ប្រទេសស្វីស ៖ កម្ពុជាទទួលការកោតសរសើរពីសំណាងប្រទេសចូលរួមក្នុងសម័យប្រជុំលើកទី៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅប្រទេសស្វីស ចំពោះការប្ដេជ្ញាចិត្ត និងសកម្មភាពជាក់ស្ដែងជាច្រើនលើវិស័យសិទ្ធិមនុស្ស។នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃការពិនិត្យរបាយការណ៍ពិនិត្យឡើងវិញជាសកលតាមកំណត់ (UPR) ជុំទី៤ របស់កម្ពុជា ។
លោក កែវ សុទ្ធិ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានដឹកនាំគណៈ ប្រតិភូកម្ពុជា រួមមាន លោក នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក សោម ចំណាន រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកស្រីឡុង សូនីតា អនុប្រធាន គ.ស.ម.ក. លោកស្រី ញាណ សុចិត្រា អគ្គនាយកក្រសួងកិច្ចការនារី លោក ប៉ាង រ៉ាស៊ី អនុប្រធានក្រុមប្រឹក្សា នីតិកម្មក្រសួងមហាផ្ទៃ លោក ឌី ខាំបូលី អគ្គនាយករងគោលនយោបាយនិងផែនការ ក្រសួងអប់រំ យុវជន និងកីឡា និងលោក សុក ឫទ្ធិចាក់ ជំនួយការលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ទៅ ចូលរួមការពិនិត្យរបាយការណ៍ពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ជុំទី៤ ក្នុងសម័យប្រជុំ លើកទី៤៦ របស់ក្រុមការងារ UPR នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុង ហ្សឺណែវ ប្រទេសស្វីស។
យន្តការ UPR ជាយន្តការមួយរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលរៀបចំឡើង ដើម្បីពិនិត្យកំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេសនីមួយៗ ដោយប្រទេសដទៃទៀតរៀងរាល់ចន្លោះពី៤ឆ្នាំកន្លះ ទៅ៥ឆ្នាំម្តង។ ការពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ជាវេទិកាមួយសម្រាប់កិច្ចសន្ទនាបែបស្ថាបនា រវាងរដ្ឋនិងរដ្ឋ ដែលជាសមាជិកអង្គការសហប្រជាជាតិ ក្នុងន័យរួមគ្នាលើកកម្ពស់និងការពារសិទ្ធិមនុស្ស ជាសកល តាមរយៈការចែករំលែកនូវបទពិសោធ និងការអនុវត្តល្អៗ ព្រមទាំងបញ្ហាប្រឈមនានាពាក់ព័ន្ធ នឹងសិទ្ធិមនុស្ស។ ពោលគឺ យន្តការនេះ មិនមែនជាវេទិកាបន្ទុះបង្អាប់ រិះគន់ ឬការវាយប្រហារគ្នាលើបញ្ហា សិទ្ធិមនុស្សនោះទេ តែជាឱកាសក្នុងការសិក្សារៀនសូត្រ និងដកស្រង់បទពិសោធល្អៗពីគ្នាទៅវិញទៅមក ស្របតាមគោលការណ៍ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។
ក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិ ព្រះរាជាណាចក្រកម្ពុជា បានចូលរួមយ៉ាងសកម្ម និង ប្រកបដោយអត្ថន័យក្នុងយន្តការនេះ ក៏ដូចជាយន្តការសិទ្ធិមនុស្សផ្សេងៗទៀតផងដែរ។ នៅក្នុងការពិនិត្យ របាយការណ៍ជុំទី៤នេះ គណៈប្រតិភូកម្ពុជា បានបង្ហាញនូវសមិទ្ធផលនានាដែលកម្ពុជាសម្រេចបាន ក្នុង ការអនុវត្តអនុសាសន៍ចំនួន ១៧៣ ដែលបានទទួលយកកាលពីជុំទី៣ ព្រមទាំងធ្វើបច្ចុប្បន្នភាពនិងបង្ហាញនូវ វឌ្ឍនភាពថ្មីៗជាច្រើនទៀតលើវិស័យផ្សេងៗ។ សមិទ្ធផលទាំងឡាយដែលបានបង្ហាញទាំងនៅក្នុងរបាយការណ៍ ជុំទី៤ និងក្នុងបទអន្តរាគមន៍របស់គណៈប្រតិភូ បានក្ដោបទៅលើសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ចសិទ្ធិសង្គមកិច្ច និងសិទ្ធិវប្បធម៌ រួមទាំងស្ថានភាពនៃសិទ្ធិរបស់ក្រុមជាក់លាក់មួយចំនួនផងដែរ។ សមិទ្ធផល ទាំងនោះ រួមមាន ការដាក់ចេញនូវក្របខ័ណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្ត កម្មវិធីនយោបាយ ផែនការសកម្មភាព និងវិធានការផ្សេងៗទៀត ស្របតាមស្ថានភាពនិងបរិបទជាក់ស្តែងរបស់ប្រទេសកម្ពុជា ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស។
នៅក្នុងការពិនិត្យរបាយការណ៍ UPR ជុំទី៤ របស់កម្ពុជា មានប្រទេសចំនួន ១០០ បានចុះឈ្មោះ ចូលរួម ដើម្បីលើកជាមតិយោបល់ និងផ្តល់អនុសាសន៍ផ្សេងៗដល់ប្រទេសកម្ពុជា។ ជាការកត់សម្គាល់ តំណាងប្រទេសដែលបានចូលរួមទាំងអស់បានសម្តែងនូវការសាទរ និងការកោតសរសើរដល់ប្រទេសកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តអនុសាសន៍ដែលបានទទួលយកនាពេលកន្លងមក ក៏ដូចជាការប្តេជ្ញាចិត្ត និងការបង្ហាញចេញនូវសកម្មភាពជាក់ស្តែងជាច្រើនលើវិស័យសិទ្ធិមនុស្ស។ ទន្ទឹមនឹងនេះ ជាច្រើនបានជំរុញ បានការសាទរ ក៏មានអនុសាសន៍ និងលើកទឹកចិត្តឱ្យកម្ពុជាបន្តការអភិវឌ្ឍលើគ្រប់វិស័យរបស់ខ្លួនបន្តទៀត។ ការទទួល និងការកោតសរសើរពីសំណាក់តំណាងប្រទេសជាច្រើនបែបនេះ គឺជាសក្ខីកម្មដ៏រឹងមាំដែល បញ្ជាក់ថា កម្ពុជាកំពុងដើរលើមាគ៌ាដ៏ត្រឹមត្រូវក្នុងការកសាងនិងអភិវឌ្ឍន៍ជាតិ ដែលនាំទៅដល់ការធានាបាន នូវការប្រើប្រាស់សិទ្ធិនិងសេរីភាពជាមូលដ្ឋានកាន់តែទូលំទូលាយនិងប្រសើរឡើងជាលំដាប់។
សូមបញ្ជាក់ថា អនុសាសន៍ទាំងអស់ដែលតំណាងប្រទេសនានាបានផ្តល់ឱ្យកម្ពុជា គ.ស.ម.ក. ដែល ជាសេនាធិការរបស់រាជរដ្ឋាភិបាល នឹងយកមកពិនិត្យពិភាក្សាជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច និងភាគី ពាក់ព័ន្ធនានា ដើម្បីសម្រេចពីអនុសាសន៍ដែលត្រូវទទួលយកមកអនុវត្ត និងការធ្វើការកត់សម្គាល់ចំពោះ អនុសាសន៍ទាំងឡាយណា ដែលមិនឆ្លុះបញ្ចាំងពីការពិត គ្មានមូលដ្ឋានច្បាស់លាស់ មានចរិតនយោបាយ ឬមិនស្របនឹងបរិបទប្រទេសកម្ពុជា។
ជារួម នៅក្នុងដំណើរការនៃការពិនិត្យរបាយការណ៍ UPR ជុំទី៤នេះ ពិតជាបានផ្តល់ឱកាសសម្រាប់ គណៈប្រតិភូកម្ពុជា ក្នុងការចែករំលែកនិងបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនលើវិស័យសិទ្ធិមនុស្ស ព្រមទាំង ជាឱកាសក្នុងការពន្យល់បកស្រាយ និងបង្ហាញពីស្ថានពិតជាក់ស្តែងក្នុងប្រទេសកម្ពុជាលើបញ្ហាមួយចំនួន៕