វិធានការក្តៅ ! អភិបាលខេត្តកំពង់ឆ្នាំង ព្រមានចាត់វិធានការច្បាប់បន្តទៀត ប្រសិនបើមានការចូល ឈូសយកដីព្រៃលិចទឹក

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល ខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ម្សិលមុិញនេះ បានព្រមានចំពោះជនណាក៏ដោយ អ្នកមានលុយណាក៏ដោយ ដែលចង់ចូលមកឈូសឆាយទន្រ្ទានយកដីព្រៃលិចទឹកក្នុងស្រុកកំពង់លែង និងស្រុកដទៃទៀតក្នុងខេត្តកំពង់ឆ្នាំង នឹងត្រូវចាប់ឃាត់ខ្លួនភ្លាមតែម្តង ព្រោះមកដល់ដំណាក់កាលនេះហើយ មិនអប់រំណែនាំទៀតឡើយ។

លោក ស៊ុន សុវណ្ណារិទ្ធិ បានសង្កត់ធ្ងន់ថា ៖ លោកមិនទុកអោយថ្នាក់ដឹកនាំចាប់លោកមុននោះទេ គឺលោកនឹងចាប់ជនដែលឆ្លៀតឱកាសឈូសទន្ទ្រានដីព្រៃលិចទឹកទាំងនោះ មកផ្តន្ទាទោសតាមច្បាប់ ដោយមិនលើកលែងអោយឡើយ។ ចំណែកមន្ត្រីមាន សមត្ថកិច្ចដែលមានភារកិច្ចការពារ ទប់ស្កាត់ និងបង្រ្កាបបទល្មើសបំផ្លាញព្រៃលិចទឹកនេះ ក៏ត្រូវរួមសាមគ្គីគ្នាមើលអោយបានម៉ត់ចត់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រសិនបើមាន ករណីឈូសបំផ្លាញព្រៃលិចទឹកយកដី ហើយនោះ មន្ត្រីមានសមត្ថកិច្ចទាំងនោះក៏មិនរួចខ្លួនដែរ។ ចំពោះ អាជ្ញាធរ ភូមិឃុំ ដែល មានដីព្រៃលិចទឹកទាំងតំបន់២ និងតំបន់៣ ក្នុងស្រុកកំពង់លែង និងស្រុកដទៃទៀត ត្រូវពិនិត្យមើលអោយបានច្បាស់លាស់ តាមតំបន់ដែលខ្លួនកាន់កាប់ កុំចេះតែស៊ីញ៉េអោយគេចូលបំផ្លាញ ហើយបើមានជនមិនស្គាល់អត្តសញ្ញាណណាក៏ដោយ ដែលចូលមកក្នុ ង ភូមិឃុំរបស់ខ្លួន ពាក់ព័ន្ធនឹងដីព្រៃលិចទឹក ទាំងនោះ ត្រូវតែថតទុក និងរាយការណ៍ជាបន្ទាន់មកកាន់ស្រុកខេត្ត។ ដោយឡែកត្រាក់ទ័រវិញ លោកបានអោយកម្លាំងនគរបាលតាមដានមើលមួយថ្ងៃ៣ដង មានព្រឹក រសៀល យប់ ថាតើពេលពួកគេចេញទៅធ្វើអ្វីឈូសដីអ្វី ភ្ជួដីអ្វីអោយប្រាកដ ព្រោះភាគច្រើនលួចធ្វើតែពេលយប់។

សូមបញ្ជាក់ជូនថា ៖ ថ្មីៗកន្លងមកនេះនៅក្នុងស្រុកកំពង់លែង អង្គភាពប្រឆាំង អំពើ ពុក រលួយបាន ចាប់អភិបាលរងស្រុកម្នាក់ ប្រធានការិយាល័យប្រជាពលរដ្ឋម្នាក់ និងឈ្មួញដីម្នាក់ យកមកដាក់ពន្ធនាគារ ក្នុងករណីលួចចូលឈូសទន្ទ្រានដីព្រៃលិចទឹកក្នុងតំបន់២រួចហើយ ដែលករណីនេះ ធ្វើអោយអ្នកពាក់ព័ន្ធរឿងនេះខ្លាចរអា ហើយមកដល់ពេលនេះ សំណុំរឿងនេះស្ថិតក្នុងការស៊ើបអង្កេត របស់អង្គភាពប្រឆាំងអំពើពុករលួយនៅឡើយ។ ប្រជាពលរដ្ឋសាទរនឹងចំណាត់ការក្តៅ ដែលលោកអភិបាលខេត្តបានធ្វើក្នុងថ្ងៃនេះ ។
សូមបញ្ជាក់ថា ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងសារធ្ងន់ៗ ដោយព្រមានដកតំណែងមន្ត្រីខិលខូច ប្រសិនបើប៉ះពាល់ដីអភិរក្សតំបន់៣ នៅជុំវិញបឹងទន្លេសាប។

សម្តេចធិបតី ធ្លាប់បានលើកឡើងថា គ្មានដីណា ដែលថ្លៃជាងអនាគតនោះទេ ហើយការថែរក្សាបឹងទន្លេសាប ដែលជាបឹងទឹកសាបធំជាងគេនៅលើពិភពលោក និងជាផលប្រយោជន៍សម្រាប់ជំនាន់ក្រោយ មានតម្លៃយ៉ាងធំធេង។ សម្តេចធិបតី ក៏បានប្រាប់អភិបាលខេត្តជាប់បឹងទន្លេសាបទាំង៦ ត្រូវចូលរួមការពារឱ្យបានដីអភិរក្សបឹងទន្លេសាបតំបន់៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «កិច្ចការងារនេះ យើងត្រូវអនុវត្តឲ្យបានហ្មត់ចត់ អភិក្រមទាំង៥ ខ្ញុំសង្ឃឹមថា អភិក្រម៤ នឹងត្រូវបានប្រើ។ អភិក្រមទាំង៥ ខ្ញុំមិនចង់ប្រើអំណាចចុងប៊ិចទេ តែបើបង្ខំខ្ញុំ ខ្ញុំត្រូវតែប្រើហើយ។ ការទទួលខុសត្រូវក្នុងរដ្ឋបាល បើគ្មានវិន័យធ្វើការងារអ្វីមិនចេញទេ។ ខ្ញុំអត់សូវចេះមាត់ទេ តែដៃខ្ញុំចេញស៊ីញ៉េ។ ខេត្តទាំង៦ ជាអ្នកទទួលបន្ទុកដឹកនាំរួម ហត់កាយមិនសូវបញ្ហាទេ កុំឲ្យហត់ចិត្ត ខ្ញុំជឿថា ឯកឧត្តមដូចគ្នា ខិតខំធ្វើយ៉ាងណា អាជ្ញាធរទាំងអស់ខិតខំប្រឹងប្រែងស្រុះដៃគ្នា យើងទុក»។
សម្តេចធិបតី បានបន្តថា «បញ្ហាអត់លំបាកទេ យើងចាំបាច់បំផុតក្នុងការស្រុះដៃគ្នា។ យល់រួមគ្នា អំពីអត្ថប្រយោជន៍ នៅតំបន់នេះ។ វាគ្មានតម្លៃអី ដីណាគ្មានតម្លៃដូចអនាគតរបស់យើងទេ វាគ្មានតម្លៃណា ស្មើនឹងការថែរក្សាធនធានធម្មជាតិ ដែលជាផលប្រយោជន៍ សម្រាប់អត្តសញ្ញាណជាតិរបស់យើង ដែលបឹងទន្លេសាបជាបឹងទឹកសាបធំជាងគេលើពិភពលោក និងជាផលសម្រាប់ឲ្យកូនចៅយើងតទៅទៀត អីចឹងខ្ញុំសង្ឃឹមថា បងប្អូនដែលចាប់អារម្មណ៍ទៅលើដីកន្លែងតំបន់ ៣នោះ សូមម្ចាស់ការដកថយមុននឹងត្រូវការអនុវត្តច្បាប់។ ព្រោះការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល គឺត្រូវធ្វើឲ្យបានត្រូវការពារឲ្យបាន។ អីចឹង ឯកឧត្តម (អភិបាលខេត្ត) ទាំង ៦ខេត្ត សន្យាជាមួយខ្ញុំ ចូលរួមអនុវត្ត ទប់ស្កាត់ ការទន្ទ្រានតំបន់៣ នេះឲ្យបាន»។
សូមជម្រាបថា ៖ ទន្លេសាប ជាបឹងទឹកសាបដែលធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ គ្របដណ្ដប់លើផ្ទៃដីចំនួន ២,៥ សែនហិកតានៅរដូវប្រាំង និងលាតសន្ធឹងដល់ ១,៦លានហិកតានៅរដូវវស្សា។ បឹងនេះ មានប្រព័ន្ធអេកូឡូស៊ីគ្រប់ប្រភេទ ដូចជា តំបន់វាលលំហរទឹកសាប វាលភក់ ព្រៃលិចទឹក ស្មៅលិចទឹក និងតំបន់ទំនាបលិចទឹកជុំវិញ។
បឹងទន្លេសាប បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាលំនឹងអាកាសធាតុក្នុងតំបន់ ទប់ស្កាត់ និងកាត់បន្ថយគ្រោះទឹកជំនន់ ជាជម្រកត្រីពង ជាតំបន់ជង្រុកស្រូវ សម្បូរទៅដោយជីវៈចម្រុះ និងធនធានធម្មជាតិយ៉ាងសម្បូរបែប។ ក្នុងមួយឆ្នាំៗ បឹងទន្លេសាបបានស្រូបយកទឹកជំនន់ពីទន្លេមេគង្គប្រមាណជា ២០ភាគរយឯណោះ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print