នាយកដ្ឋានការងារថៃកាលពីថ្ងៃទី (១០ ឧសភា) បានលុបចោលការផ្អាកការបញ្ជូនពលករថៃទៅធ្វើការនៅអុីស្រាអែល បន្ទាប់ពីបានវាយតម្លៃស្ថានភាពយ៉ាងហ្មត់ចត់ជាមួយភ្នាក់ងារពាក់ព័ន្ធនិងទទួលបានការធានាពីសាកលវិទ្យាល័យថៃស្តីពីសុវត្ថិភាពពលករថៃ។
ប្រធាននាយកដ្ឋានការងារនៃក្រសួងការងារថៃ លោក Somchai Morakotsriwan មានប្រសាសន៍ថា អុីស្រាអែលនៅតែជាកន្លែងទាក់ទាញសម្រាប់ប្រជាជនថៃដែលកំពុងស្វែងរកការងារធ្វើនៅបរទេស ហើយប្រជាជនថៃជាង 30.000 នាក់បានបង្ហាញពីចំណាប់អារម្មណ៍លើឱកាសការងារនៅក្នុងប្រទេសអុីស្រាអែល។
បច្ចុប្បន្ននេះប្រទេសថៃមានកូតានៃកម្មករកសិកម្មចំនួន 5,000 នាក់ នៅក្នុងប្រទេសអុីស្រាអែលចាប់ពីខែមិថុនាដល់ខែធ្នូឆ្នាំ 2024 នេះបើយោងតាមការប្រកាសរបស់ទីភ្នាក់ងារប្រជាជនអន្តោប្រវេសន៍ និងព្រំដែនអុីស្រាអែល (PIBA)។ ស្ថានទូតអុីស្រាអែលក៏បានធានាផងដែរថា កម្មករថៃនឹងធ្វើការនៅក្នុងតំបន់សុវត្ថិភាព ដោយមានផែនការឆ្លើយតបបន្ទាន់ រួមទាំងនីតិវិធីជម្លៀសចេញផងដែរ ក្នុងករណីមានគ្រោះថ្នាក់។
នាយកដ្ឋានការងារថៃក៏បាននិយាយផងដែរថា បណ្តុំដំបូងនៃពលករថៃដែលទៅធ្វើការនៅអុីស្រាអែលនៅឆ្នាំនេះនឹងមានក្រុមចំនួន 1,200 នាក់ដែលត្រូវបានពន្យារពេលកាលពីចុងឆ្នាំមុន បន្ទាប់ពីការវាយប្រហារដោយកងកម្លាំងហាម៉ាស់នៅអុីស្រាអែលនាពេលកន្លងទៅ។ កម្មករក្រុមនេះនឹងត្រូវបានបំពាក់ដោយជំនាញទប់ទល់ក្នុងស្ថានភាពអាសន្នមុនពេលចេញដំណើរ។
ស្ថានទូតថៃប្រចាំនៅទីក្រុងTel Aviv ក៏បានណែនាំដល់កម្មករឱ្យគោរពតាមពិធីសារសុវត្ថិភាព ដែលចេញដោយអាជ្ញាធរអុីស្រាអែល ដោយសារនៅតែមានហានិភ័យនៃអំពើហិង្សានៅក្នុងតំបន់ព្រំដែនភាគខាងជើងនិងនៅជិតតំបន់ហ្គាហ្សាស្ទ្រីប។
ក្រសួងការបរទេសថៃបាននិយាយថា ក្នុងចំណោមពលករថៃជិត 30,000 នាក់ដែលកំពុងធ្វើការនៅអុីស្រាអែលមុនពេលការវាយប្រហាររបស់ពួកហាម៉ាស់មាន 9,697 នាក់បានត្រឡប់មកប្រទេសថៃវិញហើយ ខណៈដែល 20,000 នាក់នៅតែស្ថិតក្នុងប្រទេសមជ្ឈិមបូព៌ាដើម្បីធ្វើការ៕ ដោយធីរីណា
រូបថត: VOV.VN