ភ្នំពេញ ៖ ក្រសួងអប់រំយុវជន និងកីឡានៅថ្ងៃទី០៧ ខែ ឧសភា ឆ្នាំ ២០២៤នេះបានបញ្ជាក់ប្រាប់ដល់គ្រឹះស្ថានសិក្សាទាំងអស់ថា៖ដោយសារតែនៅទូទាំងប្រទេស សីតុណ្ហភាពបានត្រឡប់មកនៅត្រឹម ៣០ ទៅ ៣៥ អង្សារ បន្ទាប់ពីមានភ្លៀងធ្លាក់ និងសីតុណ្ហភាពបានត្រឡប់មកត្រជាក់បន្តិចវិញ ក្រសួងសូមស្នើឱ្យគ្រឹះស្ថានសិក្សាទាំងអស់អនុវត្តម៉ោង បង្រៀននិងរៀនតាមកាលវិភាគដូចធម្មតា។
ក្រសួងអប់រំ បានបន្តឱ្យដឹងទៀតថា៖”តាមការបញ្ជាក់ និងក៏ដូចជាបាន ជម្រាបជូននេះដែរ សូម លោក លោកស្រីប្រធាន ផ្សព្វផ្សាយដល់គ្រប់ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រឹះស្ថានសិក្សា អាជ្ញាធរដែនដី និងសាធារណជនទាំងអស់ឱ្យ បានជ្រាប និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព”។
គួរបញ្ជាក់ថា បន្ទាប់ពីរលកកំដៅបង្កផលលំបាកជាច្រើនថ្ងៃកន្លងមក ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចប្តូរម៉ោងសិក្សារបស់សិស្សានុសិស្ស នៅតាមគ្រឹះស្ថានសិក្សាទាំងអស់ ដោយពេលព្រឹកចូលរៀនម៉ោង៧ ចេញម៉ោង១០ព្រឹក និងពេលរសៀលចូលម៉ោង២ ចេញម៉ោង ៥រសៀល៕ដោយ៖ ភារ៉ា ដង្កោ