សារលិខិតថ្វាយព្រះពរ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្វាយព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនព្រះជន្ម គម្រប់ ៧១ យាងចូល ៧២ ព្រះវស្សា នៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជា សារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

បពិត្រ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ស្ថិតក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ ព្រះវស្សា របស់ ព្រះករុណាថ្លៃវិសេស ជាបឋមខ្ញុំម្ចាស់ និងសហការីគ្រប់រូប នៃកាកបាទក្រហមកម្ពុជា មានសេចក្តី សោមនស្សរីករាយជាអនេកប្បការ និងសូមព្រះបរមរាជានុញ្ញាតលំឱនកាយថ្វាយព្រះសព្ទសាធុការពរ បវរសួស្តី សិរីវឌ្ឍនាជយាមហាប្រសើរសូម ព្រះករុណាជាអម្ចាស់ជីវិត ស្ដេចទ្រង់ប្រកបដោយព្រះរាជសុខភាពល្អពេញ បរិបូរណ៍ ព្រះកាយពលមាំមួនខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មាទីយាយឺនយូរជាងរយព្រះវស្សា ដើម្បី ព្រះអង្គស្ដេចគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជំសម្រាប់ប្រជាពលរដ្ឋជាបង ប្អូន កូនចៅ របស់ព្រះអង្គជ្រកកោន បានក្តីសុខក្សេមក្សាន្តជានិច្ចនិរន្តរ៍ តរៀងទៅ។

ក្នុងព្រះរាជពិធីព្រះជន្មវឌ្ឍនមង្គលដ៏វិសេសវិសាលនេះ ខ្ញុំម្ចាស់ និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាតជាថ្មី ថ្លែងនូវសក្ខីកម្មជាវិជ្ជមានជាអតិបរមា ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិត ដែល ជានិច្ចកាលព្រះអង្គតែងតែបំពេញព្រះរាជបូជនីយកិច្ចបម្រើឧត្តមប្រយោជន៍ជាតិ សាសនា និងមហាប្រជាពលរដ្ឋ របស់ព្រះអង្គ ប្រកបដោយព្រះទសពិធរាជធម៌ ព្រះសង្គហធម៌ និងព្រះមនុស្សធម៌។ល។ ជាក់ស្តែងយាងតាម ព្រះរាជលំអាន និងព្រះរាជវីរគំរូ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈ ព្រះអង្គ ស្តេចតែងប្រោសព្រះរាជូបត្ថម្ភគាំទ្រកាកបាទក្រហមកម្ពុជា នៅគ្រប់កាលៈទេសៈ។

ក្នុងវរោកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ខ្ញុំម្ចាស់ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យឧទ្ទិសបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ព្រមទាំងដួងព្រះវិញ្ញាណក្ខន្ធអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមជួយអភិបាលប្រោះព្រំគ្រងរក្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់ប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ប្រោសព្រះរាជមេត្តាទទួលនូវអភិវន្ទនកិច្ច និងសេចក្តីគោរពដ៏ ជ្រាលជ្រៅបំផុត ពីខ្ញុំម្ចាស់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print