ខេត្តព្រះវិហារ៖ ឯកឧត្តម គីម រិទ្ធី ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ និងជាអភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៧ ខែឧសភាបាននាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសារសព និងគ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ១៧ គ្រួសារនៅឃុំស្តៅ ស្រុកសង្គមថ្មី និងបន្តចុះសួរសុខទុក្ខគ្រួសាររង គ្រោះ បណ្តាលមកពីអគ្គីភ័យឆេះការ៉ាស់សាំង កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិស្រយង់ត្បូង(ចំណុចបេងដូប) ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។
នៅក្នុងឱកាសនោះឯកឧត្តម ប្រធានគណៈកម្មាធិការសាខា បានចូលរួមសោកស្តាយ ជាមួយគ្រួសារដែលបានបាត់បង់សាច់ញាតិ និងបងប្អូនដែលបានខូចខាតនូវទ្រព្យសម្បត្តិ ដែល បានបណ្តាលមកពីខ្យល់កន្ត្រាក់ និងបណ្តាលមកពីអគ្គីភ័យ។
ជាមួយគ្នានេះផងដែរ ឯកឧត្តម ក៏បានលើកឡើងថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ជាប្រធានតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ច ជាក់ស្តែងទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជានិង ផ្តាំផ្ញើសូមអោយបងប្អូនមានប្រុងប្រយ័ត្ន នៅពេលមានភ្លៀងត្រូវបិទទូរស័ព្ទ ការពារគ្រោះថ្នាក់កើតឡើងជាយថាហេតុ។
សូមបញ្ជាក់ថាប្រជាពលរដ្ឋទាំង១៧ គ្រួសារដែល រងគ្រោះដោយសារខ្យល់កន្ត្រាក់ស្ថិតនៅក្នុងឃុំស្តៅ បានបណ្ដាលអោយមានមនុស្សស្លាប់ចំនួន ១នាក់ ភេទស្រីអាយុ៦០ឆ្នាំ។
សម្ភារៈផ្ដល់ជូន នាឱកាសនោះរួមមាន គ្រួសារសពទទួលបាន អង្ករ ១០០គីឡូក្រាម មី ២កេស ត្រីខ ២យួរ ទឹកស៊ីអីវ ១យួរ ទឹកសុទ្ធ ២កេស ឃីត១ និងថវិកាចំនួន ១លានរៀល។
គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ១៦គ្រួសារ ក្នុង១គ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៉ីវ ១យួរ ក្នុងនោះគ្រួសារ ដែលរលំផ្ទះ ៤គ្រួសារ ទទួលតង់ ក្នុង១ គ្រួសារៗចំនួន១បន្ថែមទៀត។
នៅរសៀលថ្ងៃដដែលនេះផងដែរគណៈកម្មាធិការសាខា ដែលមាន លោក យ៉ុង គឹមហ៊ន ជានាយកប្រតិបត្តិសាខា បានទទួលបទបញ្ជាពី ឯកឧត្តម គីម រិទ្ធី បន្តនាំយក អំណោយមនុស្សធម៌ទៅផ្តល់ជូន ប្រជាពលរដ្ឋដែលរងគ្រោះដោយសារ គ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅភូមិ ម្រេច ឃុំស្រយ៉ង់ ស្រុក គូលែនខេត្តព្រះវិហារ ចំនួន ១០ គ្រួសារ និង គ្រួសារមានជីវភាពខ្វះខាតចំនួន៧ គ្រួសារ។
សម្រាប់សម្ភារៈដែលបានផ្ដល់ជូន នាឱកាសនោះ រួមមាន គ្រួសារដែលទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ទាំង១០ គ្រួសារទទួលបាន អង្ករ ២៥ គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ថវិកា ១០ម៉ឺនរៀល ក្នុងនោះគ្រួសារចំនួន៣ ដែលរលំផ្ទះ ទទួលបានតង់ម្នាក់១ បន្ថែមទៀត។
បន្ថែមពីទៀត ឯកឧត្តម គីម រិទ្ធី តាមរយៈក្រុមការងារ បានបន្ថែមជូននូវថវិកាផ្ទាល់ខ្លួនរបស់ឯកឧត្តម ដល់គ្រួសារដែលរងគ្រោះ ចំនួន ៨ គ្រួសារ និងគ្រួសារដែលមានជីវភាពខ្វះខាត ចំនួន៧ គ្រួសារដោយក្នុង១ គ្រួសារៗ ទទួលបាន ថវិកា ៤០ម៉ឺនរៀល។
និងបានផ្ដល់ជូនដែកស័ង្កសី សម្រាប់គ្រួសាររំលំផ្ទះក្នុង១ គ្រួសារៗ២០សន្លឹក គ្រួសាររងផលប៉ះពាល់ទទួលបាន ក្នុង១ គ្រួសារៗ ១៥ សន្លឹក និង គ្រួសារ ងាយរងគ្រោះ ក្នុង១គ្រួសារ ៗ ទទួលបាន១០ សន្លឹក៕