ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា សម្តែងការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង មិនចេះនឿយហត់ ប្រកបដោយឆន្ទៈ និងមនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តម របស់កងកម្លាំងនគរបាលជាតិ

ចែករំលែក៖

ភ្នំពេញ ៖ សារលិខិតជូនពរ ឯកឧត្តមអគ្គិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងឱកាសរំឭកខួបអនុស្សាវរីយ៍លើកទី ៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា

ឯកឧត្តម លោកជំទាវ លោក លោកស្រី កងកម្លាំងនគរបាលជាតិ ជាទីស្នេហា !

នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥ អង្គប្រតិបត្តិច្បាប់កម្ពុជាដែលត្រូវបានប្រសិទ្ធនាមថា “នគរបាលជាតិ” ដែលមានតួនាទីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ត្រូវបាន ចាប់បដិសន្ធិឡើងក្រោមស្នាព្រះហស្តដ៏ថ្លៃថ្លារបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ “ព្រះបរមរតនកោដ្ឋ” ដែលគិតមកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ មានគម្រប់ ៧៩ឆ្នាំហើយ។

តាងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមចូលរួមអបអរសាទរទិវា ជាប្រវត្តិសាស្ត្រនេះ ដោយក្តីស្មោះស្ម័គ្រ និងសូមផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា ស្រលាញ់រាប់អានយ៉ាងជ្រាលជ្រៅ ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស ព្រមទាំងនិវត្តជននគរបាលជាតិទាំងអស់ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៃកម្ពុជា។ ទន្ទឹមនេះខ្ញុំក៏សូមផ្តាំផ្ញើនូវការសាកសួរសុខទុក្ខដល់ មន្ត្រីនគរបាលជាតិដែលមានជំងឺ ឬរបួស កំពុងសម្រាកព្យាបាលនៅតាមគេហដ្ឋាន មណ្ឌលសុខភាព និង មន្ទីរពេទ្យ សូម ជាសះស្បើយ បានវិលត្រឡប់មករួមរស់ជួបជុំក្រុមគ្រួសារ មិត្តភក្តិ សហការី និងបានចូល បម្រើការងារនៅតាមអង្គភាពវិញ។

ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាទីមេត្រី !

ឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤នេះ សភាពការណ៍សន្តិសុខពិភពលោក មានការប្រែប្រួល ស្មុគស្មាញ ជះឥទ្ធិពលអវិជ្ជមាន ប៉ះពាល់ដល់ប្រទេសជាច្រើន ទាំងក្នុងនិងក្រៅតំបន់ ដោយឡែក ព្រះរាជាណាចក្រកម្ពុជានៅតែបន្តរក្សាបានយ៉ាងរឹងមាំនូវសុខសន្តិភាព ខឿនឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី និងស្ថិរភាពសន្តិសុខផ្ទៃក្នុង។ បណ្តាគោលដៅនយោបាយ ការទូត វប្បធម៌ សេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ ក៏ដូចជាព្រះរាជបេសកកម្មរបស់ព្រះមហាក្សត្រ បេសកកម្មរបស់ឥស្សរជនជាន់ខ្ពស់ គណៈប្រតិភូជាតិ អន្តរជាតិ ព្រឹត្តិការណ៍សំខាន់ៗជាប្រវត្តិសាស្ត្រ ព្រមទាំងសកម្មភាពជីវភាពសង្គម ត្រូវបានប្រព្រឹត្តទៅ ប្រកបដោយសុវត្ថិភាព ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាមានមូលដ្ឋានកាន់តែរឹងមាំថែមទៀត ក្នុងដំណើរការ អភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាព ដែលជាការលើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិ ឱ្យខ្ពស់ត្រដែត លើផ្ទៃរាបអន្តរជាតិ និងបានឆ្លុះបញ្ចាំងអំពីភាពម្ចាស់ការ ប្រកបដោយថាមពលក្នុងការពង្រឹងវិស័យសន្តិសុខ លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។

ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ខ្ញុំសូមសម្តែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្របំផុតចំពោះ កិច្ចខិតខំប្រឹងប្រែងមិនចេះនឿយហត់ ប្រកបដោយឆន្ទៈ និងមនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តម របស់កងកម្លាំង នគរបាលជាតិ ក្នុងការចាត់តាំងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវច្បាប់ បទដ្ឋានគតិយុត្ត និងគោលការណ៍ បទបញ្ជា វិធានការនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អាស្រ័យដោយសភាពការណ៍បត់បែនប្រកបដោយហានិភ័យ របស់ពិភពលោក ដែលកំពុងប្រឈមនឹងបញ្ហាភូមិសាស្ត្រនយោបាយ ការប្រកួតប្រជែងឧត្តមភាពយោធា សង្គ្រាមនៅតាមតំបន់ ជម្លោះជាតិសាសន៍ ក៏ដូចជានិន្នាការកើនឡើងនៃសកម្មភាពបទឧក្រិដ្ឋកម្មឆ្លងដែន នាំឱ្យព្រះរាជាណាចក្រកម្ពុជា មិនអាចមើលរំលងចំពោះឥទ្ធិពលអវិជ្ជមានទាំងនោះ គួបផ្សំនឹងបញ្ហាមួយ ចំនួនដែលមិនទាន់ដោះស្រាយពាក់ព័ន្ធដល់វិស័យសន្តិសុខ សណ្តាប់ធ្នាប់សង្គមនាពេលកន្លងមក ជាហេតុ ធ្វើឱ្យសភាពការណ៍នាពេលខាងមុខ អាចនឹងលេចឡើងនូវហានិភ័យមួយចំនួនមិនអាចប៉ាន់ស្មានបាន ដែល ទាមទារឱ្យកងកម្លាំងនគរបាលជាតិ ត្រូវបន្តលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច និងខិតខំបំពេញ ភារកិច្ចប្រកបដោយមនសិការវិជ្ជាជីវៈ ដើម្បីរួមគ្នាការពារសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការពារសមិទ្ធផលជាតិ លើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិ ព្រមទាំងបម្រើប្រជាពលរដ្ឋដោយភក្ដីភាព។ ខ្ញុំមានសេចក្តីសង្ឃឹម និងជឿជាក់យ៉ាង មុតមាំថា កងកម្លាំងនគរបាលទាំងអស់នឹងបន្តអភិវឌ្ឍខ្លួនឲ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីសម្រេចនូវ បេសកកម្មដ៏ថ្លៃថ្លាជាប្រវត្តិសាស្ត្ររបស់ខ្លួន ក្នុងនាមជាសេវាករបម្រើប្រជាពលរដ្ឋ និងជាបង្អែកយ៉ាងរឹងមាំ សម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យនិងគ្រប់កាលៈទេសៈ។

ឆ្លៀតឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមឧទ្ទិសនូវកតញ្ញូកតវេទី ជូនចំពោះវិញ្ញាណក្ខន្ធបុព្វបុរស នៃកងកម្លាំងនគរបាលជាតិគ្រប់ជំនាន់ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីសេចក្តីសុខក្សេមក្សាន្ត របស់ប្រជាពលរដ្ឋ និងសង្គមជាតិ ព្រមទាំងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋទូទាំង ប្រទេស ដែលបានអនុញ្ញាតឲ្យកូនចៅ ស្វាមី ភរិយា សាច់ញាតិ ចូលបម្រើក្នុងជួរកងកម្លាំងនគរបាលជាតិ និងបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់បេសកកម្មរបស់នគរបាលជាតិតាំងពីដើមរៀងរហូតមក។

ក្នុងទិវាដ៏អធិកអធមនៃការរំឭកខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជានេះ ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំ សព្ទសាធុការពរ បវរសួស្តី សិរីមង្គល វិបុលសុខគ្រប់ប្រការជូនដល់កងកម្លាំងនគរបាល ជាតិទូទាំងប្រទេស សូមប្រកបដោយពុទ្ធពរ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print