ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះថា កម្លាំងជំនាញអាវុធហត្ថខេត្តព្រះសីហនុ បានចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន ៧១នាក់ យកមកសាកសួរដេីម្បីចាត់ការតាមច្បាប់។
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានថ្លែងបន្តថា កម្លាំងជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យ កាលពីថ្ងៃទី១៣ ឧសភាថ្មីៗនេះ បានចុះបង្ក្រាបទីតាំងចែកចាយ និងមុខសញ្ញាពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តិនៅចំណុចក្រុមទី១១ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ក្នុងប្រតិបត្តិការបង្ក្រាបករណីខាងលើសមត្ថកិច្ចជំនាញកងរាជអាវុធហត្ថ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៧១នាក់ និងចាប់ដកហូតវត្ថុតាងមួយចំនួន៖ ម្សៅក្រាមពណ៌សថ្លា ចំនួន ៤៤កញ្ចប់ ទម្ងន់ស្មើនឹង ៣៤.៣៤ក្រាមទាំងសំបក, ខ្សែជក់០៣, ទូរស័ព្ទ ៣១គ្រឿង, ម៉ូតូ ២០គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងបទល្មើសត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាត់ការបន្តនីតិវិធី៕អរុណរះ