ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសថា គម្រោង«ព្រែកជីកហ្វូណនតេជោ»ជាគំនិតផ្តួចផ្តើមរបស់កម្ពុជាសុទ្ធសាធ មិនមែនជាគំនិតផ្តួចផ្តើមពីចិននោះឡើយ។ សម្រាប់សម្តេច គម្រោងនេះនឹងក្លាយជា ជន្ទល់ និងឯករាជ្យនៃ សេដ្ឋកិច្ចកម្ពុជា សម្រាប់ថ្ងៃអនាគតដែលទាមទារត្រូវតែសាងសង់សម្រាប់កូនខ្មែរជំនាន់ក្រោយ។ ការថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងថ្លែងសារពិសេសស្តីពី “ព្រែកជីកហ្វូណនតេជោ” នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ។
សម្តេចតេជោ ជាថ្មីម្តងទៀត បានថ្លែងច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយចោទប្រកាន់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺដើម្បីបម្រើដល់កងទ័ពរបស់ចិន ព្រោះគម្រោងនេះតូចមិនអាចឱ្យនាវាយោធាអាចឆ្លងកាត់បាននោះទេ។ សម្តេចបានចាត់ទុកការចោទនេះ គឺជានយោបាយប្រឆាំងចិន ហើយស្នើសុំឱ្យបញ្ចប់ការមួលបង្កាច់នេះ។
សម្ដេចតេជោ ថ្លែង សារជាថ្មីថា សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ គឺមិនមានក្ដីបារម្ភណាមួយចំពោះបញ្ហាបរិស្ថាន និងសង្គមនោះទេ ដូច្នេះកម្ពុជាត្រូវតែអនុវត្តគម្រោងព្រែកជីកនេះឱ្យខាងតែបាន៕ដោយ៖តារា