ភ្នំពេញ÷ ជាទម្លាប់ នៅមុនពេលការប្រឡងនីមួយៗលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡង ប្រជែង តែងតែដឹកនាំកិច្ចប្រជុំធ្វើវឌ្ឍនភាពការងារ និងជម្រះមន្ទិល ឬបញ្ហាប្រឈមនានា ឆ្ពោះទៅកាន់ការប្រឡងប្រជែងនីមួយៗ។ ជាក់ស្តែង នាព្រឹកថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០២៤ កិច្ចប្រជុំដើម្បីធ្វើវឌ្ឍនភាពត្រូវបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងអង្គភាពប្រឆាំងអំពើពុក រលួយ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ដែលជាប្រធាន អនុប្រធាន និងសមាជិក នៃគណៈកម្មការ និងអនុគណៈកម្មការការប្រឡងប្រជែងជ្រើសរើសគ្រូនបង្រៀននៅអនុវិទ្យាល័យ វិញ្ញាសាសរសេរលើកទី២។
ស្របពេលជាមួយនឹងការធ្វើរបាយការណ៍វឌ្ឍនភាព អង្គ ប្រជុំក៏បានចែករំលែកនូវមតិយោបល់ប្រហាក់ប្រហែល គ្នាថា កន្លងមកគណៈកម្មការរៀបចំការប្រឡងប្រជែង ក៏ដូចជាក្រុមការងារនៃក្រសួងមុខងារសាធារណៈ បានអនុវត្តការងារយ៉ាងល្អិតល្អន់ និងទទួលបានការសាទរ ពីប្រជាពលរដ្ឋ ជាពិសេសបេក្ខជន និងអាណាព្យាបាល ដែលបានចូលរួមប្រឡងប្រជែង ស្របនឹងគោលការណ៍ថ្មីនេះ។ ទោះបីជាយើងមានការគិតគូរល្អិតល្អន់យ៉ាង ណាក៏ដោយ បញ្ហាប្រឈមនានាតែងតែកើតឡើងចំពោះមុខ ជាពិសេសការប្រឡងលើកចុងក្រោយនេះ ដែលមានបរិមាណបេក្ខជនចូលរួមយ៉ាងច្រើនដែលយើងមិនធ្លាប់ជួបប្រទះ ធ្វើឱ្យយើងជួបបញ្ហាប្រឈមដែលត្រូវដោះស្រាយជាបន្តបន្ទាប់។ ដូច្នេះលទ្ធផលនៃកិច្ចប្រជុំនេះ មានសារៈសំខាន់ចំពោះការងារឆ្ពោះទៅមុខ ទៅលើការរៀបចំប្រឡងប្រជែងលើកទី២ ក្នុងការប្រឡងប្រជែងជ្រើសរើសបេក្ខជនចំនួន ៤៤១នាក់ ឱ្យចូលបង្រៀននៅអនុវិទ្យាល័យ ក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា។
តាមរយៈកិច្ចប្រជុំនេះឧបនាយករដ្ឋមន្ត្រី បានកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសទាំងអស់ ដែលមាននៅក្នុងគណៈកម្មការ និងអនុគណៈកម្មការនីមួយៗ ប្រកបដោយសាមគ្គីភាព និងការសហការគ្នាបានល្អប្រសើររវាងក្រុមការងារ ដែលបានធ្វើឱ្យដំណើរការប្រឡងសម្រាំងលើកទី១ កាលពីថ្ងៃទី២ ដល់ទី៥ ខែ ឧសភា ឆ្នាំ២០២៤ កន្លងមក ដែលមានបេក្ខជនសរុប ៣៣ ៣១៤នាក់ ដោយទទួលបានសម្រាំងបេក្ខជនចំនួន ១ ៣៧៩នាក់ សម្រាប់ប្រឡងវិញ្ញាសាសរសេរលើទី២ បានបញ្ចប់ដោយរលូន ដូចការគ្រោងទុក។
លោកឧបនាយករដ្ឋមន្ត្រីក៏បាន ថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គភាពប្រឆាំងអំពើពុករលួយ ចំពោះកិច្ចសហការនាពេលកន្លងមក ជាពិសេសការចែករំលែកនូវបទពិសោធក្នុងការគាំទ្រការរៀបចំដំណើរការប្រឡងមួយនេះ៕