លោក Le Hoang Chau ប្រធានសមាគមអចលនទ្រព្យ ក្រុងហូជីមិញប្រទេសវៀតណាម បានឱ្យដឹងថា ការផ្គត់ផ្គង់មានតិចតួចអាចជំរុញឱ្យតម្លៃផ្ទះកើនឡើងនៅឆ្នាំនេះ។
លោកប្រធានសមាគមខាងលើបាននិយាយនៅក្នុងសិក្ខាសាលាមួយកាលពីថ្ងៃអង្គារថា នៅក្នុងត្រីមាសចុងក្រោយនេះមានតែគម្រោងអាផាតមិនមួយប៉ុណ្ណោះដែលមានចំនួន 200 យូនីត និងគម្រោងលំនៅដ្ឋានពាណិជ្ជកម្មថ្មីមួយដែលមានផ្ទៃដី 3,600 ម៉ែត្រការ៉េ ដែលត្រូវបានផ្តល់អាជ្ញាប័ណ្ណឱ្យសាងសង់។
លោកបន្តថានៅឆ្នាំនេះមិនទាន់មានគម្រោងផ្ទះល្វែងត្រូវបានអនុម័តឲដាក់លក់ឡើយរហូតមកដល់ពេលនេះ។
លោក Le Hoang Chau បានបញ្ជាក់បន្ថែមថា ចំពោះ លំនៅដ្ឋានសម្រាប់រស់នៅគឺ មានតែ 250 យូនីតប៉ុណ្ណោះនៅក្នុងគម្រោងដែលមានស្រាប់ត្រូវបានបញ្ចូលទៅក្នុងទីផ្សារ ហើយមិនមានគម្រោងថ្មីត្រូវបានផ្តល់អាជ្ញាប័ណ្ណកាលពីត្រីមាសមុននោះទេ ដោយសារតែមានការផ្គត់ផ្គង់តិចតួចបែបនេះទើបធ្វើឲ្យតម្លៃអចលនទ្រព្យនៅតែរក្សាតម្លៃថ្លៃដដែរ ហើយថែមទាំងអាចកើនឡើងទៀតតផង។
ប៉ុន្តែ ប្រសិនបើការធ្វើវិសោធនកម្មច្បាប់ភូមិបាលត្រូវបានអនុវត្តនៅឆ្នាំនេះ ការផ្គត់ផ្គង់អាចនឹងមានភាពប្រសើរឡើង។បទប្បញ្ញត្តិថ្មីនេះអនុញ្ញាតឱ្យសាងសង់លំនៅឋានពាណិជ្ជកម្មលើដីលំនៅដ្ឋានផង និងប្រភេទដីផ្សេងៗទៀត ខណៈបច្ចុប្បន្ន នេះផ្ទះពាណិជ្ជកម្មអាចសាងសង់បានតែនៅលើដីលំនៅដ្ឋានប៉ុណ្ណោះ។
នៅក្នុងសិក្ខាសាលាជាមួយគ្នានេះ សាស្ត្រាចារ្យបណ្ឌិត Phung Quoc Hien អតីតអនុប្រធានរដ្ឋសភាបាននិយាយថា ការប្រើប្រាស់ និងគ្រប់គ្រងដីធ្លីនៅ ទីក្រុងហូជីមិញ មិនមានប្រសិទ្ធភាពទេ។
ទីក្រុងនេះខ្វះដីសម្រាប់សង់លំនៅដ្ឋានសង្គម មធ្យោបាយធ្វើដំណើរ ការថែទាំសុខភាព ការអប់រំ និងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ហើយក៏មិនមានយន្តការជំរុញការផ្គត់ផ្គង់ទេ ប៉ុន្តែតម្លៃដីឡើងខ្ពស់ខ្លាំងណាស់។ប្រសិនបើតម្លៃដីនៅតែបន្តឡើងថ្លៃ វានឹងធ្វើឲ្យប៉ះពាល់ដល់ការវិនិយោគសាងសង់លំនៅឋានណាស់៕