គាំទ្រសមត្ថកិច្ចចរាចរណ៍ បន្តការអនុវត្តច្បាប់លើយានយន្តពាក់ផ្លាកលេខ-នគរបាល ខុសប្រក្រតី !

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយនគរបាលចរាចរណ៍ និងនគរបាល ការិយាល័យអន្តរាគមន៍ តម្រួតបទបញ្ជាររាជធានីភ្នំពេញ បានបន្តការចុះអនុវត្តច្បាប់លើយានយន្តទាំងឡាយ ដែលពាក់ផ្លាក លេខ-នគរបាល មានភាពខុសប្រក្រតី ពោលមិនត្រឹមត្រូវតាមច្បាប់ចរាចរណ៍ជើងគោក ។
ការបន្តចុះអនុវត្តនេះ ធ្វើឡើងនាព្រឹកថ្ងៃ១៣ ខែឧសភា ឆ្នាំ២០២៤ នៅតាម បណ្តោយ ផ្លូវ ជាតិ លេខ ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជាលទ្ធផល នៃការអនុវត្តពេញមួយព្រឹករួចមកសមត្ថកិច្ចបានរកឃើញយានយន្ត ល្មើសមួយចំនួន ដែលពាក់ផ្លាកលេខ-នគរបាលខុសប្រក្រតី មិនត្រឹមត្រូវតាមអនុក្រឹត្យដោយម្ចាស់យានបានប្រើផ្លាកលេខដែលពុំបានចុះបញ្ជីរពីក្រសួង ហើយកឹបផ្លាកលេខដោយខ្លួនឯង ដូច្នោះហើយ សមត្ថកិច្ចបានធ្វើការដកហូតផ្លាកលេខពីម្ចាស់យានយន្ត ដោយធ្វើការដោះចេញយកមករក្សាទុករួច ធ្វើការផាកពិន័យលើម្ចាស់យានទៅតាមផ្លូវច្បាប់ ស្តីពីចរាចរណ៍ជើងគោក ។
មន្ត្រីសមត្ថកិច្ច បានប្រាប់ឱ្យដឹងថា ៖ យានយន្តពាក់ផ្លាកលេខ -នគរបាល ដែលបានធ្វើដំណើរ ឆ្លងកាត់គោលដៅសមត្ថកិច្ច គឺនឹងត្រូវសុំធ្វើការត្រួតពិនិត្យទាំងអស់ ក្នុងករណីដែលពិនិត្យឯកសារមើលទៅគ្រប់គ្រាន់ មានចុះគល់បញ្ជីរក្រសួង និងមានបិទឡូហ្គូ នគរបាលជាតិលើរថយន្តត្រឹមត្រូវ ហើយនោះ គឺនឹងត្រូវអនុញ្ញាត ឱ្យធ្វើដំណើរទៅមុខបន្ត ប៉ុន្តែបើមានភាពខុសប្រក្រតី ណាមួយ គឺអនុវត្តតាមផ្លូវច្បាប់ជាធរមាន ។
មន្ត្រីសមត្ថកិច្ចបន្ថែមថា កម្លាំងនគរបាលចម្រុះ នឹងបន្តការអនុវត្តនេះជាប្រចាំ និងជា បន្តបន្ទាប់ទៀត នៅតាមគោលដៅផ្សេងៗគ្នា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។ ហើយការអនុវត្តនេះ ក៏ផ្សារ ភ្ជាប់ជាមួយការអនុវត្តច្បាប់ចរាចរណ៍ លើយានយន្តល្មើសដោយមិនពាក់មួក ឬកញ្ចក់ផងដែរ ដើម្បី ធានាឱ្យបាន លើការចូលរួមគោរពច្បាប់របស់ប្រជាពលរដ្ឋអ្នកដំណើរ ។
សូមបញ្ជាក់ថា ៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឲ្យអគ្គស្នងការដ្ឋាន គរបាលជាតិ ពង្រឹងការគ្រប់គ្រង និងចាត់វិធានចំពោះការប្រើប្រាស់ផ្លាកលេខនគរបាល (ន.ប) ជាលក្ខណៈឯកជនខុសពីគោលការណ៍ច្បាប់កំណត់។
ថ្លែងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ដរបស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ លោកអភិសន្តិបណ្ឌិត ស សុខា បានមើលឃើញថា មួយរយៈពេលចុងក្រោយនេះ ការផ្លាកលេខនគរបាលទាំងរថយន្ដ និងម៉ូតូមួយចំនួនខុសពីការកំណត់ ដោយអ្នកខ្លះទៅធ្វើការងារជាឯកជនប៉ុន្ដែជិះមធ្យោបាយដែលបំពាក់លេខនគរបាល។
ឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសុំយកឱកាសនេះដាស់តឿន និងផ្ដាំផ្ញើដល់មន្ដ្រីក្រោមឱវាទក្រសួងមហាផ្ទៃ ពិសេសកងកម្លាំងនគរបាលដែលប្រើប្រាស់ផ្លាកលេខ នប ខុសរឿង។ នប មួយចំនួនជិះទៅធ្វើការកាស៉ីណូ ហើយកាលពីមុនជិះទៅឈប់មុខ KTV អញ្ចឹងឡានហ្នឹងមិនអាចឲ្យខ្ចីទៅលើអ្នកណាម្នាក់ទៀត សូមប្រើប្រាស់ឲ្យចំមុខ ចំជំនាញ»។
ក្នុងន័យនេះ លោកអភិសន្ដិបណ្ឌិត បានណែនាំឲ្យអគ្គស្នងការនគរបាលជាតិ និងស្នងការនគរបាលរាជធានី-ខេត្តទាំងអស់ មេត្តាយកចិត្តទុកដាក់ចំពោះអ្នកប្រើប្រាស់ផ្លាកលេខនបនេះ។ ក្នុងករណីចាំបាច់បើប្រព្រឹត្តខុសច្បាប់ ហើយដកផ្លាកលេខមក ហើយឲ្យម្ចាស់ឡានទៅបង់ពន្ធតាមច្បាប់។ លោកអះអាងថា ផ្លាកលេខ នប គឺបម្រើឲ្យសមត្ថកិច្ចបម្រើឲ្យអង្គភាពតែប៉ុណ្ណោះ៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print