ក្រសួងសាធារណការ ប្រកាសចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនខិលខូចឬក្រុមហ៊ុនណាដែលធានាផ្តល់សិទ្ធិក្នុងការសាងសង់ផ្លូវជាតិលេខ៦៧ដោយមិនឆ្លងកាត់នីតិវិធីដេញថ្លៃជាសាធារណៈ

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីទទួលដំណឹងថា មានជនខិលខូចមួយចំនួនតូចបានប្រើប្រាស់ឯកសារ និងព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ៦៧ (សៀមរាប-អន្លង់វែង-ច្រកអន្តរជាតិជាំ/សាង៉ាំ) ដោយធានាផ្តល់សិទ្ធិក្នុងការសាងសង់ផ្លូវជាតិលេខ៦៧ ដោយមិនឆ្លងកាត់នីតិវិធីដេញថ្លៃជាសាធារណៈនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសថា នឹងចាត់វិធានការតាមផ្លូវច្បាប់ដល់ជនឬក្រុមហ៊ុនណា ដែលប្រកាសថា ខ្លួនទទួលបានគម្រោងដោយមិនមានការដេញថ្លៃ ឬក្លែងព័ត៌មានយកទៅបោកប្រាស់ដើម្បីកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រសួង នឹងចាប់ផ្ដើមជ្រើសរើសក្រុមហ៊ុន សម្រាប់សាងសង់ផ្លូវជាតិលេខ៦៧ នេះ នៅត្រីមាសទី១ ឆ្នាំ២០២៥ខាងមុខនេះ។

យោងតាមសេចក្ដីជូនដំណឹងនោះដែរ បានឱ្យដឹងថា ជាការពិតកំណាត់ផ្លូវជាតិលេខ ៦៧ ប្រវែង១៣១,៤៦៤ គីឡូម៉ែត្រ គឺជាបេក្ខភាពគម្រោង ដែលក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវធ្វើការស្តារ និងពង្រឹងគុណភាពឡើងវិញ ក្រោមកម្ចីឥណទានសម្បទានពីទីភ្នាក់ងារសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច នៃប្រទេសជិតខាងនៃព្រះរាជាណាចក្រថៃ (NEDA) លេខ CFA004-2022 កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២។ កិច្ចព្រមព្រៀងឥណទាននេះ មានទំហំទឹកប្រាក់៩៨៣លានបាត (ស្មើនឹងប្រមាណ២៩លានដុល្លារអាមេរិក) ហើយចំពោះបរិមាណការងារ គឺរក្សាតាមទំហំផ្លូវចាស់ដដែល លើកលែងតែតំបន់ទីប្រជុំជន និងផ្លូវប្រសព្វសំខាន់ៗ ដែលត្រូវកែសម្រួលឱ្យ ស្របតាមស្ថានភាព និងតម្រូវការជាក់ស្តែង។

ចំពោះនីតិវិធីក្នុងការជ្រើសរើសក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនសាងសង់ គឺត្រូវធ្វើឡើងតាមរយៈការដេញថ្លៃជាសាធារណៈ និងប្រើប្រាស់នីតិវិធីលទ្ធកម្មទៅតាម Standard Operation Procedures (SOP) របស់ព្រះរាជាណាចក្រកម្ពុជា និងលក្ខខណ្ឌផ្សេងៗដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងកម្ចីឥណទាន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print