ភ្នំពេញ៖ សមិទ្ធិផលនានា នៅវត្ដសិរីសោភា (ហៅវត្ដអង្គតាមិញ) កើតឡើងដោយសទ្ធាជ្រះថ្លាពុទ្ធបរិសទ័ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ដោយមានការចូលរួមជាអធិបតី
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០២៤ ស្ថិតក្នុងសង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ថា៖ សមិទ្ធផលដែលយើងសម្ពោធនៅពេលនេះគឺកើតចេញពីការខិតខំប្រឹងប្រែងរបស់សប្បុរសជននិងពុទ្ធបរិស័ទជិតឆ្ងាយ។ យើងទាំងអស់គ្នាត្រូវចងចាំថា ការដែលយើងអាចជួបជុំនាំគ្នា កសាងនូវសមិទ្ធផល នៅក្នុងទីនេះបាន គឺដោយសារយើងរស់នៅក្នុងដំបូលសន្តិភាព ដែលបានផ្ដល់ឱកាសឲ្យយើងជួបជុំគ្នា ធ្វើបុណ្យរួមគ្នាបាន។
លោក បានបន្តថា៖ សន្តិភាព ស្ថេរភាពនយោបាយបាននាំឲ្យយើងមានឱកាស ក្នុងការអភិវឌ្ឍ ប្រទេសជាតិឲ្យរីកចម្រើន ជាមួយនឹងការធ្វើឲ្យប្រទេសជាតិមានឈ្មោះបោះសំឡេង នៅលើឆាកអន្តរជាតិ តាមរយៈកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលធំៗ ដែលមានទាំងថ្នាក់ដឹកនាំកំពូលៗនៃប្រទេសមហាអំណាចនៅលើពិភពលោក ក៏បានមកចូលរួមប្រជុំដល់កម្ពុជា ហើយកម្ពុជា រក្សាបាននូវសន្តិសុខពេញលេញ សម្រាប់ថ្នាក់ដឹកនាំទាំងនោះផងដែរ។ កត្តាសុខសន្តិភាពទាំងនេះ គឺបានមកពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដោយសម្ដេចបានប្ដូរជីវិតចំពោះជាតិតាំងពីឆ្នាំ ១៩៧៧ រហូតទទួលបានសន្តិភាពពេញលេញនៅទូទាំងប្រទេសនៅឆ្នាំ ១៩៩៨។
ក្នុងឱកាសនោះដែរ លោក ហ៊ុន ម៉ានី ក៏បានសូមឱ្យ បងប្អូនប្រជាពលរដ្ឋ មហាជន សិស្ស និស្សិតទាំងអស់ រួមគ្នា គាំទ្រ ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ ក្រោម ការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែននិងសម្ដេចបវរធិបតីហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី ដើម្បីឲ្យគម្រោងនេះ សម្រេចបានជោគជ័យសម្រាប់ជាផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាយើង។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ ក៏បានមានប្រសាស ន៍លើកឡើងពីប្រវត្តិនៃវត្តអង្គតាម៉ិញ បាន បញ្ជាក់ថា៖ ទីតាំងវត្តអង្គតាមិញ ពីមុនជា
វាលស្រែ ដែលម្ចាស់ដីស្រែនោះ ឈ្មោះលោកតាម៉ិញ។ តាម៉ិញគាត់បានប្រគល់ដីនេះជូនព្រះសង្ឃហើយព្រះសង្ឃក៏បានសម្រេចដាក់ឈ្មោះវត្តនេះជាអង្គតាម៉ិញ ក្នុងឆ្នាំ១៨៩៨ ។ បច្ចុប្បន្ន វត្តអង្គតាម៉ិញ បានប្រើឈ្មោះមួយទៀត គឺវត្តគោកចំបក់។ ការដាក់ឈ្មោះវត្តគោកចំបក់នេះ ដោយសារទីវត្តអារាមនេះមានដើមចំបក់ដ៏ធំមួយ។ វត្តអង្គមិញ គិត មកដល់ពេលនេះមានអាយុកាល១២៦ឆ្នាំហើយ ជាវត្តមាន បារមីស័កសិទ្ធដែលធ្វើឱ្យពុទ្ធបរិស័ទនិងប្រជាពលរដ្ឋមានជំនឿ ជឿងជាក់យ៉ាងខ្លាំងផងដែរ។
លោកបានបន្ដថា៖ ចំពោះសមិទ្ធផលដែលសម្ពោធដាក់ឲ្យប្រើប្រាស់នានាពេលនេះ មានដូចជាការកសាង ប្រាសាទ ការពង្រីកសាលាធម្មសភា ការកសាងព្រះពុទ្ធរូបអង្គធំកម្ពស់១៥ ម៉ែត្រមួយអង្គជាមួយនឹងព្រះពុទ្ធរូបតូចៗចំនួន១៤អង្គ គំនូរ និងសមិទ្ធផលផ្សេងៗ ទៀត ដែលសរុបជាទៅប្រាក់ប្រមាណ៣០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក៕ ដោយ . សំរិត