ខេត្តបាត់ដំបង ៖ កម្ពុជាប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៥ សំដៅលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ អំពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ និងបំផុសស្មារតីបង្កើនការប្រុងប្រយ័ត្នខ្ពស់ ។
សូមបញ្ជាក់ថា ៖ នាព្រឹកថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានអញ្ជើញចូលរួមកម្មវិធីប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៥ នៅខេត្តបាត់ដំបង ក្រោមអធិបតីភាព លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.)។
កម្មវិធីបានប្រព្រឹត្តទៅនៅមណ្ឌលកីឡដ្ឋានខេត្តបាត់ដំបង (ទីលានបាល់ទាត់វាលបែកចាន) ដោយមានការចូលរួមពី លោក លោកស្រី សមាជិក សមាជិកានៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក លោកស្រីអភិបាល នៃគណៈអភិបាល និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន សៀមរាប និងខេត្តពោធិ៍សាត់ នាយឧត្តមសេនីយ៍ អាជ្ញាធរដែនដី កងកម្លាំងនគរបាល កងកម្លាំងរាជអាវុធហត្ថ តំណាងអង្គការជាតិ និងអន្តរជាតិ ក្រុមហ៊ុនឯកជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក យុវជនកាយរិទ្ធិ និងប្រជាពលរដ្ឋសរុបប្រមាណជាង ១២០០នាក់។
ថ្លែងក្នុងឱកាសនេះ លោកអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងត្រីមាសទី១ ឆ្នាំ ២០២៤នេះ មានស្ថានភាពដូចគ្នានឹងត្រីមាសទី១ ឆ្នាំ២០២៣ ពុំទាន់មានការថមថយនៅឡើយទេ។ ហេតុការណ៍ គ្រោះថ្នាក់សរុបបានកើតឡើងចំនួន ៧៨១លើក បណ្តាលឱ្យស្លាប់ចំនួន ៣៨៧នាក់ និងរបួសចំនួន ១ ០៨៤នាក់ ដែលគិតជាមធ្យមក្នុង១ថ្ងៃ មានគ្រោះថ្នាក់ចំនួន៩លើក បណ្តាលឱ្យស្លាប់ចំនួនលើសពី ៤នាក់ និងរបួសចំនួន ១២នាក់។ លោកអភិសន្តិបណ្ឌិត ក៏បានយកឱកាសនេះធ្វើការផ្តាំផ្ញើដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវចងចាំថា មានតែស្មារតីទទួលខុសត្រូវចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការបង្កើនប្រុងប្រយ័ត្នគ្រប់ពេលធ្វើដំណើរតាមដងផ្លូវ ការប្រកាន់សីលធម៌យោគយល់អាធ្យាស្រ័យ នោះទើបធ្វើឱ្យជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ និងទទួលបាននូវសេចក្តីសុខសុវត្ថិភាពតាមដងផ្លូវជានិច្ច។
គួរបញ្ជាក់ដែរថា លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគ.ស.ច.គ. ក៏បានអញ្ជើញទទួលមួកសុវត្ថិភាព ពីក្រុមហ៊ុនឯកជនដែលជាម្ចាស់ជំនួយ ហើយក្នុងឱកាសនោះ លោកអភិសន្តិបណ្ឌិត ក៏បានអញ្ជើញផ្តល់កិត្តិយសបំពាក់មួកសុវត្ថិភាពជានិមិត្តរូបជូនដល់តំណាងចំនួន ១៥រូប និងថតរូបអនុស្សាវរីយ៍ផងដែរ៕