សារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០២៤បានផ្សាយថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃសៅរ៍នេះបានរាយការណ៍ថា ចាប់ផ្តើមពីឆ្នាំនេះតទៅ ទីក្រុងព្យុងយ៉ាងនឹងបំពាក់ ប្រព័ន្ធបាញ់រ៉ុក្កែតប្រភេទ២៤០មិល្លីម៉ែត្រថ្មី ដល់យោធារបស់ខ្លួន។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ មេដឹកនាំកំពូលលោក គីម ជុងអ៊ុន បានចុះពិនិត្យការបាញ់តេស្តប្រព័ន្ធរ៉ុក្កែត ដែលត្រូវបានដំឡើងសមត្ថភាពបច្ចេកទេសនោះ។ កាលពីខែកុម្ភៈ ឆ្នាំនេះ ទីក្រុងព្យុងយ៉ាងក៏បានប្រកាសឱ្យដឹងដែរថា ខ្លួនបានអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងថ្មីមួយ សម្រាប់ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតប្រភេទ២៤០មិល្លីម៉ែត្រ ហើយកាលពីខែមេសា បានធ្វើតេស្តបាញ់ក្បាលគ្រាប់រ៉ុក្កែតថ្មី។ បើយោងតាម KCNA ប្រព័ន្ធបាញ់រ៉ុក្កែតខាងលើ នឹងត្រូវដាក់ពង្រាយដើម្បីជំនួសសព្វាវុធចាស់ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦។
ការធ្វើតេស្តទាំងនេះកើតមានឡើង ស្របពេលក្រុមអ្នកវិភាគមើលឃើញថា កូរ៉េខាងជើងអាចកំពុងតែប្រឹងប្រែងធ្វើតេស្តក៏ដូចជាបង្កើនការផលិតប្រព័ន្ធរ៉ុក្កែតនិងមីស៉ីលគ្រូស មុនពេលបញ្ជូនពួកវាទៅឱ្យប្រទេសរុស្ស៉ី សម្រាប់ប្រើប្រាស់ក្នុងសង្រ្គាមនៅអ៊ុយក្រែន។ មួយរយៈចុងក្រោយនេះ កូរ៉េខាងជើងត្រូវគេសង្កេតឃើញថា បានពង្រឹងទំនាក់ទំនងយោធាគួរឱ្យកត់សម្គាល់ជាមួយរុស្ស៉ី ហើយកាលពីខែមេសាកន្លងទៅ ទីក្រុងព្យុងយ៉ាងបានអរគុណរុស្ស៉ី ដែលបានរារាំងការផ្តល់អាណត្តិជាថ្មីនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដល់ក្រុមអ្នកជំនាញឃ្លាំមើលការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ជុំវិញកម្មវិធីមីស៉ីលនិងអាវុធនុយក្លេអ៊ែរ៕ ដោយធីរីណា
រូបថត: KCNA