គណបក្សប្រជាជនកម្ពុជា គោរពអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌នៃការបោះឆ្នោត និងគោរពលទ្ធផលនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃអាទិត្យ ៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ខាងមុខនេះ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដែលជាការបោះឆ្នោតមួយដ៏មានសារៈសំខាន់សម្រាប់ការបន្តជំរុញដំណើរការអភិវឌ្ឍសង្គមជាតិយើង ពិសេស ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ទោះបីការបោះឆ្នោតនេះជាការបោះ ឆ្នោតអសកល ប៉ុន្តែគឺជាការបោះឆ្នោតដែលកើតចេញពីឆន្ទៈរបស់ប្រជាជនកម្ពុជាពិតប្រាកដ ព្រោះថា សមាជិក សមាជិកានៃក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង ដែលជាអ្នកបោះឆ្នោតផ្ទាល់ គឺជាអ្នកតំណាងដ៏ ឧត្តុង្គឧត្តមរបស់ប្រជាជនដែលបានប្រសូត្រចេញពីឆន្ទៈរបស់ប្រជាជន។

គណបក្សប្រជាជនកម្ពុជា សូមប្រកាសជាឱឡារិកនូវការចូលរួមក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នេះ ដោយគោរពអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌នៃការបោះឆ្នោត និងគោរពលទ្ធផលនៃការបោះឆ្នោត។ គណបក្សប្រជាជនកម្ពុជាចូលរួមជាមួយបណ្តាគណបក្សនយោបាយ មជ្ឈដ្ឋានចម្រើនជឿនលឿននានាក្នុង សង្គម និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាបរិយាកាសនយោបាយសម្រាប់ការបោះឆ្នោត ឱ្យប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី យុត្តិធម៌ មានសណ្តាប់ធ្នាប់ល្អ និងសុវត្ថិភាព។

គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាអនុវត្តកម្មវិធីនយោបាយរបស់ខ្លួន ដែលបានប្រកាសជូនបង ប្អូនជនរួមជាតិរួចហើយឱ្យបានសម្រេចជោគជ័យទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ ដើម្បីធានា ដល់ការថែរក្សាសន្តិភាព និងស្ថិរភាព ការការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងកសាងព្រះ រាជាណាចក្រកម្ពុជាជារដ្ឋប្រជាធិបតេយ្យសេរី ពហុបក្សដ៏រឹងមាំដែលផ្អែកលើច្បាប់ មានការគោរពសិទ្ធិ មនុស្សយ៉ាងខ្ជាប់ខ្ជួន មានសេដ្ឋកិច្ចរីកចម្រើនលឿន ធ្វើឱ្យប្រជាជនកម្ពុជាគ្រប់ក្រុមគ្រួសារមានជីវភាព កាន់តែល្អប្រសើរឡើង ឥតឈប់ឈរ និងរស់នៅយ៉ាងសុខដុមរមនាក្នុងសង្គម។

សម្តេចតេជោ បានលើកឡើងថា ៖ ក្នុងស្មារតីនេះ ខ្ញុំសូមអំពាវនាវដល់លោក លោកស្រី ជាសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងទាំងអស់នៅទូទាំងប្រទេស សូមអញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រ គណបក្ស ប្រជាជនកម្ពុជា ដែលមានរូបសញ្ញា ទេវតាបាចផ្កា ជាសញ្ញាសម្គាល់នៅលើសន្លឹកឆ្នោត ឱ្យបាន គ្រប់ៗគ្នា។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺធានាជោគវាសនាដ៏រុងរឿងរបស់ប្រទេសជាតិ ប្រជាជន និងខ្លួនឯងផ្ទាល់ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print