ទីក្រុងសេអ៊ូល៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមអាហារថ្ងៃត្រង់ផ្លូវការ រៀបចំដោយ ឯកឧត្តម យូន ស៊ុកយ៉ល (YOON Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ និងលោកស្រី នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។
សូមជម្រាបជូនថា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ ចាប់ពី ថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ។
គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងបន្តបេសកកម្ម ការទូតក្រៅប្រទេស ជាលើកទី១៥ ក្នុងគោលបំណងដើម្បីបន្តពង្រឹង ចំណងមិត្តភាពជាមួយប្រទេសក្នុងតំបន់អាស៊ាន និងសកល ដោយពង្រីកនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន ។
ក្នុងឱកាសនៃទស្សនកិច្ចនេះ មានជំនួបទ្វេភាគីជាមួយ លោកប្រធានាធិបតី យូន ស៊ុកយ៉ល ពិភាក្សាស៊ីជម្រៅលើភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការពហុវិស័យ ដើម្បីលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យមានភាពស្និទ្ធស្នាលបន្ថែមទៀត៕ដោយ៖តារា