ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភាកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធលោកជំទាវ ឈឹម ប៉ែននីឡា ដែលជាម្តាយ មីងជី ដូន មួយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ២០២៤នេះ ។
លោកជំទាវ ឈឹម ប៉ែននីឡា បានទទួលមរណភាពនៅវេលាម៉ោង ១៖៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២៤ ដោយរោគាពាធ នៅមន្ទីរពេទ្យប្រទេសថៃ។ សពរបស់លោកជំទាវ ត្រូវបានតម្កល់រៀបចំពិធី បុណ្យ តាមប្រពៃណីព្រះពុទ្ធសាសនានៅវត្តបទុមវតី។
ជាមួយនឹងការអញ្ជើញគោរពវិញ្ញាណក្ខន្ធនេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវសមានទុក្ខ យ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ម្តាយជាទីគោរពស្រឡាញ់។
ក្នុងសារចូលរួមរំលែកមរណទុក្ខ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកមរណភាពលោកជំទាវ ឈឹម ប៉ែននីឡា គឺជាការបាត់បង់ភរិយា មាតា ក្មេក យាយ និងយាយទួត ដែលប្រកបដោយ ព្រហ្មវិហារ ធម៌ សង្គហធម៌គំរូមួយរូប ដែលក្នុងឆាកជីវិតរបស់លោកជំទាវ បានប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី ធ្វើពលិកម្ម សព្វបែបយ៉ាងដើម្បីរួមចំណែកគាំពារ និងជ្រោមជ្រែងស្វាមី ក្នុងបេសកកម្មបម្រើជាតិមាតុភូមិ ព្រមទាំងខិតខំចិញ្ចឹមបីបាច់ ថែរក្សាអប់រំទូន្មានបុត្រធីតា ចៅ និងចៅទួត រហូតក្លាយជាកុលបុត្រ កុលធីតាដ៏ឆ្នើមរបស់សង្គមជាតិ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានផ្ញើសារលិខិតរំលែកមរណទុក្ខ
ផ្ញើជូន ឯកឧត្តម ឈួន សុធី ព្រមទាំងក្រុមគ្រួសារ ។
សម្តេចធិបតី ផ្ញើសារលិខិតរំលែកមរណទុក្ខថា ៖ ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខជាមួយ ឯកឧត្តម ព្រមទាំងក្រុមគ្រួសារ និងសូមសម្តែងនូវសេចក្តីសង្វេគ ប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅបំផុត ព្រោះថាការបាត់បង់ លោកជំទាវ ឈឹម ប៉ែននីឡា គឺជាការបាត់បង់នូវភរិយា ដែលប្រកបដោយសង្គហធម៌ ដ៏ឧត្តុង្គឧត្តមចំពោះស្វាមី និងជាការបាត់បង់ម្តាយ ប្រកបដោយព្រហ្មវិហារធម៌ចំពោះបុត្រាបុត្រី រួមនឹងញាតិមិត្ត ជិតឆ្ងាយទាំងអស់ជាទីស្រលាញ់។
ជាមួយគ្នានេះ ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកជំទាវ ឈឹម ប៉ែននីឡា សូមឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ ៕