សារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤ បានផ្សាយថា អាជ្ញាធរឥណ្ឌូណេស៉ីបានឱ្យដឹងថា កិច្ចប្រឹងប្រែងរុករកមនុស្ស៣៥នាក់ដែលនៅបាត់ខ្លួននៅឡើយ ក្រោយការវាយប្រហារនៃគ្រោះទឹកជំនន់និងបំណាក់ដីដ៏អាក្រក់ នៅខេត្ត West Sumatra នៃប្រទេសឥណ្ឌូណេស៉ី កំពុងតែបន្តប្រព្រឹត្តទៅនាថ្ងៃពុធ ខណៈតួលេខអ្នកស្លាប់បានកើនដល់៥៨នាក់។
ការធ្លាក់ភ្លៀងយ៉ាងខ្លាំងជោគជាំ កាលពីយប់ថ្ងៃសោរ៍ចុងសប្តាហ៍មុន បានបង្កឱ្យមានគ្រោះទឹកជំនន់ បំណាក់ដី រួមជាមួយអ្វីដែលគេហៅថា កម្អែភ្នំភ្លើងត្រជាក់ ពោលគឺល្បាប់ភក់ដែលលាយឡំទៅដោយកម្ទេចផេះភ្នំភ្លើង បំណែកដុំថ្ម ហើយនិងទឹក នៅក្នុងស្រុកចំនួន៣ និងក្រុងចំនួន១ នៅខេត្ត West Sumatra។ គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ តួលេខអ្នកស្លាប់ដោយសារគ្រោះមហន្តរាយនោះ គឺ៥២នាក់ ហើយឥឡូវនេះ បានបន្តកើនដល់៥៨នាក់។
កម្អែភ្នំភ្លើងត្រជាក់នោះគឺមកពីភ្នំភ្លើង Marapi ដែលជាភ្នំភ្លើងដ៏សកម្មបំផុតមួយប្រចាំនៅកោះ Sumatra។ នៅពេលភ្នំភ្លើងនេះផ្ទុះឡើង កាលពីចុងឆ្នាំ២០២៣ មនុស្សជាង២០នាក់បានបាត់បង់ជីវិត។ ចាប់តាំងពីពេលនោះមក វាក៏បានបញ្ចេញសកម្មភាពផ្ទុះ ជាបន្តបន្ទាប់ទៀតផងដែរ។ ទីភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយនៃប្រទេសឥណ្ឌូណេស៉ី BNPB បាននិយាយថា ខ្លួននឹងផ្តោតការស្វែងរកអ្នកបាត់ខ្លួន នៅតាមតំបន់ដែលនៅក្បែរៗដងទន្លេ ហើយសម្អាតថ្មធំៗ ព្រមទាំងកម្ទេចកម្ទីផ្សេងៗ និងភក់ដែលនាំមកដោយទឹកជំនន់ ចេញពីផ្លូវជាតិសំខាន់ៗ។
ផ្ទះសម្បែងយ៉ាងហោច២៤៩ខ្នង ផ្ទៃដី២២៥ហិកតា រួមមានទាំងវាលស្រែ ហើយនិងស្ពាន១៩ខ្សែ រួមជាមួយផ្លូវជាតិសំខាន់ៗ ភាគច្រើន បានរងការខូចខាត នៅក្នុងស្រុកចំនួន៣ និងក្រុងចំនួន១៕ ដោយធីរីណា
រូបថត: AFP