ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញដឹក នាំប្រតិភូក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីតំណាងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍសហអន្តរជាតិ តំណាងអង្គការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ រដ្ឋបាលស្រុក និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល សហគមន៍ និងអាជ្ញាធរដែនដី។
ក្នុងដំណើរទស្សនកិច្ចនេះ បណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី និងប្រតិភូ បានចុះពិនិត្យការបង្រៀនរបស់គ្រូ បង្រៀនថ្នាក់ទី២ និងទី៣ ដើម្បីពិនិត្យមើលការអនុវត្តកញ្ចប់សម្ភារៈអំណាន និងវិធីសាស្ត្របង្រៀនថ្មី ប្រកប ដោយអន្តរកម្មរវាងសិស្ស និងគ្រូ។ គ្រូបង្រៀនថ្នាក់ទី៣ បានទទួលការបណ្ដុះបណ្ដាលរយៈពេល ១០ថ្ងៃ និងទទួលបានកញ្ចប់សម្ភារៈអំណានថ្នាក់ទី៣ ដែលរួមមាន សៀវភៅណែនាំគ្រូ សៀវភៅជំនួយសិស្ស សៀវភៅហ្វឹកហាត់ និងសៀវភៅរឿងខ្លីៗ។ ការរៀបចំកញ្ចប់សម្ភារៈអំណាននេះឡើង ដើម្បីជួយសិស្សមានសៀវភៅស្វ័យសិក្សាបន្ថែមកាន់តែច្រើនជាងមុន។
បន្ទាប់ពីបានពិនិត្យមើលការបង្រៀននិងរៀនបណ្ឌិត សភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្ដីពីការដាក់ឱ្យអនុវត្តកញ្ចប់សម្ភារៈអំណានថ្នាក់ទី៣ ដោយរួមមាន៖ ១) បទបង្ហាញ ស្ដីពីសាវតារនៃការអភិវឌ្ឍ និងអនុវត្តសាកល្បងកញ្ចប់សម្ភារៈអំណានថ្នាក់ទី៣ ដោយតំណាងនាយកដ្ឋានបឋមសិក្សា ២) បទបង្ហាញ ស្ដីពីការវាយតម្លៃការអនុវត្តកញ្ចប់សម្ភារៈអំណានថ្នាក់ទី៣ ដោយតំណាងនាយកដ្ឋានធានាគុណភាពអប់រំ។
លោកស្រី Kerry Pelzman នាយិកាបេសកកម្មនៃទីភ្នាក់ងារជំនួយអាមេរិក USAID មានប្រសាសន៍ថា ៖”ការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកញ្ចប់អំណានថ្នាក់ទី៣ គឺជាសក្ខីភាពមួយ បង្ហាញពីកិច្ចខិតខំប្រឹងបប្រែងសហការរវាងគម្រោងអប់រំបរិយាបន្ននៅបឋមបសិក្សា នៃទីភ្នាក់ងារជំនួយអាមេរិក USAID និង ក្រសួងអប់រំ យុវជន និង កីឡា។ ព្រឹត្តិការណ៍សំខាន់នេះ គូស បញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់យើងទាំងអស់គ្នា ក្នុងការធ្វើឱ្យប្រសើរឡើងការអប់រំកម្រិតថ្នាក់ដំបូងនៅកម្ពុជា និង ផ្ដល់នូវជំនាញសំខាន់ៗ ឈានទៅរកភាពជោគជ័យក្នុងការសិក្សារបស់សិស្សថ្នាក់ទី៣”។
ក្រោយពីបានស្តាប់បទបង្ហាញរបស់នាយកដ្ឋានជំនាញ និងចំណាប់អារម្មណ៍របស់តំណាងទីភ្នាក់ងារសហរដ្ឋ អាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ បណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ អំពីសាវតារនៃការអភិវឌ្ឍកញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង។ ប្រទេសកម្ពុជាបានឆ្លងកាត់ប្រវត្តិសាស្ត្រជូរចត់ ដោយធនធានគ្រូបង្រៀនត្រូវបានសម្លាប់ស្ទើរអស់ក្នុងរបប ប៉ុល ពត។ ក្រោយថ្ងៃរំដោះ ៧ មករា១៩៧៩ រដ្ឋាភិបាលបានរៀបចំប្រព័ន្ធអប់រំឡើងវិញ ដោយយកអ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះ ដោយគុណវុឌ្ឍិគ្រូបង្រៀនមានកម្រិតទាបណាស់។ ប្រព័ន្ធបណ្ដុះបណ្ដាលគ្រូត្រូវបានអភិវឌ្ឍបន្តិចម្ដងៗ ពី ៤+១, ៧+១, ៨+១, ៩+២, ១២+២ និងបច្ចុប្បន្នដំឡើងដល់ ១២+៤។ ចំពោះការរៀនភាសាខ្មែរនៅកម្រិតថ្នាក់ដំបូង ក៏យើងមានការវិវត្តដែរពីមួយជំនាន់ទៅមួយជំនាន់ ជា ពិសេសនៅឆ្នាំ១៩៩៦ ការបង្រៀនភាសាខ្មែរថ្នាក់ទី១ ត្រូវបានប្តូរពីវិធីសាស្ត្របង្រៀនបែបផ្សំប្រកប ទៅជាវិធីសាស្ត្របង្រៀនសរុប។ តាមរយៈរបាយការណ៍វាយ តម្លៃនៅឆ្នាំ២០១៥ បង្ហាញថា លទ្ធផលសិក្សារបស់សិស្សនៅមានកម្រិតមិនទាន់ឆ្លើយតបនឹងការចង់បានរបស់រាជរដ្ឋាភិបាល។
កញ្ចប់សម្ភារៈអំណានថ្មីនេះ រៀបចំឡើងដោយមានសៀវភៅណែនាំគ្រូ សៀវភៅជំនួយសិស្ស សៀវភៅរឿងខ្លីៗ ជាជំនួយដល់ការដឹកនាំការបង្រៀនរបស់គ្រូ និងការរៀនរបស់សិស្ស។ ដោយឡែកវិធីសាស្ត្របង្រៀនវិញ មានលក្ខណៈសកម្ម អន្តរកម្មរវាងសិស្សគ្រូ និងជួយឱ្យសិស្សមានភាពក្លាហាន ចូលរួមគ្រប់សកម្មភាពរៀន និងបង្រៀន ទន្ទឹមនឹងការអភិវឌ្ឍកញ្ចប់សម្ភារៈអំណាន ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការដៃគូពាក់ព័ន្ធ បានធ្វើការបណ្ដុះបណ្ដាលគ្រូបង្រៀន និងអ្នកពាក់ព័ន្ធស្ដីពីការអនុវត្តកញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង និងវិធីសាស្ត្របង្រៀន។
អ្វីដែលជាការកត់សម្គាល់ឃើញ គ្រូបង្រៀនអនុវត្តតាមលំនាំបង្រៀនដែលបានណែនាំ សិស្សមានសៀវភៅជំនួយសម្រាប់អានបន្ថែម សាលារៀនមានបណ្ណាល័យស្តង់ដា ទីប្រឹក្សាគរុកោសល្យចុះជួយគ្រូជាប្រចាំ មាតា បិតា អ្នកអាណាព្យាបាលជំរុញកូនចៅអានបន្ថែមនៅផ្ទះ នោះលទ្ធផលនៃការសិក្សារបស់សិស្សនឹងប្រសើរឡើង ពោលគឺសិស្សរៀនចេះអាន សរសេរ នៅកម្រិតថ្នាក់បដំបូង។ ក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្ត ដល់គណៈគ្រប់គ្រងសាលារៀនឱ្យអនុវត្តសកម្មភាពក្រៅ ម៉ោងសិក្សា យ៉ាងតិច ២ម៉ោងមួយថ្ងៃ អនុវត្តវិធីសាស្ត្រអំណានក្នុងបណ្ណាល័យ បន្តលើកទឹកចិត្តគ្រូបង្រៀនឱ្យអនុវត្តកញ្ចប់សម្ភារៈអំណានជាប្រចាំ ពិសេសគ្រូបង្រៀនល្អភាសាខ្មែរថ្នាក់ទី១ ទី២ និងទី៣ ដែលជាសកម្មភាពសំខាន់ៗ នៃការអនុវត្តស្តង់ដាសាលាបឋមសិក្សាគំរូ។
សារជាថ្មីម្ដងទៀតបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍអន្តរជាតិ ដែលបានឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍ និងអនុវត្តកញ្ចប់សម្ភារៈអំណានថ្នាក់ដំបូងនាពេលកន្លងមក និងជាពិសេសសម្រាប់ថ្នាក់ទី៣ នាពេលនេះ និងសូមអរគុណដល់គណៈកម្មការគ្រប់គ្រងសាលារៀន គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល សហគមន៍ អាជ្ញាធរដែនដី ដែលបានយកចិត្តទុកដាក់ក្នុងការដឹកនាំគ្រប់ គ្រងសាលារៀន ការបង្រៀន និងរៀន និងការសិក្សារបស់កូនចៅ នៅកម្រិតថ្នាក់ដំបូងដែលជាមូលដ្ឋានគ្រឹះសម្រាប់ការសិក្សានៅកម្រិតថ្នាក់បន្តបន្ទាប់ទៀត៕