ខេត្តបន្ទាយមានជ័យៈ ជនសង្ស័យគ្រឿងញៀនខ្មែរនិងឥណ្ឌូនេស៊ីទាំង២នាក់រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។
សមត្ថកិច្ចបញ្ជាក់ថាៈនៅវេលាម៉ោង១៦និង០០នាទី ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការបង្រ្កាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចដីស ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០២នាក់ គឺ១-ឈ្មោះ នីកូឡាស់ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត (ជួញដូរ និងប្រើប្រាស់), ២-ឈ្មោះ ផល្លី វណ្ណវាសនា ហៅពេជ្រ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នរស់ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(ជួញដូរ)។ ក្នុងប្រតិបត្តិការនោះកម្លាំងចាប់យកសម្ភារវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា (កេតាមីន) ចំនួន០១ថង់កិប ទម្ងន់ ៥,៥៤ក្រាម, កញ្ចប់ម្សៅពណ៌ស្វាយរូបផ្លែទំពាំងបាយជូរ (អុិចស្តាស៊ី) ចំនួន ០៥កញ្ចប់ ទម្ងន់ ៣២,៦០ក្រាម, កញ្ចប់ម្សៅពណ៌ក្រហមរូបសេះ (អុិចស្តាស៊ី) ចំនួន ១០កញ្ចប់ ទម្ងន់៦៥,៩០ក្រាម, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង, ទូរស័ព្ទចំនួន០២គ្រឿង។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា មុនឈានដល់ការបង្រា្កបករណីខាងលើនេះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចខាងលេី ភ្លាមៗនោះកម្លាំងបានចុះទៅដល់ចំណុចកើតហេតុបានប្រទះនឹងជនសង្ស័យម្នាក់ឈ្មោះ នីកូឡាស់ ជនជាតិឥណ្ឌូនេស៊ី ហើយបានធ្វើការឆែកឆេរលើខ្លួនរកឃើញគ្រឿងញៀន ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីចាត់ការតាមនីតិវិធី។ បន្ទាប់មកវេលាម៉ោង២២និង០០នាទី ថ្ងៃខែឆ្នាំដដែល នៅចំណុចមុខខារ៉ាអូខេ៦១៩ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កម្លាំងបានបន្តប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ផល្លី វណ្ណវាសនា ហៅ ពេជ្រ ព្រមទាំងចាប់យកវត្ថុតាងគ្រឿងញៀនបានមួយចំនួនទៀត។ ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លេីយសារភាពថា ពួកខ្លួនពិតជាបានទិញគ្រឿងញៀមកទុកលក់ផង និងប្រើប្រាស់ដោយខ្លួនឯងផង។ ដោយផ្អែកលេីចម្លេីយសារភាពនិងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ។ ជនសង្ស័យទាំង២នាក់រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕ដោយវណ្ណា