សារព័ត៌មាន AFP បានផ្សាយថា ក្រុមអ្នកជួយសង្រ្គោះនៅក្នុងប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃអាទិត្យ ទី១២ ខែឧសភានេះបានឱ្យដឹងថាមនុស្សយ៉ាងហោច១២នាក់ ក្នុងនោះរួមមានទាំងកុមារផងបានស្លាប់ និង៤នាក់ផ្សេងទៀតបានបាត់ខ្លួន បន្ទាប់ពីទឹកជំនន់និងកម្អែភ្នំភ្លើងត្រជាក់ហូរចេញពីភ្នំភ្លើងមួយវាយប្រហារលើភាគខាងលិចនៃប្រទេសឥណ្ឌូណេស៊ី។
តាមទីភ្នាក់ងារជួយសង្រ្គោះនិងស្វែងរករបស់ឥណ្ឌូណេស៊ី មហន្តរាយខាងលើបានកើតឡើងក្នុងស្រុក Agam និង Tanah Datar នៃខេត្ត West Sumatra នៅម៉ោង១០៖៣០នាទីយប់ ថ្ងៃសៅរ៍ម្សិលមិញ ក្រោយភ្លៀងធ្លាក់ជាច្រើនម៉ោងបង្កជាគ្រោះទឹកជំនន់គួបផ្សំនឹងកម្អែភ្នំភ្លើងត្រជាក់ហូរចេញពីភ្នំភ្លើង Marapi។
នៅថ្ងៃអាទិត្យនេះដែរ លោក Abdul Malik ជាប្រធានទីភ្នាក់ជួយសង្រ្គោះក្នុងតំបន់ បានបញ្ជាក់ថាមនុស្ស១២នាក់បានស្លាប់ និង៤នាក់ផ្សេងទៀតបានបាត់ខ្លួន ក្នុងស្រុក Agam។ លោកបន្ថែមថា ក្នុងចំណោមអ្នកស្លាប់ មាន៩នាក់ត្រូវបានបញ្ជាក់អត្តសញ្ញាណ ហើយក្នុងនោះមានក្មេងអាយុ៣ឆ្នាំម្នាក់ និង៨ឆ្នាំម្នាក់ ខណៈដែលប្រតិបត្តិការជួយសង្រ្គោះនឹងបន្តធ្វើឡើងនៅថ្ងៃអាទិត្យនេះ។
កាលពីខែមីនាកន្លងទៅ មនុស្សយ៉ាងហោច២៦នាក់ក៏បានស្លាប់ផងដែរក្នុងគ្រោះរអិលបាក់ដីនិងទឹកជំនន់វាយប្រហារលើខេត្ត West Sumatra៕ ដោយធីរីណា
រូបថត: AP