ភ្នំពេញ ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចេញសេចក្តីអំពាវនាវអនុវត្តតាមស្មារតី ក្នុងការចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួម ដែលត្រូវចូលរួមដោះស្រាយទាំងអស់គ្នា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបង្កើតនិងដាក់ដំណើរការជាផ្លូវការនូវកម្មវិធីទូរស័ព្ទដៃ ដែលមានឈ្មោះថា NoDrug ក្នុងគោលបំណងលើកកម្ពស់ស្មារតីជាតិរួមគ្នាក្នុងការចូលរួមប្រយុទ្ធប្រឆាំង គ្រឿងញៀន។ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំ ជំរុញ និងលើកទឹកចិត្តដល់មហាជនទូទៅ ជាពិសេស យុវជន យុវនារី និស្សិត និងសិស្ស ឱ្យទាញយកនិងប្រើប្រាស់ឱ្យបានទូលំទូលាយនូវកម្មវិធីទូរស័ព្ទដៃNoDrug នេះ។
ដើម្បីឆ្លើយតបទៅនឹងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់និងមានសារៈសំខាន់នេះ អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន សូមធ្វើការណែនាំនិងអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន គណៈអភិបាលរាជធានី ខេត្ត អង្គភាពថ្នាក់ជាតិនិងក្រោមជាតិ គ្រឹះស្ថានសិក្សាអប់រំគ្រប់លំដាប់ទាំងរដ្ឋនិងឯកជន សមាគម ក្រុមហ៊ុន រោងចក្រ សហគ្រាស អង្គការជាតិនិងអន្តរជាតិ មហាជនទូទៅទាំងអស់ ជាពិសេស យុវជន យុវនារី សិស្ស និងនិស្សិត សូមចូលរួមទាញយកកម្មវិធីទូរស័ព្ទដៃ NoDrug នេះ និងប្រើប្រាស់ឱ្យបានទូលំទូលាយគ្រប់ៗគ្នា ដើម្បីទទួល បាននូវសារអប់រំ ព័ត៌មានទាន់ហេតុការណ៍ ចំណេះដឹងពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ព័ត៌មាន ពាក់ព័ន្ធនឹងការផ្តល់សេវាព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងជាពិសេសអាចប្រើប្រាស់ជា មធ្យោបាយក្នុងការរាយការណ៍អំពីករណីការប្រើប្រាស់ ការជួញដូរ ការដឹកជញ្ជូន និងការកែច្នៃផលិតគ្រឿងញៀន ក្នុងសហគមន៍ មកកាន់ក្រុមការងារទទួលព័ត៌មាន ដើម្បីឱ្យអាជ្ញាធរសមត្ថកិច្ចមានវិធានការជាក់ស្តែង ដែលអាច ឈានទៅបង្ការ ទប់ស្កាត់ បង្ក្រាបទាន់ពេលវេលា សំដៅកាត់បន្ថយនិងលុបបំបាត់គ្រឿងញៀនពីសហគមន៍ ស្របតាមទស្សនវិស័យ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិតនិងសហគមន៍គ្មានគ្រឿងញៀន»។ ការទាញយកនិងប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ NoDrug គឺមានន័យថា បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សង្ឃឹមយ៉ាងមុតមាំទុកជាមុនថា ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា នឹងចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្តីអំពាវនាវនេះ ដោយស្មារតីទទួលខុសត្រូវ ខ្ពស់ជាក់ជាមិនខាន ៕
ដោយ ៖ សិលា