស្រួលទេបើគ្មានជំនាញ ដូច្នេះមានតែតស៊ូ ទោះបីរកមួយថ្ងៃបានហូបមួយថ្ងៃក៏ត្រូវតែតស៊ូ។ ពេលនេះកូនៗនៅរៀនថ្នាក់បឋម ដល់ពេលរៀនដល់អនុវិទ្យាល័យ គេរៀនព្រឹកល្ងាចមិនដឹងថាអាចទៅរួច ឬយ៉ាងណាទេ ក៏ប៉ុន្តែកូនៗគេនិយាយថា នាងត្រូវតែតស៊ូរៀនរហូតចប់ថ្នាក់ទី១២៕ ដោយសុថាន