ភ្នំពេញ៖ ក្រោយពីចំណាយការផលិតអស់រយៈពេលជាយូរមកហើយខ្សែភាពយន្តភាគរឿង «ផ្កាបួនទង» របស់ផលិតកម្ម Rock នឹងបញ្ចប់ការផលិតរបស់ខ្លួនជាផ្លូវការនៅពេលឆាប់ៗខាងមុខនេះ។ ជាមួយគ្នានេះតារាប្រុសស្រីល្បីឈ្មោះជាច្រើនរូបបានបន្តដំណើរចេញទៅផ្តិតយកទស្សនីយភាពផ្ទាល់នៅលើទឹកដីនៃប្រទេសសិង្ហបុរី និងប្រទេសម៉ាឡេស៊ីផងដែរ។
ការចេញដំណើរបង្ហាញបេសកម្មថតភាពយន្តនេះត្រូវបានរៀបចំធ្វើឡើងកាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ នាអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញដោយសរុបទាំងតួនិងក្រុមការងារទាំងអស់មានចំនួន១៣នាក់ផងដែរ។ តារាដែលជាតួអង្គសំខាន់ៗទាំង ៨រូបរួមមានកញ្ញាអាង សូនីតា កញ្ញានីតា វរវង្ស កញ្ញារ៉ូឡា កញ្ញាហាណា កញ្ញាដួង ម៉ានិច លោកសឿន វីតា លោកទិត្យា ព្រមទាំងក្រុមការងារផលិតមួយចំនួនទៀត។
លោក មុំ ស៊ីថាវង្ស ហៅលោក ផាត់យុទ្ឋ ជាអ្នកដឹកនាំរឿងដែលមានបទពិសោធន៍អស់ជាច្រើនឆ្នាំមកហើយនោះបានបញ្ជាក់ឲ្យដឹងថា មូលហេតុដែលចេញទៅថតនៅសិង្ហបុរីនិងម៉ាឡេស៊ីព្រោះសាច់រឿងនេះបានឲ្យដឹងថា ឪពុកម្តាយតួស្រី ជាអ្នករកស៊ីនៅក្រៅប្រទេសឆ្លងស្រុកខ្មែរញឹកញាប់ ហើយក៏មានឈុតឆាកតួអង្គក្នុងរឿងនោះក៏នៅស្រុកក្រៅដែរដោយការចេញទៅលើកនេះមានតារាសម្តែង៨ដួងថតនៅតំបន់មួយចំនួននៃប្រទេសទាំងពីរខាងលើ។
លោកនិយាយទៀតថា នៅពេលចំណាយពេលថតនៅស្រុកគេគឺពិតជាចំណាយប្រាក់ច្រើនគួរសមដោយពីរប្រទេសនេះរយៈពេល៦ទៅ៧ថ្ងៃតាមគម្រោយយើងចាយអស់ជាង១ម៉ឺនដុល្លារដែលសរុបការចំណាយលើការបផលិតរឿងនេះអស់ប្រមាណជាង ១០ម៉ឺនដុល្លារ។
លោកបន្តថារឿង «ផ្កាបួនទង» ចំណាយពេលរហូតដល់១ឆ្នាំកន្លះដោយមានចំនួន ៨០ភាគគ្រោងចាក់ផ្សាយនៅទូរទស្សន៍ CTN ក្នុងអំឡុងចុងឆ្នាំ២០១៦ ឬដើមឆ្នាំ២០១៧ ដែលពេលនេះថតបាន ៩០ភាគរយហើយ។ ការរំពឹងទទួលបានការគាំទ្រអាស្រ័យលើអ្នកទស្សនាជាអ្នកវាយតម្លៃ ប៉ុន្តែក្រុមផលិតករនិងសិល្បករពិតជាខិតខំធ្វើយ៉ាងណាឲ្យល្អនិងមានគុណភាព។
លោកបញ្ជាក់ដែរថា រឿង «ផ្កាបួនទង» នេះបានបង្កប់ការអប់រំឲ្យយុវជនគេចពីបញ្ហាគ្រឿងញៀន ជៀសវាងការគុំគួនប្រើអំពើហឹង្សាក្នុងសង្គម គ្រួសារ បើខ្លួនក្រត្រូវចេះខំរក កុំចាយវាយលើសពីសមត្ថភាពយកមេឃទ្រាប់អង្គុយនេះជាការបង្កប់អត្ថន័យ។ អ្នកដឹកនាំរឿងរូបនេះក៏ធ្លាប់ទទួលបានការផលិតរឿងបានលទ្ឋផលល្អគួរឲ្យចាប់អារម្មណ៍ផងដែរដូចជាផលិតរឿង «មនុស្សឬខ្មោច» «នាងមច្ឆា» «ចៅពស់កេងកង» ដោយលោកមានបទពិសោធន៍ផ្នែកនេះជិត៣០ឆ្នាំមកហើយ។ ក្រោយបញ្ចប់រឿង «ផ្កាបួនទង» លោកត្រៀមផលិតរឿង «និស្ស័យ» ដោយកំពុងតែរៀបចំផែនការក្នុងពេលដែលលោកអះអាងថា ជារឿងគួរឲ្យចាប់អារម្មណ៍មិនធម្មតាដែរនោះ។
លោក សឿន វីតា ដែលជាតួអង្គសំខាន់ក្នុងសាច់រឿងហើយមានឱកាសចេញទៅថតនៅប្រទេសទាំងពីរដែរនោះបានបង្ហាញនូវអារម្មណ៍ថា លោករីករាយដែលមានឱកាសជាមួយតារាដទៃទៀតក៍ដូចជាបងៗក្រុមការងារទាំងអស់បានចូលរួមចេញទៅថតនៅស្រុកគេបើទោះជាយើងមានកម្រិតភាពយន្តខ្មែរបែបណាក៍យើងសុទ្ឋតែប្រឹងប្រែងទាំងអស់គ្នាដើម្បីកុនខ្មែរ។
កញ្ញា ឌួង ម៉ានិច បានបញ្ជាក់ថា ក្នុងខ្សែភាពយន្តនេះទាំងផលិតករ និងសិល្បករពិតជាខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរៀងៗដើម្បីប្រាកដថាជាខ្សែភាពយន្តភាគទាក់ទាញការចាប់អារម្មណ៍ពីទស្សនិកជន។ នាងរំពឹងថា ខ្សែភាពយន្តនេះនឹងផ្តល់នូវការកម្សាន្តប្លែងព្រោះតែសាច់រឿងល្អ តារាសម្តែងល្បីឈ្មោះ និងបានផ្តិតយកទេសភាពស្រសត្រកាលរបស់កម្ពុជា ប្រទេសសិង្ហបុរី និងប្រទេសម៉ាឡេស៊ីផងដែរ។ នាងក៏ស្នើឲ្យទស្សនិកជនជួយបន្តការគាំទ្រលើស្នាដៃផលិតខ្សែភាពយន្តខ្មែរដើម្បីជាកម្លាំងចិត្តសម្រាប់ផលិតករសិល្បករផងដែរ៕
ដោយ៖ វឌ្ឍនា