ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមហ៊ុនកូរ៉េ HYUCKJIN ENERGY PLANT ENGINEERING និងក្រុមហ៊ុន Defytime ដឹកនាំដោយលោកតាបណ្ឌិត កុល ផេង។
ក្នុងជំនួបពិភាក្សានាឱកាសនេះ ក្រុមហ៊ុនកូរ៉េ HYUCKJIN ENERGY PLANT ENGINEERING បានធ្វើបទបង្ហាញជូន លោកឧបនាយករដ្ឋមន្ត្រី អំពីព័ត៌មានបឋមនៃគម្រោងស្នើសុំវិនិយោគរបស់ក្រុមហ៊ុនលើការផលិតថាមពលអគ្គិសនី តាមរយៈការកែច្នៃសំរាម ព្រមទាំងបានឆ្លៀតឱកាសនេះដើម្បីស្នើសុំគោលការណ៍ណែនាំបន្ថែមពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចំពោះគម្រោងវិនិយោគរបស់ខ្លួន។ តាមរយៈបទបង្ហាញក្នុងអង្គប្រជុំនេះក្រុមហ៊ុនបានបង្ហាញថាបច្ចេកវិទ្យាដែលខ្លួននឹងប្រើប្រាស់ ក្នុងមួយថ្ងៃអាចបង្កើតថាមពលអគ្គិសនីយ៉ាងតិចបំផុត ២៤មេហ្គាវ៉ាត់ ដោយការដុតសំរាមប្រមាណ ១០០តោន។
ឆ្លើយតបក្នុងអង្គប្រជុំ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញការស្វាគមន៍ជូនដល់ក្រុមហ៊ុន និងវិនិយោគិនទាំងអស់ ចំពោះគម្រោងវិនិយោគលើការទាញយកថាមពលអគ្គិសនី តាមរយៈការកែច្នៃសំរាមនេះ និងស្នើសុំឱ្យក្រុមហ៊ុនផ្ញើជូនព័ត៌មានលម្អិតទាំងស្រុងនៃគម្រោង មកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីអាចឱ្យស្ថាប័នរដ្ឋាភិបាលសម្របសម្រួលអនុវត្តនីតិវិធីបន្ត៕