ភ្នំពេញ ៖ ព្រះរាជជីវប្រវត្តិព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីជាព្រះរាជបុត្រានៃព្រះករុណាព្រះមហាវីរក្សត្រនរោត្តម សីហនុ ព្រះរាជបិតា និង សម្ដេចព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ ព្រះរាជមាតាជាតិខ្មែរព្រះអង្គទ្រង់ប្រសូតនាថ្ងៃទី ១៤ខែឧសភាឆ្នាំ ១៩៥៣នៅទីក្រុងភ្នំពេញព្រះរាជាណាចក្រកម្ពុជា។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាព្រះរាជបុត្រច្បងរបស់សម្ដេចព្រះនរោត្ដម សីហនុ និងសម្តេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ។ ព្រះអង្គមានព្រះអនុជមួយព្រះអង្គ ព្រះនាម នរោត្ដម នរិន្ទ្រពង្ស ដែលបានយាងសោយទិវង្គតនៅឆ្នាំ២០០៣។
នៅឆ្នាំ១៩៥៩ ដល់១៩៦២ ព្រះអង្គទ្រង់បានចូលសិក្សានៅសាលាបឋមសិក្សានរោត្ដម, វិទ្យាល័យដេកាតនៅរាជធានីភ្នំពេញ។ បន្ទាប់មកព្រះអង្គត្រូវបានព្រះបិតាបញ្ជូនទៅទីក្រុងប្រ៉ាក (Prague) ប្រទេសឆេកូស្លូវ៉ាគី នៅពីឆ្នាំ១៩៦២។ នៅទីនោះព្រះអង្គបានចូលរៀននៅសាលាបឋមសិក្សា, វិទ្យាល័យ និងសាលាតូរ្យតន្ត្រី ដែលទ្រង់បានសិក្សាផ្នែកតន្ត្រី និងរបាំបុរាណរហូតដល់ឆ្នាំ១៩៧៥។
នៅក្នុងឆ្នាំ១៩៧៥ ព្រះអង្គបានចាកចេញពីទីក្រុងប្រ៉ាក ដើម្បីទៅសិក្សាផ្នែកខ្សែភាពយន្ត នៅប្រទេសកូរ៉េខាងជើង។ នៅក្នុងឆ្នាំ១៩៧៧ ព្រះអង្គបានយាងនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញ។ ភ្លាមៗនោះ ខ្មែរក្រហមដែលឡើងកាន់អំណាច តាមរយៈសង្គ្រាម បានឃុំឃាំងព្រះអង្គនៅក្នុងព្រះបរមរាជវាំង ជាមួយព្រះរាជវង្សានុវង្ស ព្រមជាមួយព្រះមាតា ព្រះបិតារបស់ព្រះអង្គ។
មុនកងទ័ពរំដោះរណសិរ្សសាមគ្គីសង្គ្រោះជាតិរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍នៅថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ព្រះអង្គបានភៀសព្រះកាយយាងទៅកាន់ទីក្រុងប៉េកាំង ជាមួយព្រះបិតា ព្រះមាតា។ ក្រោយមកព្រះអង្គបានយាងទៅកាន់ទីក្រុងប៉ារីស ដើម្បីបង្ហាត់បង្រៀន រាំរបាំបាឡេ និងបានទទួលព្រះរាជតួនាទីជាប្រធានសមាគមរបាំខ្មែរ។
ព្រះអង្គទ្រង់គង់នៅប្រទេសបារាំងជិត ២០ឆ្នាំ ក៏ប៉ុន្តែក្នុងអំឡុងពេលនោះ ព្រះអង្គក៏បានយាងទៅកាន់ទីក្រុងប្រ៉ាក ជារឿយៗដែរ ជាទីដែលព្រះអង្គធ្លាប់បានចំណាយពេលនៅទីនោះដ៏យូរក្នុងព្រះជន្មក្មេងវស្សា។ ព្រះអង្គជាព្រះមហាក្សត្រតែមួយគត់ ដែលមានព្រះសមត្ថភាព មានព្រះរាជបន្ទូល ជាភាសាឆែក បានច្បាស់លាស់។ ក្រៅពីភាសាជាតិ ព្រះអង្គមានព្រះសមត្ថភាព មានព្រះរាជបន្ទូល ជាភាសា បារាំង អង់គ្លេស និងឆែក។
នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ព្រះអង្គត្រូវជ្រើសតាំងឲ្យឡើងសោយរាជ្យ ដោយសមាជិកទាំង ៩រូប នៃក្រុមប្រឹក្សារាជសម្បតិ្ត ក្រោយពីការដាក់រាជ្យរបស់សម្តេចព្រះបាទ នរោត្តម សីហនុ ព្រះបិតារបស់ព្រះអង្គ។ ការជ្រើសតាំងនេះ ទទួលបានការយល់ព្រម ពីក្រុមប្រឹក្សារាជសម្បតិ្ត ក្នុងនោះក៏មាន សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ដែលកាលនោះ ជាព្រះប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និង ជាព្រះរៀមមាតាទីទៃជាមួយព្រះអង្គ។ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ឡើងគ្រងរាជសម្បត្តិនៅថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០០៤។
ព្រះបរមនាម ក្នុងរាជ្យរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី គឺ «ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី សមានភូមិ ជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរា មហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជាឯករាជរដ្ឋ បូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុង កម្ពុជាធិបតី»។
មានសេចក្តីថា «អ្នកបម្រើមាតុភូមិ សាសនា ប្រជាជាតិ និងប្រជារាស្ត្រខ្មែរ ដោយស្វាមីភក្តិ និងភក្ដីភាព។ មហាក្សត្រ ដែលព្រះពុទ្ធ និងព្រះឥន្ទ្រ លោកឧបត្ថម្ភ ។ អ្នករួបរួម ខេមរជនទាំងអស់។ អ្នកការពារឯករាជ្យ បូរណភាពទឹកដី និងសន្តិភាពរបស់កម្ពុជា ព្រមទាំងសុភមង្គល សេរីភាព និងវិបុលភាព របស់ប្រជារាស្ត្រខ្មែរ»។
មុនឡើងសោយរាជ្យគឺនៅក្នុងឆ្នាំ១៩៩៣ ព្រះអង្គត្រូវបានតែងតាំង ជាព្រះរាជប្រតិភូកម្ពុជា ប្រចាំអង្គការយូណេស្កូ ដែលមានទីស្នាក់ការនៅទីក្រុងប៉ារីស ប្រទេសបារាំង ជាទីដែលព្រះអង្គមានប្រជាប្រិយភាពចំពោះការតស៊ូ ធ្វើការយ៉ាងស្វិតស្វាញ និងភក្តីភាពចំពោះវប្បធម៌កម្ពុជា។
នៅខែធ្នូ ឆ្នាំ២០១៤ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានអង្គការអន្តរជាតិផ្នែកព្រះពុទ្ធសាសនាថ្វាយព្រះរាជបរមងារ «ព្រះស្រីលោកធម្មិករាជ» ក្នុងមហាសន្និបាតព្រះពុទ្ធសាសនាពិភពលោកលើកទី៦។ ព្រះរាជបរមងារនេះ មានន័យសម្រាយថា ព្រះរាជា មានគុណធម៌ដ៏ខ្ពង់ ខ្ពស់បំផុត ជាគំរូក្នុងការប្រតិបត្តិ និងផ្សព្វផ្សាយព្រះធម៌ព្រះពុទ្ធលើសកលលោក។
ក្នុងរយៈពេលនៃការគ្រងព្រះបរមសិរីរាជសម្បត្តិ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយកព្រះទ័យទុកដាក់ខ្ពស់បំផុតក្នុងការបំពេញព្រះរាជកិច្ចតាមរដ្ឋធម្មនុញ្ញក្នុងការបម្រើសាសនា វិស័យមនុស្សធម៌ វិស័យអប់រំ សង្គមកិច្ច សុខមាលភាព និងជីវភាពរស់នៅរបស់ប្រជារាស្ត្រនៅទូទាំងប្រទេស ជាពិសេសនៅជនបទស្រែចម្ការ។
ព្រះអង្គបានចាត់ទុកបញ្ហារបស់ប្រជានុរាស្រ្ត ក៏ដូចជាបញ្ហារបស់ទ្រង់ផ្ទាល់ដែរ។ ព្រះអង្គតែងតែចូលរួមចំណែកបរិច្ចាគព្រះរាជទ្រព្យផ្ទាល់របស់ព្រះអង្គជួយសាសង់អគារមន្ទីរពេទ្យ សាលារៀន ប្រឡាយទឹកជាដើម ដើម្បីជាប្រយោជន៍ក្នុងការរស់នៅរបស់ប្រជានុរាស្រ្ត ជាពិសេសតែងបានប្រោសព្រះរាជទានព្រះរាជទ្រព្យជារៀងរាល់ខែជួយទ្រទ្រង់ដល់សកម្មភាពរបស់កាកបាទក្រហមកម្ពុជា។ បន្ថែមលើនេះព្រះអង្គក៏តែងតែយាងចុះជួបប្រជានុរាស្រ្តនៅតាមមូលដ្ឋានដាច់ស្រយ៉ាល ដោយផ្ដល់ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ដើម្បីដោះស្រាយបញ្ហាជីវភាព។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សហមុនី ព្រះអង្គបានយកព្រះទ័យទុកដាក់យ៉ាងខ្លាំងក្នុងទំនាក់ទំនងជាមួយបណ្ដាប្រទេសជាមិត្ត ព្រះអង្គតែងតែប្រោសព្រះរាជទាន និងធ្វើសវនាកាជាមួយអង្គទូតអស់អាណត្តិ និងមន្ត្រីអង្គទូតថ្មី ដើម្បីចូលគាល់សម្ដែងការគួរសម និងពិភាក្សាការងារផ្សេងៗ ដើម្បីពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្តនានាលើសកលលោក៕