អ្នកជំនាញជួសជុលនៅប្រាសាទជម ខិតខំស្វែងរកប្រភពដើមថ្ម ដែលជ្រុះធ្លាក់រាយប៉ាយមកជួសជុលឡើងវិញ

ចែករំលែក៖

ខេត្តសៀមរាប ៖ ក្រុមការងារជួសជុលប្រាសាទជម បានបំពេញការងារសម្រង់ប្លង់ ថតរូប រៀបចំចុះបញ្ជីថ្ម រាប់រយដុំ ដែលបានជ្រុះធ្លាក់រាយប៉ាយនៅលើដី និងបែងចែកទៅតាមប្រភេទថ្ម ដើម្បីស្វែងរកទីតាំងដើម ហើយនឹងរៀបចំជួសជុលប្រាសាទនេះឱ្យបានពេញលេញតាមលក្ខណៈដើមឡើងវិញ ដោយព្យាយាមប្រើប្រាស់ថ្មថ្មីតិចបំផុត។ បច្ចុប្បន្ន ក្រុមការងារកំពុងសាកល្បងផ្គុំថ្មទៅតាមលំនាំដើមបានចំនួនជាង២០០ដុំ ក្នុងចំណោមថ្មប្រមាណ៧០០ដុំ ដែលបន្តស្វែងរកទីតាំងដើម។

ស្ថាបត្យករនៃអាជ្ញាធរជាតិអប្សរា លោក ថៃ យ៉ាម៉ង់ ដែលកំពុងរៀបចំផ្គុំសាកល្បងថ្មនៅបរិវេណខាងជើងប្រាសាទបានឱ្យដឹងថា ចំនួនថ្មរាប់រយដុំទាំងអស់នេះ កាលមុនរៀបចំជួសជុល គឺស្ថិតនៅក្នុងបរិវេណប្រាសាទ ខ្លះកប់ក្នុងដី និងខ្លះទៀតនៅគរលើគ្នា។ ក្រោយមកក្រុមការងារបានថតរូប ចុះបញ្ជី សម្រង់ប្លង់ និងរើយកមកថ្មទាំងនោះដាក់នៅខាងក្រៅបរិវេណប្រាសាទ ដើម្បីងាយស្រួលបំពេញការងារ។ ជាមួយគ្នានេះដែរ ក្រុមការងារក៏បានកំណត់អត្តសញ្ញាណ និងវាស់វែងដុំថ្មនីមួយៗ ព្រមទាំងបានបែងចែកទៅតាមប្រភេទដូចជាថ្មហោជាង ថ្មដំបូល ថ្មខឿន និងថ្មជញ្ជាំងជាដើម មុននឹងសាកល្បងផ្គុំទៅតាមបច្ចេកទេសនិងទម្រង់របស់ថ្មនីមួយៗនៃប្រាសាទ។

លោក ថៃ យ៉ាម៉ង់ បញ្ជាក់ទៀតថា មកដល់ពេលនេះ ក្រុមការងារបានរកឃើញថ្ម និងបានផ្គុំសាកល្បងត្រូវតាមលំនាំដើមរបស់រចនាសម្ពន្ធនៃប្រាសាទ ក្នុងនោះមានហោជាងទាំង៤ទិស និងថ្មកំពូលប្រាសាទមានរាងជាផ្កាឈូក ថ្មខឿន ថ្មជញ្ជាំង ថ្មកំពូលជាដើម។

ទោះបីមានការលំបាកយ៉ាងណាក្តី ក្រុមការងារនៅតែបន្តខិតខំប្រឹងប្រែងស្វែងស្វែងរកថ្មដែលជ្រុះធ្លាក់លាយឡំគ្នាទាំងនេះ។ ចំពោះបញ្ហាដែលថ្មខ្លះពុកផុយ ខ្លះបាក់បែក និងខ្លះទៀតសឹករិចរិលរលុបនូវក្បាច់ធ្វើឱ្យពិបាកបែងចែកប្រភេទ និងពិបាកកំណត់ប្រភពនៃទីតាំងដើម គឺក្រុមការងារត្រូវការចំណាយពេលវេលាមួយសមស្រប ដើម្បីជួសជុល និងស្វែងយល់ឱ្យបានគ្រប់ជ្រុងជ្រោយ។ ការព្យាយាមរបស់អ្នកជួសជុល និងអភិរក្សជំនាន់ថ្មីនេះ ដើម្បីការពារ និងលើកតម្លៃប្រាសាទជម ដែលជាកេរដូនតាខ្មែរឱ្យបាននូវលក្ខណៈដើមឡើងវិញ និងគង់វង្សបានយូរអង្វែងតទៅទៀត៕

...

ប្រភព ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print