ខេត្តកំពង់ឆ្នាំង៖ ឈើធ្នង់ដែលជាប្រភេទឈើប្រណិតចំនួន៧បន្ទះធំៗ ត្រូវបានសមត្ថកិច្ចនគរបាលសេដ្ឋកិច្ចចាប់បានបន្ទាប់ពីឈើប្រណិតទាំងនេះត្រូវបានឈ្មួញឈើដាក់នឹងទូកទេសចរណ៍ដឹកចេញពីស្រុកកំពង់លែងមកខេត្តកំពង់ឆ្នាំង ។
កិច្ចប្រតិបត្តិការចាប់ឈើដឹកតាមការណូតទេសចរណ៍នេះធ្វើឡើងកាលពីវេលាម៉ោង៤និង៣៥នាទីល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចឲ្យដឹងថា ឈើនេះដឹកចេញពីសិប្បកម្មមួយកន្លែងដែលមានម្ចាស់ឈ្មោះ ឌៀប តឿង នៅភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ ដែលកន្លងមកសិប្បកម្មមួយនេះរកស៊ីជួញដូរឈើប្រណិតនេះជារៀងរហូតមក ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលចាប់ឈើប្រណិតនេះបានគឺមានប្រជាពលរដ្ឋបានទូរស័ព្ទប្រាប់ថា មានឈើប្រណិតជាប្រភេទឈើធ្នង់ ត្រូបានឈ្មួញដឹកចេញពីស្រុកកំពង់លែងមកខេត្តកំពង់ឆ្នាំងតាមកាណូតទេសចរណ៍ពាក់ផ្លាកលេខ ក.ឆ-2541 ក្រោយពីទទួលបានព័ត៌មានេះកម្លាំងសមត្ថកិច្ចបានដាក់កម្លាំងតាមឃ្លាំមើលហើយបានឃើញកាណូតនេះមកឈប់នៅច្រាំងទន្លេចុងកោះ ហើយក៏ត្រូវសមត្ថកិច្ចព័ទ្ធចាប់តែម្តងចំណែកឯអ្នកនាំឈើ និងអ្នកបើកកាណូតនៅពេលឃើសមត្ថកិច្ចបានចុះគេចខ្លួនបាត់ស្រមោល ។
សមត្ថកិច្ចបានឲ្យដឹងថា ឈើប្រណិតដែលចាប់នេះមានចំនួន៧បន្ទះធំៗ ស្មើនឹងជាង ១ម៉ែត្រគូប ។
មជ្ឈដ្ឋាននានាបានធ្វើការរិះគន់ថា ជារឿយៗឈើប្រណិតពីស្រុកកំពង់លែង ត្រូវបានគេឃើញដឹកចេញជាបន្តបន្ទាប់ ជាយូរណាស់មកហើយ ដែលពុំឃើញមានសមត្ថកិច្ចណាចាប់បាននោះទេ ដែលករណីនេះប្រជាពលរដ្ឋសន្និដ្ឋានថា អាចមកពីមានភ្លើងខៀវពីសមត្ថកិច្ច ហើយការឃាត់ឈើប្រណិតពេលអាចនិយាយមិនត្រូវថ្លៃគ្នាទើបកើតហេតុឃាត់ឈើនេះបាន។
ករណីនេះប្រជាពលរដ្ឋស្នើឲ្យថ្នាក់លើជួយពិនិត្យមើលផងចំពោះការចរាចរណ៍ឈើធ្នង់ដោយខុសច្បាប់ពីស្រុកកំពង់លែង មកខេត្តកំពង់ឆ្នាំងនេះ ៕
ដោយ៖ ចន្ថា