អ្នកនាំពាក្យក្រសួងកសិកម្ម ៖ «រឿងសណ្តែកកួរឡើងថ្លៃ»

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃឹម ហ្វីណង់ នាល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ បានលើកឡើងថា ៖ «រឿងសណ្តែកកួរឡើងថ្លៃ» — សូមផ្ញើរជូនប្អូនប្រុសវិមានវិញ៖

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ៖ – សណ្តែកកួរឡើងថ្លៃទាំងនោះមិនមែនជាសណ្តែកកួរនាំចូលនោះទេ តែជាសណ្តែកកួររបស់បងប្អូនកសិករខ្មែរយើង ដែលនៅសេសសល់តិចតួចពីការខូចខាតដោយសារតែអាកាសធាតុក្តៅខ្លាំងពេក ហើយបានធ្វើឱ្យខូចខាតទិន្នផលពួកគាត់រហូតដល់ទៅ ៨០% ទៅ ៩០%។ កុំថាឡើយតែដំណាំ សូម្បីតែមនុស្សនិងសត្វក៏ធ្លាក់ឈឺពិបាកទ្រាំដែរ។ តាមពិតទៅ យើងមានតែជួយត្រេកអរដល់កសិករយើងទៅវិញទេ ដែលបានថ្លៃល្អហ្នឹងហើយគ្រាន់បានទប់កុំឱ្យសូវខាតនោះ។

– បើសណ្តែកកួរនាំចូលពិតជាមានតម្លៃ ១គីឡូ ៤មុឺនរៀល ហើយសណ្តែកកួរក្នុងស្រុកមិនបាន ៥០០រៀល ដូចប្អូននិយាយមែន ម៉្លេះសមមានអ្នកធ្វើសេដ្ឋីបាត់ទៅហើយ ព្រោះថាកសិករខ្មែរមិនអន់ដល់ថ្នាក់ដាំសណ្តែកកួរមិនបាននោះទេ។ ម្តេចមិនដើរប្រមូលទិញយកទៅលក់នៅផ្សារដើមគរទៅ?!

– គោលការណ៍នៃសេដ្ឋកិច្ចទីផ្សារគឺដូច្នេះឯង តែបរិមាណផ្គត់ផ្គង់ថយចុះភ្លាមៗយ៉ាងគំហុកបែបនេះ ប្រាកដជារុញឱ្យថ្លៃកើនឡើងហើយ តែក៏នៅមិនយូរដែរ តែថ្លៃល្អបែបនេះ ប្រាកដជាមានអ្នកសម្រុកនាំចូលពីក្រៅ និងអ្នកសម្រុកដាំ ហើយវានឹងទាញថ្លៃឱ្យថយចុះវិញមិនខាន។ អ្នកហូបទៀតសោតក៏ប្រហែលនឹងប្តូរទៅហូបអីផ្សេងដែរ ព្រោះមិនមែនមានន័យថាយើងអត់ហូបសណ្តែកកួរមិនបានឯណា។

– មិនច្បាស់ថាប្អូនយល់ច្រលំ ឬចង់បំពុលទេ តែការនិយាយរបស់ប្អូនពិតជាធ្វើឱ្យមានការយល់ច្រលំដល់សាធារណៈជន ស្រួលមិនស្រួល នាំឱ្យកសិករផ្អើលនាំគ្នាដាំសណ្តែកកួរដោយរំពឹងថានឹងបានថ្លៃ ហើយនាំឱ្យពួកគាត់ខាតទៀតផង។ 

ក្រសួងកសិកម្មពិតជាមានការងារច្រើនដែលត្រូវធ្វើ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមរបស់បងប្អូនកសិករយើង នៅក្នុងកាលៈទេសៈដែលការប្រែប្រួលអាកាសធាតុកំពុងតែជៈឥទ្ធិពលយ៉ាងខ្លាំងមកលើផលដំណាំរបស់ពួកគាត់។ យើងទាំងអស់គ្នាគួរណាស់តែជួយចូលរួមរកវិធីដោះស្រាយ មិនមែនប្រឹងផ្សព្វផ្សាយឱ្យរឹតតែច្របូកប្របល់នោះទេ។ សង្ឃឹមថាប្អូនវិមាននឹងធ្វើការកែតម្រូវកំហុសមួយនេះ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print