លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា ៖ ក្រសួងព័ត៌មាន បន្តចូលរួមធ្វើឱ្យសម្រេចបាននូវសិទ្ធិជាមូលដ្ឋានទាំង៤ របស់កុមារ ក្នុងបុព្វហេតុបង្កើតធនធានមនុស្សប្រកបដោយចំណេះដឹង មានសុជីវធម៌ គុណធម៌ ចរិយាធម៌ និងសីលធម៌

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងព័ត៌មាន បន្តចូលរួមធ្វើឱ្យសម្រេចបាននូវសិទ្ធិជាមូលដ្ឋានទាំង៤ របស់កុមារ ក្នុងបុព្វហេតុបង្កើតធនធានមនុស្សប្រកបដោយចំណេះដឹង មានសុជីវធម៌ គុណធម៌ ចរិយាធម៌ និងសីលធម៌ ។ នេះជាការថ្លែងបញ្ជាក់របស់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបើកមហោស្រពតន្ត្រី និងចម្រៀងកុមារ ឆ្នាំ២០២៤ ដែលបានធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នាសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន។

   លោក រដ្ឋមន្ត្រី នេត្រ ភក្ត្រា មានប្រសាសន៍លើកឡើងថា មហោស្រពតន្ត្រី និងចម្រៀងកុមារ ដែលក្រសួងព័ត៌មាន រៀបចំឡើងនាឱកាសនេះ គឺជាការផ្តល់នូវឱកាសដល់កុមារា កុមារី បានបញ្ចេញនូវសមត្ថភាព និង ទេពកោសល្យ តាមរយៈសិល្បៈតន្ត្រី និងចម្រៀង ដែលមានចរឹតលក្ខណៈបែបផែនសម្រាប់កុមារ ហើយដើម្បីប្រែក្លាយរូបភាព ខ្លឹមសារទៅជាការអប់រំ ផ្តល់ចំណេះដឹងជាប្រយោជន៍យូរអង្វែងសម្រាប់បំនិនជីវិត មានន័យថា ការសិក្សា ការអប់រំ ផ្សារភ្ជាប់ ជាមួយនឹងសិល្បៈ តន្ត្រី ។

  លោក រដ្ឋមន្រ្តី បានជម្រាបជូនដែរថា តាមរយៈបទពិសោធន៍នៅតាមបណ្តាប្រទេសនានាទូទាំងសកលលោក សិល្បៈពិតជាមានឥទ្ធិពល យ៉ាងខ្លាំងក្លាទៅលើចិត្តគំនិតរបស់បុគ្គលគ្រប់រូប ហើយក្រៅពីមានតួនាទីជាចំណីអារម្មណ៍របស់ពលរដ្ឋគ្រប់វ័យ និងគ្រប់ស្រទាប់វណ្ណៈ សិល្បៈក៏មានតួនាទីយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់នឹងជីវិតមនុស្ស ដោយមិនអាចកាត់ផ្តាច់ឃ្លាតគ្នាបានឡើយ។ ដូច្នេះ កុមារក៏ត្រូវមានចំណីអារម្មណ៍ផ្ទាល់ ដែលជាចំណែកមួយនៅក្នុងវិធីអប់រំទាំងឡាយ ដើម្បីបណ្តុះនិស្ស័យល្អៗរបស់កុមារឱ្យស្ថិតលើផ្លូវមួយឆ្ពោះទៅរកភាពថ្លៃថ្នូរ នៃមនុស្សជាតិ និងក្លាយជាទំពាំងស្នងឫស្សីរបស់កម្ពុជាទៅថ្ងៃអនាគត។

  លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ដែរថា នៅក្នុងឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារបានលើកប្រធានបទសម្រាប់ទិវាកុមារ កម្ពុជា ឆ្នាំ២០២៤ ក្រោមប្រធានបទ “វិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្សក្នុងយុគសម័យ បដិវត្តកម្មឌីជីថល” ក្នុងអាណត្តិនៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយ សម្តេចធិបតី ផ្ទាល់ក៏ជាប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារនេះផងដែរ។

  ស្របនឹងប្រធានបទខាងលើនេះ រូបភាពនឹងខ្លឹមសារមហោស្រពតន្ត្រី និងចម្រៀងកុមារ ពានរង្វាន់ ក្រសួងព័ត៌មាន ដែលបានរៀបចំចាប់តាំងពីឆ្នាំ២០១២ រហូតមកដល់ឆ្នាំនេះ គឺជាការប្តេជ្ញាចិត្តរួមគ្នារបស់ ក្រុមការងារជំនាញទាំង ៥អគ្គនាយកដ្ឋាន និងក្រុមការងារដើម្បីកុមារក្រសួងព័ត៌មាន ដែលជាសេនាធិការ បានចូលរួមចំណែកយ៉ាងសកម្មលើវិស័យកុមារ ។

 លោករដ្ឋមន្រ្តី សូមសម្តែងការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ ជាពិសេស លោកជំទាវ ច័ន្ទ ធី និងក្រុមការងារដែលបានផ្តួចផ្តើមគំនិត និងខិតខំរៀបចំកម្មវិធីមហោស្រពតន្ត្រី និងចម្រៀងកុមារនេះឡើង វិញ ហើយសូមថ្លែងអំណរគុណដល់លោក ហួត ឃាងវេង ដែលបានខិតខំប្រឹងប្រែងស្វែងរកការគាំទ្រ ថវិកាបន្ថែមពីសប្បុរសជននានាសម្រាប់គាំទ្រដល់មហោស្រពតន្ត្រី និងចម្រៀងកុមារឆ្នាំ២០២៤នេះ ឆ្លើយតបតាមការស្នើសុំរបស់ក្រសួង បន្ថែមពីលើថវិកាជាតិដែលទទួលបានការគាំទ្រ។

   ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មានក័បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាល ដែលបានផ្តល់ថវិកា និងសប្បុរជននានាឧបត្តម្ភថវិកាបន្ថែម​ ដែលបានចូលរួមគាំទ្រ និងឧបត្ថម្ភដល់កម្មវិធីមហោស្រព តន្ត្រីនិងចម្រៀងកុមារឆ្នាំ២០២៤ ។

   ឆ្លៀតក្នុងឱកាសនេះដែរ លោក រដ្ឋមន្ត្រី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអប់រំយុវជន និងកីឡា ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ អគ្គនាយក-អគ្គនាយិកា លោកគ្រូ-អ្នកគ្រូ ដែលអញ្ជើញមកពីសាលារដ្ឋ និងសាលាឯកជននានាទូទាំងប្រទេសកម្ពុជា ដែលបានខិតខំប្រឹងប្រែងក្នុងកិច្ចដំណើរការរៀបចំ និងចូលរួមក្នុងមហោស្រពនាពេលនេះ។

   នៅក្នុងឱកាសប្រកបដោយក្តីសប្បាយរីករាយនេះដែរ លោក រដ្ឋមន្រ្តីក្រសួងព័ត៌មាន សូមជូនពរដល់ក្មួយៗ កុមារា កុមារី ដែលមកចូលរួមទាំងអស់ទទួលបានជោគជ័យទៅតាមសមត្ថភាពរបស់ក្មួយៗរៀងៗខ្លួន ។

    មហោស្រពតន្ត្រី និង ចម្រៀងកុមារ ឆ្នាំ២០២៤  មានសិស្សសាលារដ្ឋ និងសាលាឯកជន ក្នុងរាជធានី-ខេត្ត សរុប ៣៤ក្រុម ស្មើ នឹងចំនួនកុមារចូលរួមប្រមាណ ២០០នាក់ នឹងមកបង្ហាញសមត្ថភាព ទេពកោសល្យ ដើម្បីក្លាយជាម្ចាស់ពានរង្វាន់ក្រសួងព័ត៌មាន ដែលត្រូវប្រកាសក្នុងពិធីបិទនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០០៤៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print