អាជ្ញាធរជាតិអប្សរាធ្វើបទបង្ហាញស្តីពី ការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្របុរាណក្នុងតំបន់អង្គរ ដល់និស្សិតកម្ពុជា និងនិស្សិតសិង្ហបុរី ចំនួន៤១នាក់

ចែករំលែក៖

ខេត្តសៀមរាប÷ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធនៃអាជ្ញាធរជាតិអប្សរា បានរៀបចំធ្វើបទបង្ហាញស្តីពី ការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្របុរាណតំបន់អង្គរដល់និស្សិតសិង្ហបុរីនៃសាកលវិទ្យាល័យជាតិសិង្ហបុរីចំនួន២៦នាក់  និស្សិតកម្ពុជានៃសាកលវិទ្យាល័យបញ្ញាសាស្ត្រចំនួន១៤នាក់ និងសាស្រ្តាចារ្យសិង្ហបុរីចំនួន១នាក់ សរុបចំនួន៤១នាក់ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំនាយកដ្ឋានសណ្តាប់ធ្នាប់។

លោក ឡៃ ប៉ូទី អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធបានមានប្រសាសន៍ថា បទបង្ហាញនេះ បានលើកឡើងនូវជីវប្រវត្តិនៃតំបន់អង្គរ ចាប់ពីការរីកចម្រើនខ្ពង់ខ្ពស់ រហូតដល់សម័យកាលបោះបង់ចោលទីក្រុងអង្គរ ដែលនាំឱ្យមានកង្វះការជួសជុលថែទាំ ធ្វើឱ្យប្រព័ន្ធធារាសាស្ត្របុរាណរងការខូចខាត ឈប់ដំណើរការ។ លោក ឡៃ ប៉ូទី បន្ថែមថា ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ការងារជួសជុលស្តារប្រព័ន្ធធារាសាស្ត្របុរាណដែលអត់ដំណើរការជាង៥០០ឆ្នាំ ឱ្យមានដំណើរការឡើងវិញ និងអាចគ្រប់គ្រងចាត់ចែងទឹកបានប្រើប្រាស់គ្រប់គ្រាន់ ពោលគឺនៅរដូវប្រាំងឱ្យមានទឹកជាប្រចាំ ហើយនៅរដូវវស្សាគឺការពារកុំឱ្យមានទឹកជំនន់ទាំងក្នុងតំបន់អង្គរ និងក្រុងសៀមរាបទាំងមូលដែរ។

លោក ឡៃ ប៉ូទី ឱ្យដឹងទៀតថា ការធ្វើបទបង្ហាញនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការចែករំលែកបទពិសោធន៍ការងារក្នុងតំបន់បេតិកភណ្ឌ និងចំណេះដឹងការគ្រប់គ្រងទឹកនិងការស្តារប្រព័ន្ធធារាសាស្ត្របុរាណនៅតំបន់អង្គរឱ្យមានដំណើរការឡើងវិញ ព្រោះថា ប្រទេសជិតខាងមានការចាប់អារម្មណ៍ខ្លាំងទៅលើកិច្ចការងារគ្រប់គ្រង អភិរក្សប្រព័ន្ធធារាសាស្ត្រនៅក្នុងតំបន់អង្គរយើង និងបានផ្សព្វផ្សាយនូវកេរដំណែលរបស់ដូនតាយើងនាសម័យអង្គរដែលមានភាពល្បីល្បាញឈានដល់កម្រិតកំពូលផ្នែកធារាសាស្រ្ត ដែលមានដូចជា បារាយណ៍ស្តុកទឹក ប្រព័ន្ធធារាសាស្ត្រខ្វាត់ខ្វែង។ នេះជាការចែករំលែកចំណេះដឹងដល់និស្សិតខ្មែរនិងនិស្សិតប្រទេសសិង្ហបុរីឱ្យយល់ដឹងបច្ចេកវិទ្យាបុរាណរបស់ខ្មែរមានភាពទំនើបបែបណា បើធៀបទៅនឹងប្រទេសទូទាំងពិភពលោកក្នុងអំឡុងសតវត្សរ៍ទី៩ ទី១០ ដល់សតវត្សរ៍ទី១៥ ក្នុងសម័យអង្គរដែលរុងរឿងលើគ្រប់វិស័យ ពិសេសការរៀបចំប្រព័ន្ធធារាសាស្ត្រ បើធៀបទៅបណ្តាតំបន់ផ្សេងៗ គឺចក្រភពខ្មែរមុនគេ។ 

បន្ទាប់ពីធ្វើបទបង្ហាញរួច អាជ្ញាធរជាតិអប្សរាបានដឹកនាំនិស្សិតទៅសិក្សាស្វែងយល់ដោយផ្ទាល់នូវប្រព័ន្ធធារាសាស្ត្រមួយចំនួនសំខាន់ៗនៅក្នុងតំបន់អង្គរ ដែលអាជ្ញាធរជាតិអប្សរាបានជួសជុលនិងស្តារឡើងវិញ។ ស្វែងយល់ពីរបៀបចាត់ចែងប្រព័ន្ធទឹក ប្រភពទឹកបង្ហាញថា រដូវប្រាំងជារដូវរីងស្ងួតទូទាំងប្រទេស តែក្នុងតំបន់អង្គរអាចរក្សាទឹកបានជាប្រចាំ៕ ដោយសហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print