នៅក្នុងសន្និសីទសារព័ត៌មានលោក Xi បាននិយាយថា ប្រទេសចិន និងបារាំងនឹងខិតខំឆ្ពោះទៅរកតុល្យភាពនៅក្នុងពាណិជ្ជកម្មទ្វេភាគី។
ប្រទេសទាំងពីរនឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិ-ម្ហូបអាហារ ហិរញ្ញវត្ថុ និងវិស័យផ្សេងៗទៀត ហើយជំរុញការស្រាវជ្រាវនិងការអភិវឌ្ឍរួមគ្នា (R&D) និងការច្នៃប្រឌិតក្នុងវិស័យនានា រួមទាំងអាកាសចរណ៍ អវកាស និងថាមពលនុយក្លេអ៊ែរស៊ីវិល។
ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការនាំចូលផលិតផលដែលមានគុណភាពខ្ពស់បន្ថែមទៀតពីប្រទេសបារាំង និងបង្កើតលក្ខខណ្ឌសម្រាប់យន្តការ “ពីកសិដ្ឋានបារាំងដល់តុចិន”។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់លោក Xi Jinping នៅប្រទេសបារាំង ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន 18 រវាងទីភ្នាក់ងាររដ្ឋាភិបាល រួមទាំងវិស័យដូចជា អាកាសចរណ៍ កសិកម្ម ការអភិវឌ្ឍបៃតង និងកិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម។
ប្រធានាធិបតីចិនបានចង្អុលបង្ហាញថា ពិភពលោកបច្ចុប្បន្ននៅឆ្ងាយពីសន្តិភាព ដូច្នេះចិននិងបារាំងក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គួរតែនិយាយដើម្បីដោះស្រាយបញ្ហាក្តៅគគុកដោយសន្តិវិធីនិងរួមចំណែកដល់ពិភពលោកនៃសន្តិភាពនិងសន្តិសុខរួម។
បន្ទាប់ពីចាកចេញពីប្រទេសបារាំង លោក Xi នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រីនិងស៊ែប៊ី ដែលប្រទេសទាំងពីរចាត់ទុកថាជាមិត្តនឹងប្រទេសចិន និងជិតស្និទ្ធជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ផងដែរ៕ ដោយធីរីណា
រូបថត: xinhua