ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីបើកការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស សម័យប្រឡង៖ ១៣ ឧសភា ២០២៤ ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមពី អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មការ មេប្រយោគ លោកគ្រូ អ្នកគ្រូ និងបេក្ខជនប្រឡងជ្រើសរើសសិស្សពូកែមកពី២៥រាជធានី-ខេត្ត នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ។
ក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ បានផ្ដាំផ្ញើដល់គ្រប់សមាសភាពគណៈមេប្រយោគគ្រប់រូប ត្រូវបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីការងារប្រឡងប្រព្រឹត្តទៅប្រកបដោយលទ្ធផលវិជ្ជមាន ព្រមទាំងបានផ្ដាំផ្ញើដល់ក្មួយៗសិស្សានុសិស្សជាបេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡង ហើយខិតខំយកអស់សមត្ថភាព ដើម្បីដណ្ដើមជ័យលាភីកិត្តិយសជូនក្រុមគ្រួសារ សាលារៀន រាជធានី និងខេត្តរៀងៗខ្លួន ដោយប្រកាន់ខ្ជាប់នូវសុទិដ្ឋិនិយមចំពោះការប្រឡង។
សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា រៀបចំការប្រឡងសិស្សពូកែទូទាំងប្រទេសជារៀងរាល់ឆ្នាំ ដើម្បីពង្រឹងគុណភាពអប់រំ និងអភិវឌ្ឍធនធានមនុស្សប្រកបដោយសីលធម៌ និងចំណេះដឹងខ្ពស់ លើកទឹកចិត្តសិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រអាចបញ្ចេញអស់សមត្ថភាព បង្ហាញសក្ដានុពលរៀងខ្លួន។
ក្នុងដំណើរការប្រឡងសិស្សពូកែ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ត្រូវម្ចាស់ការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី ខេត្ត ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ដើម្បីដណ្តើមជ័យលាភីថ្នាក់រាជធានី ខេត្ត តាមមុខវិជ្ជា តាមកម្រិតថ្នាក់ តាមចំនួនកំណត់ក្នុងតារាងបែងចែកជូនភ្ជាប់ រួចបញ្ជូនបេក្ខភាពមកចូលរួមប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស។ ពិធីបិទ និងការប្រកាសលទ្ធផលប្រឡងសិស្សពូកែនឹងប្រព្រឹត្តទៅនាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤៕